សិស្សស្រី ៨ នាក់វាយតប់គ្នាផ្អើលហ្វេសប៊ុកថ្ងៃមុន ត្រូវស្នងការហៅវាស់កម្ពស់ ធ្វើកិច្ចសន្យាអប់រំជំនួសមុខឪពុកម្តាយហើយ
នៅព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារជូនដំណឹងពាក់ព័ន្ធនឹងករណីសិស្សសាលាចំនួន ៨ នាក់ វាយតប់គ្នាបណ្ដាលឱ្យភាគីម្ខាងរងរបួស និង ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការណែនាំ អប់រំ ព្រមទាំងធ្វើកិច្ចសន្យាហើយ។
យោងតាមស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ វេលាម៉ោងប្រមាណជា ៩ ព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនសិស្សចំនួន ៨ នាក់ ពាក់ព័ន្ធនឹងករណីវាយគ្នាទៅវិញទៅមក បណ្ដាលឱ្យភាគីម្ខាងរងរបួសស្នាម ដែលប្រព្រឹត្តទៅនៅចំណូចដីឡូត៍លេខ ៣១ D ផ្លូវលេខ ២៧១ ក្រុមទី ១ ភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ។
ជាមួយគ្នានេះដែរ ស្នងការក៏បានបញ្ជាក់ដែរថា ដោយមានការសម្របសម្រួលពីព្រះរាជាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចណែនាំ អប់រំ ដោះស្រាយ និង ធ្វើកិច្ចសន្យាបញ្ចប់រឿងដល់សិស្សទាំង ៨ នាក់ ព្រមទាំងមានការធានាពីអាណាព្យាបាលនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដែរ។
គួរបញ្ជាក់ដែរថា ក្រោយពីបានណែនាំ អប់រំ និង ធ្វើកិច្ចសន្យារួចមក បច្ចុប្បន្នសិស្សទាំង ៨ នាក់នោះត្រូវបានសមត្ថកិច្ចប្រគល់ជូនលោកនាយកសាលា ដើម្បីអប់រំបន្តទៀត៕
ប្រភព និង រូបភាពដោយ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ