ខឹងឆ្កែខាំស៊ីសំបុត្រចូលមើលការប្រកួតបាល់វគ្គផ្ដាច់ព័្រត្រ លេងប្រកាសលក់ឆ្កែឡៃឡុងតាមហ្វេសប៊ុក
បុរសជនជាតិអង់គ្លេស ម្នាក់បានបង្ហោះសារជាលក្ខណៈលេងសើច បែបខឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ចង់លក់ឆ្កែឡៃឡុង ព្រោះខឹងនឹងឆ្កែខាំសំបុត្រចូលមើលការប្រកួតបាល់ទាត់វគ្គផ្ដាច់ព័្រត្រឡើងខ្ទេចខ្ទី។
បុរសម្នាក់មានឈ្មោះថា Alan Carling អាយុ ៣៣ ឆ្នាំ ដែលជាអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ Newcastle បានខកចិត្តក្រោយពីក្រុម Newcastle បានចាញ់ Liverpool ស្រាប់តែពេលមកដល់ផ្ទះត្រូវខឹងបន្ថែមទៀតពេលដឹងថា សំបុត្រសម្រាប់ចូលមើលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Carabao Cup របស់ Newcastle ប៉ះជាមួយនឹង Manchester United ត្រូវបានឆ្កែចិញ្ចឹមរបស់លោកខាំស៊ីលេងខ្ទេចខ្ទី ទាំងដែលនេះជាការប្រកួតពានរង្វាន់លើកទី ១ ក្នុងរយៈពេល ២៤ ឆ្នាំរបស់ក្លឹបសំណព្វចិត្តរបស់លោក។
ជាក់ស្ដែង Carling បានលើកឡើងថា ឆ្កែរបស់លោក ដែលមានឈ្មោះ Rudy បានខាំស៊ីលេងសំបុត្រចូលមើលការប្រកួត ដែលត្រូវបានគេផ្ញើមកផ្ទះដាក់តាមប្រអប់សំបុត្ររហែកខ្ទេចអស់ ទើបធ្វើឱ្យលោកខឹងផង ហួសចិត្តផង ដោយបានបង្ហោះសារបែបលេងសើចថា ៖ «បន្ទាប់ពីមើល Newcastle ចាញ់ដោយរបូតគ្រាប់បាល់ឱ្យ Liverpool ២ គ្រាប់ ហើយអ្នកចាំទីត្រូវគេបណ្ដេញចេញក្នុងតង់ទីមួយ។ Rudy គិតថាខ្ញុំនឹងសើចពេលដែលឃើញវាស៊ីសំបុត្រចូលមើលការប្រកួតវគ្គផ្ដាច់ព័ត្ររបស់ខ្ញុំ។ នេះគឺជាឆ្កែរបស់ខ្ញុំ Rudy ។ Rudy គឺជាកូនឆ្កែតូចមួយសម្រាប់លក់ £5 (៦ ដុល្លារអាមេរិក) o.n.o»។
យ៉ាងណាមិញ មើលទៅដូចជា Carling នឹងត្រូវខកខានការប្រកួតនៅកីឡដ្ឋាន Wembley ដែលជាការប្រកួតលើកដំបូងសម្រាប់ក្រុមដែលគាត់ចូលចិត្តចាប់តាំងពីឆ្នាំ ១៩៩៩ មកព្រោះតែ Rudy ឆ្កែសំណព្វចិត្តបានបំផ្លាញសំបុត្រខ្ទេចអស់ហើយ។ហើយលើសពីនេះអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ក៏បានផ្ទុះសំណើចពីរឿងនេះដែរ ខណៈដែលអ្នកខ្លះបានបង្ហាញការអាណិតចំពោះ Carling តាមរយៈការបញ្ចេញមតិ និង ការចែករំលែកបន្ត ដោយជូនពរឱ្យ Carling សំណាងល្អ អាចរកទិញសំបុត្រថ្មីសម្រាប់ចូលមើលការប្រកួត ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ៕
ប្រភព ៖ Money Control