មានសុវត្ថិភាពអត់ បើស្រ្តីមានផ្ទៃពោះញ៉ាំប៉េងប៉ោះ?
ការមានផ្ទៃពោះគឺជាពេលវេលាដែលគួរឱ្យភ្ញាក់ផ្អើល និង ស្ត្រេសខ្លាំង ហើយក៏ជាពេលវេលាដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុតដែរក្នុងការញ៉ាំអាហារ ។ ប៉េងប៉ោះគឺជាអាហារមានជាតិអាស៊ីតពីធម្មជាតិ ហើយស្ត្រីមានផ្ទៃពោះដែលមានបញ្ហាក្រពះពោះវៀនដូចជា ច្រាលទឹកអាស៊ីត ឬ ចង្អោ ប្រហែលជាត្រូវចៀសវាងការញ៉ាំប៉េងប៉ោះហើយ ប៉ុន្តែការញ៉ាំប៉េងប៉ោះក្នុងកម្រិតមធ្យមពិតជាផ្តល់សុវត្ថិភាពទាំងម្តាយ និង កូន ដោយសារតែជីវជាតិជាច្រើនរបស់វាដូចជា ៖
មានវីតាមីន C
ក្នុងពេលមានផ្ទៃពោះ ស្ត្រីមានផ្ទៃពោះតម្រូវឱ្យញ៉ាំវីតាមីន C ពី ៧៥ ទៅ ៨៥ មីលីក្រាម ជារៀងរាល់ថ្ងៃ ។ ប៉េងប៉ោះជាប្រភពដ៏ល្អមួយនៃវីតាមីន C នេះ។ ដោយសារតែរាងកាយមិនអាចរក្សាវាទុកបាន ដូច្នេះអ្នកត្រូវតែញ៉ាំវីតាមីន C ជារៀងរាល់ថ្ងៃ ។ វីតាមីន C មានប្រយោជន៍សម្រាប់ការលូតលាស់ធម្មតា ហើយក៏ជួយបង្កើនប្រព័ន្ធភាពស៊ាំថែមទៀតដែរ ។
បង្កើនការបឺតស្រូបជាតិដែកក្នុងខ្លួន
ចាប់តាំងពីស្ត្រីមានផ្ទៃពោះត្រូវការឈាមកាន់តែច្រើនមក ការដែលទទួលបានជាតិដែកគ្រប់គ្រាន់គឺជារឿងសំខាន់ ។ ការកង្វះជាតិដែកមិនត្រឹមតែបង្កើនការសម្រាលកូនមិនគ្រប់ខែទេ តែវាក៏ប៉ះពាល់ដល់ការលូតលាស់ និង ធំធាត់របស់ទារកដែរ ។ ក្នុងពេលមានផ្ទៃពោះ រាងកាយត្រូវការជាតិដែកពី ១៨ ទៅ ២៧mg ជារៀងរាល់ថ្ងៃ ។ ខណៈពេលដែលថ្នាំបំប៉នក្នុងពេលមានផ្ទៃពោះមានជាតិដែកហើយ តែប៉េងប៉ោះក៏អាចជួយបន្ថែមទៀតដែរ ។
មានសារធាតុ Carotenoids
ក្នុងពេលមានផ្ទៃពោះ ជាពេលវេលាដែលមានការកើនឡើងអុកស៊ីតកម្ម និង រ៉ាឌីកាលសេរីក្នុងខ្លួនម្តាយ ដែលអាចនាំឲ្យមានផលវិបាកដូចជា ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ត្រៀមក្រឡាភ្លើង លើសសម្ពាធឈាម កូនមិនលូតលាស់ និង សម្រាលកូនមិនគ្រប់ខែបាន។ ប៉ុន្តែប៉េងប៉ោះមានសារធាតុ Carotenoids ដូចជា Beta-carotene, Lutein និង Zeaxanthin និង Lycopen ដែលវាសុទ្ធសឹងតែជួយបន្ថយសម្ពាធអុកស៊ីតកម្ម និង ការរលាកបាន ។
ជាប្រភពដ៏ល្អមួយនៃវីតាមីន A
នៅពេលអ្នកមានផ្ទៃពោះ តម្រូវការវីតាមីន A ប្រចាំថ្ងៃគឺប្រែប្រួលពី ៧០០ mcg ទៅ ៧៧០ mcg។ ប៉េងប៉ោះអាចផ្តល់ចំនួនវីតាមីន A ដល់ស្ត្រីមានផ្ទៃពោះបានដែរ ដោយគ្រាន់តែប៉េងប៉ោះធំមួយផ្លែមានវីតាមីន A ៧៦mcg ដែលវាត្រូវគ្នានឹងតម្រូវការ ១០ភាគរយប្រចាំថ្ងៃទៅហើយ។
មានប៉ូតាស្យូមជួយរក្សាសម្ពាធឈាម
សម្រាប់តម្រូវការជាតិប៉ូតាស្យូមគឺមិនបានផ្លាស់ប្តូរឡើយក្នុងពេលមានផ្ទៃពោះ ប៉ុន្តែជាតិរ៉ែមួយនេះនៅតែសំខាន់ដដែល។ អ្នកត្រូវការវាដើម្បីបេះដូងធ្វើការកាន់តែល្អ រក្សាតុល្យភាពជាតិទឹក និងការរំលាយអាហារ។ ក្នុងប៉េងប៉ោះដ៏ធំមួយផ្លែមានប៉ូតាស្យូមប្រហែល ៤៣១មីលីក្រាម ដែលស្មើនឹងតម្រូវការប្រាំថ្ងៃប្រហែល ៩ភាគរយដែរ។ ប៉ូតាស្យូមនឹងជួយថែរក្សាសម្ពាធឈាមឲ្យនៅធម្មតា ចៀសផុតពីជំងឺត្រៀមក្រឡាភ្លើង សម្រាលមិនគ្រប់ខែ និងកូនមិនគ្រប់ទម្ងន់។
មានវីតាមីន K និង Folate
ប៉េងប៉ោះមានវីតាមីន K ត្រូវនឹងតម្រូវការប្រចាំថ្ងៃប្រហែល ១៤ភាគរយ និង Folate ប្រហែល ៤.៥ភាគរយ ក្នុងពេលមានផ្ទៃពោះ។ វីតាមីន K សំខាន់សម្រាប់ជួយឲ្យឈាមកក ខណៈពេលដែល Folate ជាតម្រូវការសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងដំណាក់កាលភ្លាមៗបំផុត ដើម្បីការពារកុំឲ្យមានបញ្ហាខូចអវៈយវៈនៅខួរក្បាល ឆ្អឹងខ្នង និងខួរឆ្អឹងខ្នង៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry