ជិតដល់ពេលសម្រាលកូន កុំមើលរំលងអាការៈទាំង ៥ យ៉ាងនេះ !
តើការកន្ត្រាក់ស្បូនទាំងអស់នោះគឺជាសញ្ញានៃការត្រៀមខ្លួនដើម្បីសម្រាលកូនហើយមែនទេ? អ្នកប្រហែលជានឹងត្រូវសម្រាលហើយ។ មុនពេលអ្នករៀបចំឥវ៉ាន់ទៅមន្ទីរពេទ្យ យកល្អគួរតែពិនិត្យមើលនូវអាការៈញឹកញាប់ខាងក្រោមនេះសិន ព្រោះវាជាសញ្ញានៃការសម្រាលកូន ដែលអ្នកគួរស្វែងយល់ ហើយត្រូវទាក់ទងទៅគ្រូពេទ្យឬអត់។
ទោះបីជាស្ត្រីជាម្តាយច្រើននាក់ដែលធ្លាប់ឆ្លងកាត់ការសម្រាលកូនកាលពីពេលមុនៗក៏ដោយ ក៏ពួកគេមិនអាចនិយាយថាពេលណាការសម្រាលកូនចាប់ផ្តើមដែរ។ រឿងនេះដោយសារតែអាការៈភ្លាមៗនៃការសម្រាលមានច្រើន ហើយពិបាកយល់ ហើយក៏ងាយនឹងយល់ច្រឡំដែរ។ ដើម្បីស្វែងយល់ថា ពេលណាអ្នកពិតជាត្រូវទៅពេទ្យមែននោះ យកល្អគួរតែស្វែងយល់អំពីអាការៈដែលបញ្ជាក់អំពីការសម្រាលកូនដូចខាងក្រោមនេះផង៖
បែកទឹកភ្លោះ
អ្នកប្រហែលជាធ្លាប់សុបិន្តអាក្រក់អំពីអាការៈនៃការសម្រាលកូនភ្លាមៗដែលអាចកើតឡើងនៅជណ្តើរយន្ត ឬក្នុងពេលទៅមើលកុនហើយ។ ប៉ុន្តែតាមការសិក្សាវិញ រកឃើញថា វាមានភាគរយប្រហែល ៨ភាគរយប៉ុណ្ណោះ ដែលទឹកភ្លោះត្រូវបែកមុនពេលស្បូនកន្ត្រាក់ជាទៀងទាត់។ ទោះបីជាទឹកភ្លោះបែកក៏ដោយ ក៏វាទំនងជាហូរទឹកមកតិចទេ ដោយសារតែក្បាលកូនអាចបិទកន្លែងដែលហូរនោះបាន។ ដូច្នេះហើយ នៅពេលដែលទឹកភ្លោះបែក ជាធម្មតាវាជាសញ្ញាបញ្ជាក់ថា អ្នកត្រូវទៅពេទ្យដើម្បីសម្រាលហើយ។ ១២ម៉ោងក្រោយពីស្ត្រីដែលបែកទឹកភ្លោះហើយ ឃើញថា ៨០ភាគរយត្រូវសម្រាលកូនភ្លាមៗ។
ស្បូនកំពុងតែកន្ត្រាក់ខ្លាំងទៅៗ និងទៀងទាត់
ទោះបីជាការកន្ត្រាក់ស្បូនគឺជាសញ្ញាមួយនៃការសម្រាលកូនក៏ដោយ តែស្ត្រីភាគច្រើនមិនសូវដឹងអំពីរឿងនេះ ឬអាចច្រឡំថា ជាសញ្ញារបស់ Braxton Hicks ឬឈឺពោះសម្រាលលេងៗ ក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ។ យ៉ាងណាមិញ ការឈឺពោះសម្រាលលេងៗ កម្រនឹងខ្លាំង ឬទៀងទាត់ណាស់ ហើយវាក៏ច្រើនតែបាត់ទៅវិញដែរ។ ដើម្បីសម្រួលរឿងនេះ អ្នកគួរតែញ៉ាំអាហារ ឬផឹកទឹកឲ្យបានច្រើនវិញ។ ប៉ុន្តែការដែលឈឺពោះសម្រាលមែនទែន គឺវាកើតឡើងខ្លាំងទៅៗ និងញឹកញាប់បែបទៀងទាត់។ ភាគច្រើនអ្នកនឹងមានអារម្មណ៍ថា ការកន្ត្រាក់ទាំងនោះ មានលក្ខណៈដូចខ្សែរឹងដែលតឹង ដែលចាប់ផ្តើមនៅខ្នង ហើយចាក់ទៅពោះផ្នែកខាងមុខ។
សម្គាល់ឃើញមានការហូរទឹករំអិល
ក្នុងពេលមានផ្ទៃពោះ មាត់ស្បូននឹងបិទ ហើយក៏មានទឹករំអិលច្រើនដែរ។ ជាធម្មតា វាគឺជារបៀបដែលរាងកាយស្ត្រីការពារកូនកុំឲ្យមានការបង្ករោគបាន។ ប៉ុន្តែដល់ពេលដែលអ្នកត្រូវការសម្រាល មាត់ស្បូននឹងចាប់ផ្តើមបើក ហើយតន់ទៅៗដើម្បីត្រៀមខ្លួនសម្រាល ដែលជាហេតុនាំឲ្យមានការហូរទឹករំអិលចេញមកខាងក្រៅបាន។ ទឹករំអិលនេះអាចមានរហូតដល់មួយស្លាបព្រាកាហ្វេ និងមានលក្ខណៈដូចទឹកសម្បោ។ ម្យ៉ាងវិញទៀត វាក៏អាចមានការហូរឈាមដែរ ដោយសារតែដាច់ដោចសរសៃឈាមនៅមាត់ស្បូននោះ។
រាករូស
ក្នុងពេលសម្រាលភ្លាមៗ រាងកាយចាប់ផ្តើមបញ្ចេញសារធាតុ Prostaglandins ដែលជាសារធាតុមួយដូចអ័រម៉ូនដែរ ដែលអាចធ្វើឲ្យស្បូនកន្ត្រាក់ និងជួយឲ្យមាត់ស្បូនទន់ និងរីកធំ។ ប៉ុន្តែសារធាតុមួយនេះក៏អាចធ្វើឲ្យភ្ញោចដល់ពោះវៀនខ្លាំង រហូតធ្វើឲ្យស្ត្រីឧស្សាហ៍បន្ទោបង់ ឬរាករូស។
ឈឺខ្នងខ្លាំង
បើសិនជាអ្នកដូចគ្នានឹងស្ត្រីមានផ្ទៃពោះភាគច្រើននោះ ខ្នងអ្នកប្រហែលជារងការឈឺចាប់ច្រើនខែហើយ។ ប៉ុន្តែនៅពេលការឈឺចាប់កាន់តែខ្លាំងទៅៗ វាអាចជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកនឹងត្រូវការសម្រាលកូនដែរ ហើយរឿងនេះកើតឡើងលើស្ត្រីមានផ្ទៃពោះប្រហែលមួយភាគបីអីដែរ។ ជាធម្មតា ទារកក្នុងផ្ទៃនឹងសម្រុងខ្លួនចុះតាមទ្វារមាសស្ត្រីដោយមុខរបស់គេនឹងត្រូវសង្កត់ ឬប៉ះពាល់ដល់ឆ្អឹងកងខ្នងរបស់ម្តាយ។ ប៉ុន្តែករណីខ្លះ ក្បាលគេក៏អាចប៉ះដល់ឆ្អឹងខ្នងដែរ ហេតុដូច្នេះហើយទើបការឈឺចាប់ជាប់ដែលចាក់ទៅពោះកើតឡើង ហើយក៏មានការកន្ត្រាក់ភាគច្រើនកើតឡើងនៅខ្នងដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
(ប្រភព៖ parents)