ការហុចអាហារឲ្យកូនកាន់ញ៉ាំដោយខ្លួនឯង នាំមកនូវរឿង ៦ យ៉ាងដែលអ្នកស្មានមិនដល់ !
ការដែលឲ្យកូនតូចៗប្រើម្រាមដៃចាប់កាន់អាហារញ៉ាំដោយខ្លួនឯង គឺជារឿងសំខាន់មួយសម្រាប់ការរៀនសូត្រ និង លូតលាស់។ ដំបូងឡើយ ចូររៀបចំអាហារតូចៗដែលអាចឲ្យកូនអ្នកចាប់កាន់បាន នៅពេលគេអាយុចាប់ពី ៦ខែឡើង ដើម្បីអាចឲ្យគេចេះពីរបៀបស្វែងយល់ពីអាហារដែលគេអាចញ៉ាំបាន។ នៅពេលគេញ៉ាំអាហារដែលគេចូលចិត្តកាន់តែច្រើន នោះអាហារនឹងអាចផ្តល់ឲ្យគេនូវជីវជាតិកាន់តែច្រើនផងដែរ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗដែលឪពុកម្តាយគួរតែមានទម្លាប់ហុចអាហារឲ្យកូនកាន់ញ៉ាំដោយខ្លួនឯងខ្លះ៖
ជំរុញដល់ការចេះក្តាប់របស់ក្នុងដៃ
ទារកនឹងចេះព្យាយាមក្តាប់របស់នៅក្នុងដៃដោយប្រើម្រាមដៃទាំងអស់ ចាប់ពីគេអាយុបាន ៧ ទៅ១០ខែ។ ខណៈពេលដែលពួកគេកំពុងតែរៀនវិធីសាស្ត្រមួយនេះ ពួកគេច្រើនតែព្យាយាមសាកល្បងចាប់អាហារ ឬ របស់ទាំងឡាយដែលអាចចាប់បានដាក់ចូលមាត់ ដោយគេគិតថា វាគឺជាវិធីងាយស្រួលបំផុតដែលអាចធ្វើបាន និង រៀនចេះ។
សំខាន់សម្រាប់ការចេះនិយាយ
ការខាំចំណីអាហារ និង ទំពារអាហារអាចជួយឲ្យក្មេងលូតលាស់សាច់ដុំ និង ជំនាញសំខាន់ៗសម្រាប់ការនិយាយស្តី ព្រមទាំងពង្រឹងដល់សាច់ដុំនៅថ្គាមគេផងដែរ។ ចូរបញ្ចូលអាហារដែលមានលក្ខណៈខុសៗគ្នាឲ្យគេញ៉ាំចាប់ពី ផ្លែឈើទន់ រហូតដល់បន្លែរឹង ឬ ស្វិតខ្លះៗ ដើម្បីជួយជំរុញដល់ជំនាញនៃការនិយាយរបស់ក្មេង។
ជួយឲ្យក្មេងមិនសូវរើសអាហារច្រើននៅថ្ងៃក្រោយ
ការដែលឲ្យកូនកាន់ញ៉ាំអាហារច្រើនប្រភេទ និងច្រើនរសជាតិ ត្រូវបានគេអះអាងថា អាចជួយឲ្យគេក្លាយជាមនុស្សមិនសូវរើសអាហារច្រើននៅថ្ងៃអនាគត់ទេ។ នៅពេលកូនអាយុខ្ទង់ ៦ខែ គេទំនងជាអាចទទួលយកនូវរសជាតិ និង ប្រភេទអាហារកាន់តែច្រើន ដូច្នេះវាក៏ជាពេលវេលាដ៏ល្អដែលអ្នកគួរតែផ្តល់ឲ្យគេញ៉ាំអាហារច្រើនប្រភេទខុសៗគ្នាដែរ ជាពិសេសអាហារដែលមានជីវជាតិច្រើនទាំងបន្លែ និង ផ្លែឈើតែម្តង។
ជួយអភិវឌ្ឈន៍នូវការប្រើប្រាស់ដៃជាមួយភ្នែក
ការដែលឲ្យកូនប្រើដៃកាន់អាហារញ៉ាំដោយខ្លួនឯងនឹងផ្តល់ឲ្យគេនូវទំហំដែលគេអាចខាំញ៉ាំបាន ហើយស្រួលកាន់។ ដល់ពេលគេចេះវិធីនេះច្បាស់ហើយ អ្នកក៏អាចផ្តល់អាហារផ្សេងបន្ថែមទៀតឲ្យគេកាន់តែ តែអាចជាអាហារពិបាកបន្តិចដូចជា អាហារដែលរអិល។ ដូច្នេះគេនឹងអាចប្រើប្រាស់ភ្នែកកាន់តែច្រើនដើម្បីសម្លឹកមើលរបស់នោះ ហើយព្យាយាមកាន់វាឲ្យបាន។
ពង្រឹងដល់ការមានអារម្មណ៍ដឹង
នៅពេលអ្នកឲ្យកូនប្រើដៃកាន់អាហារញ៉ាំខ្លួនឯង អ្វីៗទំនងជាងាយនឹងប្រឡូកប្រឡាក់ច្រើនបន្តិចហើយ។ ប៉ុន្តែកុំបារម្ភអី នេះគ្រាន់តែជាបទពិសោធន៍ប៉ុណ្ណោះ។ នៅពេលអ្នកឲ្យគេញ៉ាំអាហារថ្មី គេអាចនឹងចង់ច្របាច់វាលេង ហិតក្លិន ឬ លេងអាហារនោះសិន ដែលវាសុទ្ធសឹងតែជាអ្វីដែលពង្រឹងដល់ជំនាញនៃការលូតលាស់អារម្មណ៍ដឹងរបស់គេទេ។ ប៉ុន្តែក្នុងនាមជាឪពុកម្តាយ អាចនឹងរវល់ច្រើនបន្តិចចំពោះរឿងនេះ។
ជំរុញដល់ការលូតលាស់ ទម្លាប់ញ៉ាំអាហារដោយឯករាជ្យ
ទារកមួយចំនួនមិនចូលចិត្តការបញ្ចុះអាហារដោយប្រើស្លាបព្រាឡើយ ដូច្នេះចូរឲ្យគេគ្រប់គ្រងរបៀបញ៉ាំដោយខ្លួនឯងដោយប្រើដៃទៅវិញ។ ដូច្នេះអ្នកអាចទុកចិត្តបានថា គេនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើនអំពីការញ៉ាំអាហារចៀសជាងការញ៉ាំដោយប្រើស្លាបព្រា៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ motherandbaby.co.uk
ឧបត្ថម្ភដោយ ៖ UniDry