ការធ្លាក់ឈាមរដូវ និង ឈាមដោយសារកូនកាច់សម្បុកនៅក្នុងស្បូន ខុសគ្នាយ៉ាងម៉េចខ្លះទៅ ?
មានអាការៈខុសៗគ្នាច្រើនណាស់អំពីការមានផ្ទៃពោះ ហើយភាគច្រើនគឺវាស្រដៀងគ្នាការមករដូវដែរ។ ការធ្លាក់ឈាម ដែលវាចម្លែកនោះ ក៏អាចជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកមានផ្ទៃពោះដែរ ហើយវាច្រើនតែជាការធ្លាក់ឈាមដោយសារតែការកាច់សម្បុករបស់កូនក្នុងស្បូន ។ ថ្វីបើការធ្លាក់ឈាមដោយសារតែការកាច់សម្បុករបស់កូនក្នុងស្បូនមិនកើតឡើងញឹកញាប់ តែវាជារឿងដែលស្ត្រីភាគច្រើនបារម្ភដែរ។ ដូច្នេះតើការធ្លាក់ឈាមទាំងពីរនេះមានលក្ខណៈខុសគ្នាដូចម្តេចទៅ?
អ្វីទៅជាការកាច់សម្បុក?
នៅពេលមេជីវិតញីត្រូវបានបង្កកំណើតជាមួយមេជីវិតឈ្មោល ហើយធ្វើដំណើរពីដៃស្បូនចូលដល់ស្បូន និង តាំងនៅក្នុងស្បូន គេហៅថា ការកាច់សម្បុករបស់កូន។ ដំណាក់កាលនេះច្រើនតែស៊ីពេលប្រហែល ៧ ថ្ងៃចាប់ពីមេជីវិតទាំងពីររលាយចូលគ្នាហើយ។ ក្បួនច្បាស់ការមួយនោះគឺថា ការជ្រុះអូវ៉ុលកើតឡើងនៅជុំវិញពីរសប្តាហ៍ក្រោយពីថ្ងៃដំបូងនៃរដូវចុងក្រោយ និង ការរលាយចូលគ្នានៃមេជីវិតទាំងពីរ ប្រហែលជាជុំវិញ ២៤ ទៅ ៣៦ ម៉ោងក្រោយពីជ្រុះអូវ៉ុលរួច។
ខាងក្រោមនេះគឺជាពេលវេលាដែលបង្ហាញអំពីពេលវេលានៃការមានផ្ទៃពោះ សម្រាប់អ្នកដែលមករដូវទៀងទាត់ចំនួន ២៨ ថ្ងៃម្តងប៉ុណ្ណោះ៖
• ថ្ងៃទី១៖ ថ្ងៃដំបូងនៃការមករដូវ
• ថ្ងៃទី៧ ដល់ ១៥៖ រួមភេទ
• ថ្ងៃ១៤៖ ជ្រុះអូវ៉ុល
• ថ្ងៃ១៤ ដល់ ១៥៖ ការរលាយចូលគ្នានៃមេជីវិតទាំងពីរ
• ថ្ងៃ២១៖ ការកាច់សម្បុក (អាចមានការធ្លាក់ឈាម)
• ថ្ងៃ ២៨៖ ជាពេលវេលាដែលអាចធ្វើតេស្តរកមើលការមានផ្ទៃពោះឃើញវិជ្ជមាន និង មានផ្ទៃពោះបាន ៤សប្តាហ៍ហើយ។
តើការធ្លាក់ឈាមដោយសារការកាច់សម្បុកមានលក្ខណៈបែបណា?
ឈាមនោះច្រើនតែពណ៌ត្នោត ឬ ផ្កាឈូក ហើយច្រើនតែនៅមិនងាយជ្រាបចូលក្នុងសម្លីអនាម័យ។ វាមានលក្ខណៈខុសគ្នាពីឈាមក្រហមខ្មៅដែលទាក់ទងនឹងឈាមរដូវ។ ស្ត្រីភាគច្រើនដែលធ្លាក់ឈាមដោយសារតែកូនកាច់សម្បុក នឹងយល់ថា រដូវរបស់នាងមកលឿន តិចខ្លាំង ឬហៅថារឹមៗ។ វាអាចបន្តរហូតដល់ ២ ទៅ ៤ ថ្ងៃលើស្ត្រីខ្លះដែរ។
តើការធ្លាក់ឈាមរដូវមានរយៈពេលយូរប៉ុនណាទៅ?
ការធ្លាក់ឈាមបែបនេះច្រើនតែយូរបំផុត ១ ទៅ២ថ្ងៃអីទេ ប៉ុន្តែអាចច្រើនថ្ងៃ និងរឹមៗច្រើនដែរ។ ដោយសារតែមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា ដូច្នេះការធ្លាក់ឈាមរបៀបនេះអាចមានលក្ខណៈផ្សេងៗគ្នាទៅតាមស្ត្រីម្នាក់ៗដែរ។
តើការធ្លាក់ឈាមដោយសារតែការកាច់សម្បុកជាសញ្ញានៃការរលូតកូនដែរទេ?
ការធ្លាក់ឈាមដោយសារតែការកាច់សម្បុកមិនមែនជាសញ្ញាបញ្ជាក់ថា មានអ្វីខុសប្រក្រតីចំពោះការមានផ្ទៃពោះទេ ហើយវាក៏មិនមានទំនាក់ទំនងនឹងការរលូតកូនដែរ។ បើសិនជាអ្នកគិតថា អ្នកអាចនឹងធ្លាក់ឈាមតិចជាងការមករដូវធម្មតា វាប្រហែលជាដំណឹងល្អដែលអាចគិតគូររកមើលការធ្វើតេស្តមានផ្ទៃពោះនៅរយៈពេលមួយសប្តាហ៍ក្រោយហើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ motheranbaby.co.uk
ឧបត្ថម្ភដោយ ៖ UniDry