កំពុងមានផ្ទៃពោះ តែរំលងមិនញ៉ាំ «ផ្លែប័រ» ពិតជាគួរឱ្យស្តាយ
ផ្លែប័រគឺជាផ្លែឈើដ៏អស្ចារ្យមួយដែលមានអាស៊ីតខ្លាញ់ Monounsaturated Fatty Acids (MUFAs) និង វីតាមីន A, C និង E ។ សព្វថ្ងៃនេះការស្រាវជ្រាវជុំវិញពិភពលោកកំពុងតែឲ្យតម្លៃយ៉ាងខ្លាំងទៅលើអត្ថប្រយោជន៍របស់ផ្លែប័រនេះចំពោះស្ត្រីដែលស្ថិតក្នុងដំណាក់កាលមានកូន ត្រៀមមានកូន មានផ្ទៃពោះ និង បំបៅដោះកូន។
មុនពេលដែលយើងនិយាយដល់របៀបដែលផ្លែប័រអាចជួយអ្វីដល់ស្ត្រីមានផ្ទៃពោះបាន យកល្អគួរតែស្វែងយល់អំពីការពិតមួយរបស់ផ្លែប័រសិន។ វិទ្យាសាស្ត្របានអះអាងថា ផ្លែប័រអាចជួយបង្កើនលទ្ធភាពនៃការមានកូន និង បំពេញបន្ថែមនូវតម្រូវការជីវជាតិដល់ស្ត្រីកំពុងតែមានផ្ទៃពោះ ដើម្បីផ្តល់ជីវជាតិគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍បន្ថែមដែលផ្លែប័រអាចផ្តល់ឲ្យស្ត្រីមានផ្ទៃពោះបាន ៖
សារធាតុ Carotenoids ជួយបង្ការជំងឺមហារីក
របបអាហារប្រភេទ Carotenoids ដែលជាសារធាតុបំពាក់ពណ៌ដល់រុក្ខជាតិជាបន្លែ និងផ្លែឈើដូចជា ប៉េងប៉ោះ ការ៉ុត និង ម្ទេសប្លោក នឹងជួយបន្ថយការប្រឈមនឹងជំងឺមហារីក និង ជំងឺភ្នែក ។ ជីវជាតិចេញពីរុក្ខជាតិទាំងនេះត្រូវបានរាងកាយបឺតស្រូបយ៉ាងល្អបំផុតនៅពេលផ្សំចូលគ្នាជាមួយនឹងអាហារសម្បូរជាតិខ្លាញ់ និង ផ្លែប័រ ហើយក៏ជួយឲ្យរាងកាយទទួលបានសារធាតុ Carotenoid ប្រកបដោយសុខភាពល្អដែរ ជាពិសេស Xnathophyll Carotenoids ដែលជាអង់ទីអុកស៊ីដង់ផ្ទុកអុកស៊ីសែន។
កម្រិតសារធាតុ Carotenoids ធ្លាក់ចុះក្នុងពេលមានផ្ទៃពោះ
ដោយសារតែសារធាតុ Carotenoids មិនអាចត្រូវបានរាងកាយផលិតបាន ដូច្នេះការបឺតស្រូបចូលទៅក្នុងរាងកាយក្លាយទៅជារឿងដ៏សំខាន់ក្នុងពេលមានផ្ទៃពោះ ដោយសារតែអ្នកត្រូវបញ្ជូនជីវជាតិជាច្រើនទៀតទៅចិញ្ចឹមកូនក្នុងផ្ទៃតាមរយៈទងសុក ដូច្នេះការដែលថយចុះលឿននៃសារធាតុ Carotenoids នឹងនាំឲ្យកង្វះទាំងម្តាយ និង កូន ។
សារធាតុ Folates របស់ផ្លែប័រជួយបង្ការកូនកើតមកខូចអវៈយវៈ
ផ្លែប័រគឺជាប្រភពដ៏ល្អមួយនៃសារធាតុ Folates ដែលជាវីតាមីន B មួយប្រភេទ ត្រូវបានគេស្គាល់ថា អាចជួយដល់ការមានផ្ទៃពោះ និងបង្ការការខូចអវៈយវៈលើទារកក្នុងផ្ទៃ តាមរយៈជួយបង្កើនការលូតលាស់របស់ឆ្អឹងខ្នង ខួរក្បាល និងលលាដ៏ក្បាលរបស់ទារក ជាពិសេសក្នុងរយៈពេលបួនសប្តាហ៍ដំបូងនៃការមានផ្ទៃពោះតែម្តង ។ វាក៏សំខាន់សម្រាប់ការបំបែកកោសិកា និង សំយោគរបស់អាស៊ីតអាមីណេ និង នុយក្លេអ៊ិចអាស៊ីតដែរដូចជា DNA ជាដើម ។
ស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំឲ្យប្រើថ្នាំវិតាមីនចម្រុះដែលមាន Folate ៤០០mcg ជារៀងរាល់ថ្ងៃ។ ផ្លែប័រមួយផ្លែដែលគ្មានគ្រាប់ទម្ងន់ប្រហែល ១៣៦ក្រាម អាចមាន Folate ប្រមាណ ១២១mcg ដែលអាចជាប្រភពល្អមួយសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ស្ត្រីមានផ្ទៃពោះដែរ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry