ក្មេងៗចេះតែផ្តាសាយញឹកញាប់ អាចមកពីកង្វះវីតាមីនមួយប្រភេទនេះ !
យោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន British Medical Journal កាលពីឆ្នាំ ២០១៧ បាននិយាយថា ប្រហែលជាវីតាមីនដែលទិញមិនបាច់មានវេជ្ជបញ្ជា អាចជួយការពារជំងឺផ្តាសាយ និងការបង្ករោគនៅផ្លូវដង្ហើមមនុស្សយើងក្នុងរដូវមានជំងឺនេះបាន។ ហើយបើយើងនិយាយផ្ទុយពីជំនឿដ៏ញឹកញាប់នោះគឺថា វីតាមីន C គឺមិនមានជួយអ្វីបានទេ (ថ្វីបើការលេបថ្នាំវីតាមីននេះមិនបង្កទុក្ខទោសអ្វីក៏ដោយ)។
អ្នកស្រាវជ្រាវបានពិនិត្យទៅលើមនុស្សប្រមាណ ១១០០០នាក់ ដែលមកពីប្រទេសប្រមាណ ១៤ខុសៗគ្នា ហើយបានរកឃើញថា ការបង្កើនចំនួនវីតាមីន D ក្នុងខ្លួន អាចជួយបន្ថយការកើតជំងឺផ្តាសាយបាន ១២ភាគរយ។ អ្នកដឹកនាំការសិក្សានេះក៏បានបន្ថែមទៀតថា អ្នកដែលកង្វះវីតាមីន D ក្នុងខ្លួនទំនងជាងាយនឹងមានជំងឺនៅផ្លូវដង្ហើមច្រើនប្រភេទណាស់ចាប់ពី ការបង្ករោគនៅត្រចៀក រលាកទងសួត និងរលាកសួតជាដើម។
យោងទៅតាម American Academy of Pediatrics បានឲ្យដឹងថា កុមារភាគច្រើនត្រូវការថ្នាំបំប៉នវីតាមីន D ដោយសារតែពួកគេទំនងជាមិនទទួលបានជីវជាតិដ៏សំខាន់នេះគ្រប់គ្រាន់ពីអាហារ ឬព្រះអាទិត្យទេ ជាពិសេសឪពុកម្តាយសម័យទំនើបដែលខ្លាចកូនប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេកតែម្តង។
សម្រាប់ទារកបៅដោះម្តាយ និងបៅទឹកដោះគោ គឺតម្រូវឲ្យទទួលបានវីតាមីន D ៤០០IU ក្នុងមួយថ្ងៃ។ តម្រូវការសម្រាប់ក្មេងធំៗក៏ដូចគ្នាដែរបើសិនជាគេមិនបានញ៉ាំទឹកដោះគោកៃឆ្នៃ ៩៤៦មីលីលីត្រក្នុងមួយថ្ងៃទេ។ សម្រាប់យុវវ័យត្រូវការ ៦០០IU ពីអាហារ ឬថ្នាំបំប៉ន ក្នុងមួយថ្ងៃ។
ជាមួយគ្នានេះដែរ ស្ត្រីមានផ្ទៃពោះគួរតែពិចារណាទៅលើការប្រើប្រាស់ថ្នាំបំប៉នវីតាមីន D ជាពិសេសចាប់តាំងពីប្រព័ន្ធភាពស៊ាំរបស់ពួកគេមិនទាន់ធ្វើការល្អស្រាប់ផង។ វាក៏ប្រហែលជាអាចផ្តល់ជាប្រយោជន៍ផ្សេងៗទៀតសម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃដែរ៕
x
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry