ពពោះកូនទី ៣ ជិតគ្រប់ខែ ហង្ស ម៉ារីនី នៅតែរឹងមាំ បន្តការរកស៊ីលុយហូរចូលដូចទឹក
បើទោះជាស្ងប់ស្ងាត់លើវិថីសិល្បៈអស់ជាច្រើនឆ្នាំ ក្រោយពីសាងគ្រួសារ និង ទទួលបានកូនប្រុសស្រីជាចំណងដៃហើយនោះ អតីតតារាសម្តែង ហង្ស ម៉ារីនី ក៏នៅតែត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកពីជីវិតឯកជនរបស់អ្នកនាងដូចដើម។ បច្ចុប្បន្នបើទោះជាមិនបានរកប្រាក់កម្រៃពីការងារសិល្បៈក៏ពិតមែន តែអ្នកនាង ហង្ស ម៉ារីនី គឺជាអ្នកជំនួញរកស៊ីនៅលើអនឡាញដ៏ល្បីឈ្មោះ។
បើត្រឡប់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រអ្នកនាង ហង្ស ម៉ារីនី ទើបតែចូលរួមអបអរសាទរអ្នកនាង និង ស្វាមី ទទួលបានសមាជិកថ្មីជាកូនស្រីទី ២ ក្រោយពីទទួលបានកូនច្បងជាប្រុសហើយនោះ។ ដោយឡែកមួយរយៈក្រោយនេះ អ្នកនាង ហង្ស ម៉ារីនី ប្រាប់ពីដំណឹងល្អថ្មីមួយទៀត ដោយអ្នកនាងត្រៀមសម្រាលកូនទី ៣ ឆាប់ៗនេះហើយ។
ជាការពិត ពពោះកូនទី ៣ នេះដែរ អ្នកនាង ហង្ស ម៉ារីនី ហាក់ស្ងប់ស្ងាត់មិនសូវបង្ហោះរូបភាពជាសាធារណៈដូចកាលកូនស្រីទី ២ នោះទេ តែមួយរយៈក្រោយនេះ អ្នកនាងបានទម្លាយរូបរាងពពោះជិតគ្រប់ខែតាមរយៈវីដេអូឡាយលក់ផលិតផលខ្លួន និង បញ្ជាក់ច្បាស់ៗថាជិតដល់ថ្ងៃសម្រាលហើយ។ ជាងនេះទៅទៀត ក្រឡេកទៅមើលអ្នកម៉ាក់អភិជន ហង្ស ម៉ារីនី នៅតែស្រស់ស្អាត និង មមាញឹកខ្លាំងក្នុងការរកស៊ីស្របពេលកំពុងពពោះទៀតផង៕