តាមពិតទឹកឃ្មុំមានអត្ថប្រយោជន៍ណាស់ បើស្រ្តីបានទទួលទានក្នុងពេលមានផ្ទៃពោះ !
ទឹកឃ្មុំគឺជាបង្អែមបែបធម្មជាតិដ៏ឆ្ងាញ់មួយ ដែលអាចធ្វើឲ្យរាងកាយទទួលបានជាតិស្ករដែលល្អបែបធម្មជាតិពិតៗ ។ ទឹកឃ្មុំត្រូវបានគេរកឃើញថា អាចព្យាបាលជំងឺជាច្រើនចាប់ពីក្រពះមិនកិនអាហាររហូតដល់រលាកបំពង់ករ ។ យោងទៅតាមគ្រូពេទ្យជាច្រើនបានឲ្យដឹងថា វាគឺជាអាហារដែលមានសុវត្ថិភាពពិតៗសម្រាប់ស្ត្រីមានផ្ទៃពោះ ។ ពិតណាស់ វាគួរតែញ៉ាំក្នុងកម្រិតមធ្យមបានហើយ ហើយក៏អាចញ៉ាំក្នុងកម្រិតមួយមានតុល្យភាពដែរ ។ បើសិនជាអ្នកមានបញ្ហាសុខភាពផ្សេងៗដែលត្រូវការបន្ថយការញ៉ាំផ្អែម ដូច្នេះទឹកឃ្មុំប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតឡើយ ។ ខាងក្រោមនេះយើងនឹងបង្ហាញអំពីអត្ថប្រយោជន៍ចំពោះសុខភាពនៃការញ៉ាំទឹកឃ្មុំក្នុងពេលមានផ្ទៃពោះ ៖
បន្ថយការក្អក
តើអ្នកកំពុងតែមានជំងឺផ្តាសាយដែរទេ ? ក្នុងពេលមានផ្ទៃពោះ អ្នកប្រហែលជាត្រូវចៀសវាងថ្នាំ ឬ ថ្នាំសះឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន ។ យ៉ាងណាមិញ ទឹកឃ្មុំត្រូវបានគេរកឃើញថា ជួយប្រឆាំងការរលាក ហើយក៏ជាការព្យាបាលដ៏ល្អបំផុតផងដែរ ។ វានឹងធ្វើការកាន់តែល្អនៅពេលប្រើប្រាស់ជាមួយខ្ញី ឬ ក្រូចឆ្មា ។ ការញ៉ាំទឹកក្រូចឆ្មាមួយកែវ ឬ ខ្ញីដែលមានទឹកឃ្មុំជាមួយគ្នាដែរនោះ នឹងជួយបំបាត់ការឈឺបំពង់ករ និង ពង្រាវស្លេស្មផង។
បំបាត់ការក្រហាយទ្រូង
ក្រពះមិនកិនអាហារ និង ការក្រហាយទ្រូង អាចធ្វើឲ្យការមានផ្ទៃពោះក្នុងត្រីមាសចុងក្រោយមិនមានផាសុកភាពឡើយ ។ វិធីព្យាបាលដ៏ល្អមួយគឺញ៉ាំទឹកដោះគោក្តៅឧណ្ហៗមួយកែវដែលលាយនឹងទឹកឃ្មុំមួយស្លាបព្រាបាយ ។
ព្យាបាលដំបៅដែលរលាកបែបធម្មជាតិ
ទឹកឃ្មុំគឺជាសារធាតុជួយបំបាត់ការឈឺចាប់បែបធម្មជាតិមួយ បើសិនជាអ្នកលាបវានៅលើកន្លែងដែលរលាកលើស្បែក វាអាចជួយបំបាត់ការឈឺចាប់ ហើយក៏ជំរុញដល់របួសនោះកាន់តែឆាប់ជាផង ។
ជួយប្រឆាំងនឹងជំងឺដំបៅក្រពះ និង បញ្ហាក្រពះពោះវៀន
ទឹកឃ្មុំជួយបង្ការការលូតលាស់ និង កើតបាក់តេរី Helicobacter Pylori ក្នុងក្រពះបាន ។ បាក់តេរីនេះមាននាទីធ្វើឲ្យកើតជាដំបៅក្រពះ តែការញ៉ាំទឹកឃ្មុំអាចបន្ថយការកើតបាក់តេរីនេះបាន ។ ទឹកឃ្មុំក៏អាចញ៉ាំជាមួយទឹកបានដែរ ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន ។ វាអាចជួយឲ្យការខូចខាតដែលមានក្នុងពោះវៀនជាល្អវិញដែរ ។
ផ្តល់ជាអង់ទីអុកស៊ីដង់
ទឹកឃ្មុំសម្បូរទៅដោយអង់ទីអុកស៊ីដង់ ព្រមទាំង Flavonoids ។ ការស្រាវជ្រាវបានរកឃើញថា ទឹកឃ្មុំអាចជួយបង្កើនចំនួនអង់ទីអុកស៊ីដង់ក្នុងការការពាររាងកាយពីសម្ពាធអុកស៊ីតកម្មបាន ។ អង់ទីអុកស៊ីដង់ធម្មជាតិនេះអាចពង្រឹងដល់ភាពសុខស្រួល និង ជួយឲ្យទារកលូតលាស់ល្អផង ។
សុវត្ថិភាពក្នុងការញ៉ាំទឹកឃ្មុំពេលមានផ្ទៃពោះ
បើសិនជាអ្នកសម្រេចចិត្តញ៉ាំទឹកឃ្មុំក្នុងពេលមានផ្ទៃពោះ ចូរធ្វើយ៉ាងណាទិញទឹកឃ្មុំដែលមានស្លាកយីហោដែលមានគុណភាព ឬ ត្រឹមត្រូវទើបមានសុវត្ថិភាព ។ ចូរយកចិត្តទុកដាក់ទៅលើចំនួនដែលអ្នកនឹងញ៉ាំផង និង ចូរចាំថា ការញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយមានជាតិ Fructose ប្រហែល ៨.៦ ក្រាម ។ អង្គការសុខភាពពិភពលោកបានណែនាំថា ចូរធ្វើយ៉ាងណាញ៉ាំជាតិស្ករប្រភេទនេះមិនឲ្យលើសពី ២៥ ក្រាមក្នុងមួយថ្ងៃឡើយ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com