អត្ថប្រយោជន៍បានពីការទទួលទានខ្ញី ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ
ការមានផ្ទៃពោះអាចធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលញ៉ាំមានការទទួលខុសត្រូវខ្ពស់ ។ អ្នកពិតជាចង់ញ៉ាំអាហារទាំងឡាយណាដែលមិនឲ្យមានការប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ ។ ដូច្នេះបើសិនជាមាននរណាម្នាក់និយាយថា ញ៉ាំអ្វីមួយប៉ះពាល់ដល់កូនក្នុងផ្ទៃ អ្នកពិតជាព្យាយាមចៀសវាងឲ្យបានហើយ ប៉ុន្តែបើនិយាយដល់រឿងខ្ញីវិញ តើស្ត្រីមានផ្ទៃពោះអាចញ៉ាំវាបានដោយសុវត្ថិភាពដែរទេ ? ចម្លើយអាចនិយាយបានថា អាចមានសុវត្ថិភាព ប៉ុន្តែត្រូវមានកម្រិតដែរ ។ វាមិនត្រឹមតែមានសុវត្ថិភាពទេ តែក៏មានប្រយោជន៍ចំពោះសុខភាពច្រើនដែរ ដូចជា ៖
-បន្ថយការចាញ់កូន
ខ្ញីមានប្រសិទ្ធភាពជាពិសេសក្នុងការបន្ថយការក្អួតចង្អោរក្នុងពេលមានផ្ទៃពោះភ្លាមៗ ដោយសារតែសារធាតុ Gingerols ដែលជាសមាសធាតុដ៏សកម្មមួយរបស់ខ្ញី ។ វាមានឥទ្ធិពលដូចគ្នានឹងវីតាមីន B6 ដែរ ។ ក្នុងពេលមានផ្ទៃពោះតិចជាង ១៦ សប្តាហ៍ អ្នកអាចញ៉ាំខ្ញីប្រហែល ១ ក្រាមជារៀងរាល់ថ្ងៃ រយៈពេល ៣ សប្តាហ៍ ដើម្បីបន្ថយការក្អួតចង្អោរ ។
-ពង្រឹងដល់ការរំលាយអាហារ
ទោះបីជាអ្នកមានប្រព័ន្ធរំលាយអាហាររឹងមាំហើយក៏ដោយ ក៏ការមានផ្ទៃពោះអាចធ្វើឲ្យវាប្រែប្រួលដែរ ។ ដោយសារតែកូនលូតលាស់ក្នុងផ្ទៃ ដូច្នេះស្បូននឹងលូតខ្ពស់រហូតដល់សង្កត់ជញ្ជាំងពោះ និង រុញក្រពះឡើងទៅលើ ដែលបង្កជាការច្រាលអាស៊ីតក្រពះមកក្រៅដែរ ។ ខ្ញីត្រូវបានគេរកឃើញថា អាចជួយឲ្យក្រពះឆាប់រំលាយអាហារអស់ និង ចូលទៅពោះវៀនតូចលឿន ហើយក៏អាចបន្ថយការក្រហាយទ្រូងដែរ ។
-មិនធ្វើឲ្យរលូតកូន ឬ កូនកើតមកខូចអវៈយវៈ
វាមិនមានអំណះអំណាងតាមបែបវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា ខ្ញីធ្វើឲ្យរលូតកូនឡើយ ។ តាមពិតទៅតាមការសិក្សាទៅលើមនុស្សជាច្រើនបានធ្វើសេចក្តីសន្និដ្ឋានឃើញថា ការញ៉ាំខ្ញីហាក់បីដូចជាមិនបង្កើនការប្រឈមនឹងកូនមានជំងឺខុសពីធម្មតាពីកំណើត កូនស្លាប់ក្នុងផ្ទៃ កូនកើតមិនគ្រប់ខែ ឬ កើតមិនគ្រប់ទម្ងន់ឡើយ ។
-អាចញ៉ាំខ្ញីរហូតដល់មួយក្រាមគឺមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ
ការសិក្សាជាច្រើនប្រើប្រាស់ខ្ញីប្រហែល ២៥៩ មីលីក្រាម ក្នុងការញ៉ាំចំនួន ៤ ដងក្នុងមួយថ្ងៃ ដូច្នេះវាត្រូវនឹងមួយក្រាមក្នុងមួយថ្ងៃហើយ ។ អ្នកអាចញ៉ាំវាជាខ្ញីស្រស់ធ្វើជាតែក៏បានដែរ ។ យ៉ាងណាមិញ ខ្ញីមួយក្រាមប្រហែលជាមិនស័ក្តិសមសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់ឡើយ ។ ដូច្នេះអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះផង ។
-ញ៉ាំច្រើនពេកអាចមានផលរំខានវិញ
ចំនួនខ្ញីដែលអ្នកញ៉ាំគឺកម្រនឹងបង្កជាផលរំខានណាស់ ប៉ុន្តែទោះបីជាអ្នកមានសុខភាពល្អហើយក៏ដោយ ការដែលញ៉ាំខ្ញីលើសពី ៤ ក្រាមក្នុងមួយថ្ងៃ នឹងបង្កជាផលរំខាន ដូចជា រលាកក្រពះ ឈឺក្រពះ រាករូស រលាកមាត់ និង ក្រហាយដើមទ្រូង ។
-ចូរចៀសវាងការញ៉ាំខ្ញី បើសិនជាអ្នកកំពុងតែប្រើថ្នាំរំលាយកំណកឈាម
ខ្ញីអាចដើរតួនាទីជាសារធាតុរំលាយកំណកឈាម និង បញ្ចុះសម្ពាធឈាម ព្រមទាំងជាតិស្ករក្នុងឈាមដែរ ។ ដូច្នេះបើសិនជាអ្នកកំពុងតែប្រើថ្នាំព្យាបាលជំងឺទាំងអស់នេះរួចហើយ ចូរចៀសវាងការញ៉ាំខ្ញី ព្រោះវានឹងធ្វើឲ្យកម្រិតសកម្មភាពថ្នាំធ្វើការលើសកម្រិតបាន ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com