បើចង់ឆាប់មានផ្ទៃពោះ ស្រ្តីមិនគួរមើលរំលងនូវអាហារប្រភេទទាំងនេះឡើយ !
អ្នកប្រហែលជាដឹងហើយថា មានរបៀបច្រើនណាស់អំពីអ្វីដែលអ្នកអាច និង មិនអាចញ៉ាំបាននៅពេលអ្នកមានផ្ទៃពោះ ប៉ុន្តែចុះបើកំពុងតែព្យាយាមឲ្យមានផ្ទៃពោះវិញ? តើមានអាហារណាអាចជួយពង្រឹងដល់សមត្ថភាព ដើម្បីអាចមានផ្ទៃពោះដែរទេ ? ពិតជាមាន ។ មិនខ្វល់ថាអ្នកគ្រាន់តែចង់ចាប់ផ្តើមបង្កើតគ្រួសារដ៏តូចមួយ ឬកំពុងតែព្យាយាមមានផ្ទៃពោះមួយរយៈហើយក៏ដោយ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលត្រូវបានគេរកឃើញថា ជួយបង្កើនសមត្ថភាពនៃការមានកូន បូករួមនឹងអាហារដែលអ្នកត្រូវតែចៀសវាងផង។
សណ្តែក
អ្នកស្រាវជ្រាវបានពិនិត្យទៅលើគិលានុបដ្ឋាយិកាប្រមាណជាង ១៩០០០ នាក់ ដែលមានភាពសកម្មក្នុងការព្យាយាមឲ្យមានផ្ទៃពោះ និង បានរកឃើញថា ភាពមិនអាចមានកូនបានមានប្រហែល ៣៩ ភាគរយ ដែលវាទំនងជាកើតឡើងលើស្ត្រីដែលញ៉ាំអាហារមានជាតិប្រូតេអ៊ីនពីសាច់សត្វខ្ពស់បំផុត ប៉ុន្តែស្ត្រីដែលញ៉ាំប្រូតេអ៊ីនពីរុក្ខជាតិគឺមិនសូវមានបញ្ហាលើការព្យាយាមមានផ្ទៃពោះឡើយ ។ ដូច្នេះបើសិនជាអ្នកមិនចូលចិត្តសណ្តែក អ្នកអាចញ៉ាំតៅហ៊ូ និង សណ្តែកដីបាន ព្រោះវាជាប្រភពនៃប្រូតេអ៊ីនដ៏ល្អ ។
បន្លែពណ៌បៃតង
ស្ពៃស្ពីណាច ប្រូខូលី ត្រកួន និង បន្លែពណ៌បៃតងផ្សេងៗទៀតគឺមានសារធាតុ Folate ខ្ពស់ ដែលអាចពង្រឹងដល់ការជ្រុះអូវុលបាន ។ ចូរប្រាកដថា អ្នកបានញ៉ាំជាមួយប្តីអ្នកដែរ ព្រោះបុរសដែលញ៉ាំសារធាតុ Folate ខ្ពស់ដែរ នឹងធ្វើឲ្យមេជីវិតឈ្មោលរបស់ពួកគេកាន់តែមានសុខភាពល្អ ហើយអាចបន្ថយឱកាសនៃការរលូតកូន ឬ បញ្ហាហ្សែនលើទារកកាន់តែខ្លាំងផង ។
គ្រាប់ល្ពៅ
គ្រាប់ល្ពៅមានជាតិដែកខ្ពស់ ។ ការសិក្សាបានរកឃើញថា ស្ត្រីដែលញ៉ាំថ្នាំបំប៉នជាតិដែក ទំនងជាមិនសូវមានបញ្ហាលើការមានផ្ទៃពោះជាងស្ត្រីដែលមិនបានញ៉ាំឡើយ។ ការញ៉ាំគ្រាប់ល្ពៅស្ងោ គឺជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់ជំរុញដល់ការឆាប់មានកូន ។
ប្រេងអូលីវ
ប្រេងអូលីវគឺជាប្រភេទខ្លាញ់ Monounsaturated Fat ដែលអាចជួយបង្កើនភាពស៊ាំរបស់អាំងស៊ុយលីន និង បន្ថយការរលាកក្នុងខ្លួន (ការរលាកអាចរំខានដល់ដំណើរការណ៍នៃការជ្រុះអូវុល ការមានផ្ទៃពោះ និង ការលូតលាស់លឿនរបស់អ៊ុំប្រ៊ីយ៉ុង) ។
ត្រីសាលម៉ុង
ត្រីទឹកត្រជាក់មួយនេះសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលវាអាចជួយសម្រួលដល់អ័រម៉ូនប្រដាប់បន្តពូជ និង បង្កើនរំហូរឈាមទៅសរីរាង្គប្រដាប់បន្តពូជដែរ ។ ត្រីសាលម៉ុងមានជាតិបារ៉តទាបជាងត្រីផ្សេង ។ ក្រៅពីត្រីសាលម៉ុង អ្នកក៏អាចទទួលបានអាស៊ីតខ្លាញ់អូមេហ្គាបីពីថ្នាំបំប៉នដែរ ដោយអ្នកអាចញ៉ាំវាពី ១០០០ ទៅ ២០០០មីលីក្រាមក្នុងមួយថ្ងៃ ។
អាស៊ីតហ្វូលិក
ឥឡូវនេះ បើសិនជាអ្នកមានគម្រោងយកកូននៅឆ្នាំក្រោយហើយ អ្នកគួរតែប្រាកដថា របបអាហារដែលអ្នកញ៉ាំសម្បូរទៅដោយអាស៊ីតហ្វូលិក ។ អ្នកអាចញ៉ាំជាថ្នាំបំប៉ន និង បង្កើនការញ៉ាំអាហារសម្បូរអាស៊ីតហ្វូលិកពីគ្រាប់ធញ្ញជាតិ បន្លែ និង ផ្លែឈើជូរ ។ អ្នកគួរតែញ៉ាំអាស៊ីតហ្វូលិកពី ៤០០ ទៅ ៦០០ មីលីក្រាម ជាប្រចាំថ្ងៃមុនពេលមានផ្ទៃពោះ និង ប្រហែល ៨០០ មីលីក្រាម ក្នុងពេលមានផ្ទៃពោះ ដើម្បីប្រាកដថាការមានផ្ទៃពោះអ្នកមានសុខភាពល្អ ហើយបន្ថយការប្រឈមនឹងកូនកើតមកខូចអវៈយវៈខ្លាំងបំផុត ។
ចៀសវាងខ្លាញ់ Trans Fats
បើសិនជាអ្នកកំពុងតែញ៉ាំអាហារមិនផ្តល់សុខភាពច្រើនៗហើយ ជាពិសេសអាហារកៃឆ្នៃ និង អាហារផ្អែមៗ យកល្អគួរតែដឹងថាអាហារទាំងនេះមិនមានជីវជាតិអ្វីដែលមានប្រយោជន៍ទេ តែវាអាចឲ្យរាងកាយមានបញ្ហាទៅវិញទេរហូតដល់ឡើងជាតិស្ករខ្ពស់ក្នុងឈាមទៀត ។ វាក៏មានខ្លាញ់ប្រភេទ Trans Fats ដែរ ដែលអាចបន្ថយសមត្ថភាពរបស់រាងកាយក្នុងការមានប្រតិកម្មជាមួយអាំងស៊ុយលីន និង ងាយនឹងមានការជ្រុះអូវ៉ុលមិនទៀងទាត់ទៀត ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com