ការពិតជាច្រើន ដែលអ្នកមិនសូវបានដឹងអំពីការកាត់ «ប៉េរីណេ» !
បើសិនជាអ្នកនឹងក្លាយទៅជាម្តាយគេ អ្នកប្រហែលជាត្រូវការកាត់ប៉េរីណេហើយ ។ វាគឺជាការកាត់តិចតួចមួយដើម្បីពង្រីកទ្វារមាសសម្រាប់សម្រួលដល់ការសម្រាលកូន ប៉ុន្តែវាអាចជារឿងគួរឲ្យខ្លាចបើសិនជាអ្នកមិនច្បាស់ថាគួររំពឹងទុកដូចម្តេចទេនោះ ។ ខាងក្រោមនេះគឺជារឿងពិតខ្លះៗអំពីការកាត់ប៉េរីណេក្នុងពេលសម្រាលកូន ៖
ការកាត់ប៉េរីណេមិនមែនជាទម្លាប់ដែលត្រូវធ្វើទាំងអស់ក្នុងពេលសម្រាលកូនឡើយ
កាលពីមុន ការកាត់ប៉េរីណេគឺជាទម្លាប់នៃការសម្រាលកូន ប៉ុន្តែបច្ចុប្បន្ននេះ ដំណើរការនេះមិនត្រូវបានគេណែនាំឲ្យធ្វើសម្រាប់មនុស្សគ្រប់គ្នាឡើយ ។ គ្រូពេទ្យដែលសម្រាលកូននឹងកំណត់ថា តើអ្នកគួរតែកាត់វាឬអត់ អាស្រ័យទៅតាមរាងកាយ និង កូនដែរ ។
មានករណីខ្លះប៉ុណ្ណោះដែលត្រូវធ្វើ
បើសិនជាកូនអ្នកធំពេក ហើយត្រូវការកើតតាមធម្មជាតិ ការកាត់ប៉េរីណេប្រហែលជាអាចបង្ការការរហែកទ្វារមាសដែលឈឺចាប់ខ្លាំងបាន ។ វាក៏អាចជារឿងសំខាន់ដែរបើសិនជាកូនកើតជើងមួយចំហៀងមុន ឬ កំប៉េះគូថមុន ព្រោះវាជាការបង្ហាញលក្ខណៈសម្រាលដែលមិនធម្មតា ប៉ុន្តែការកាត់ប៉េរីណេអាចធ្វើឲ្យការសម្រាលកូនកាន់តែងាយស្រួល ។
ការកាត់ប៉េរីណេមានពីរប្រភេទ
ការកាត់នៅចំកណ្តាល ឬ ហៅថា Midline ឬ Median គឺជាការកាត់ប៉េរីណេដែលគេធ្វើជាញឹកញាប់បំផុត ។ វាគឺជាការកាត់ពីទ្វារមាសទៅរន្ធគូថ ហើយជាវិធីដែលងាយស្រួលបំផុតក្នុងការដេរជួសជុលឡើងវិញ ។ វិធីកាត់ប៉េរីណេមួយទៀតឈ្មោះថា Mediolateral ដែលវាមិនសូវមានការខូចខាតដល់រុន្ធគូថទេ គ្រាន់តែវាពិបាកក្នុងការដេរជួសជុលឡើងវិញ ហើយពេលជាវិញមានការឈឺចាប់ខ្លាំង ។
ការកាត់ប៉េរីណេត្រូវបានធ្វើភ្លាមៗមុនពេលសម្រាល
នៅពេលឆ្មបឃើញថា កូនជិតកើតចេញហើយ ការកាត់ប៉េរីណេនឹងត្រូវបានធ្វើឲ្យហើយ ។ បន្ទាប់មកវានឹងត្រូវបានដេរជាប់វិញក្រោយពីសម្រាលកូន និង សុកចេញរួចអស់ហើយ ។
មានការប្រឈមមុខខ្លះ
វាមិនខុសគ្នានឹងការវះកាត់ផ្សេងៗឡើយ ការកាត់ប៉េរីណេអាចនាំឲ្យមានការប្រឈមមុខតិចតួចដែរ ។ ការកាត់នេះ អាចធ្វើឲ្យរហែកកាន់តែច្រើនក្នុងពេលសម្រាល និង ដាច់ដល់រន្ធគូថថែមទៀត ។ អ្នកប្រហែលជាអាចបាត់បង់ឈាមច្រើនក្នុងពេលកាត់ ឬ អាចមានការបង្ករោគថែមទៀត ប៉ុន្តែអាស្រ័យទៅតាមស្ថានភាពដែរ ហើយវាអាចមានប្រយោជន៍ច្រើនជាងការប្រឈមមុខ ។
ត្រូវការពេលមួយខែទើបជា
ការជាសះស្បើយពីការកាត់ប៉េរីណេស៊ីពេលរហូតដល់មួយខែឯណោះ ។ នៅពេលជេសដែលដេរនោះរលាយអស់ អ្នកក៏មិនបាច់ទៅពេទ្យវិញដើម្បីកាត់ចេញដែរ ។ ផ្ទុយទៅវិញចូរធ្វើធម្មតាៗទៅ ។ ការងូតទឹកក្តៅឧណ្ហៗប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អ ហើយបើសិនជាកូនមានសុខភាពល្អហើយ អ្នកអាចប្រើថ្នាំប៉ារ៉ាសេតាម៉ុល និង អ៊ីប៊ុយ ខណៈពេលកំពុងតែបំបៅដោះកូនបាន តែត្រូវចៀសវាងថ្នាំអាស្ពីរីន។
បង្ការការបង្ករោគ
ការថែរក្សារបួសឲ្យជាល្អគឺជារឿងសំខាន់ណាស់ ។ រឿងនេះនឹងអាចចៀសផុតពីការបង្ករោគ និង ផលវិបាកកាន់តែច្រើនបាន ។ ក្រោយពីងូតទឹករួច ចូរលាងសម្អាតកន្លែងនេះឲ្យបានល្អ ។ អ្នកអាចធ្វើបែបនេះបានតាមរយៈការលាងសម្អាតវាជាមួយនឹងទឹកក្តៅឧណ្ហៗ ។ នៅពេលអ្នកបន្ទោបង់ ចូរធ្វើការសម្អាតពីមុខទៅក្រោយ ដើម្បីកុំឲ្យប៉ះពាល់នឹងកន្លែងមានរបួស ។
បន្ថយតម្រូវការកាត់ប៉េរីណេ
ដើម្បីបន្ថយឱកាសកាត់ប៉េរីណេ យកល្អគួរតែផ្តោតសំខាន់ទៅលើការធ្វើឲ្យរាងកាយរឹងមាំមុនពេលសម្រាល ។ ការហាត់ប្រាណបែប Kegel អាចជួយអ្នកបានយ៉ាងច្រើន ។ អ្នកក៏អាចប្រើវិធីម៉ាស្សានៅតំបន់ប៉េរីណេ ដែលវាស្ថិតនៅខាងក្រោមទ្វារមាស ។ ការហាត់យូហ្គាក៏អាចជួយបានច្រើនដែរ ។
ចូរកុំភ័យខ្លាចអ្វីអីបើសិនជាអ្នកត្រូវការកាត់ប៉េរីណេ ហើយគ្រូពេទ្យនឹងជួយអ្នកធ្វើវាបានយ៉ាងជោគជ័យ ក្នុងពេលសម្រាល ។ បើសិនជាអ្នកខ្វល់ ឬ បារម្ភច្រើន ចូរសួរបញ្ជាក់ឲ្យច្បាស់អំពីរឿងនេះជាមួយគ្រូពេទ្យ ឬ ឆ្មបបន្ថែម ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com