ប្រភេទអាហារដ៏ល្អបំផុត ដែលស្រ្តីគួរទទួលទានក្នុងពេលមានផ្ទៃពោះ !
ស្ត្រីគួរតែយល់ថា ការមានផ្ទៃពោះគឺជាពេលវេលាដែលត្រូវប្រុងប្រយ័ត្នកាន់តែខ្លាំង ជាពិសេសអាហារដែលពួកគេទទួលទាន ។ វាជារឿងស្រួលយល់ទេ ដោយសារតែការញ៉ាំអាហាររបស់អ្នកគឺមិនមែនដើម្បីតែខ្លួនឯងទេ តែជាការលូតលាស់របស់កូនក្នុងផ្ទៃទៀត ។ ដូច្នេះការរៀបចំគម្រោងរបបអាហារបានយ៉ាងប្រុងប្រយ័ត្ន នឹងជំរុញដល់ការទទួលបានជីវជាតិសំខាន់សម្រាប់អ្នកទាំងពីរ ហើយក៏មានសុខភាពល្អបំផុតដែរ ។ ដូច្នេះហើយយើងសូមណែនាំនូវអាហារល្អៗមួយចំនួនខាងក្រោមនេះ ដែលត្រូវបានអ្នកជំនាញបង្ហាញថាល្អចំពោះស្ត្រីមានផ្ទៃពោះ ៖
-ត្រីសាកលម៉ុង
ស្ត្រីមានផ្ទៃពោះខ្លះមិនបានញ៉ាំត្រីនេះឡើយដោយសារតែវត្តមានរបស់ជាតិបារ៉ត ប៉ុន្តែអ្នកនៅតែត្រូវការញ៉ាំត្រី ឬ អាហារសមុទ្រដដែល ដោយសារតែវាអាចផ្តល់អាស៊ីតខ្លាញ់អូមេហ្គាបីក្នុងខ្លួន ដែលជាតម្រូវការសម្រាប់សុខភាពអ្នកផង និង កូនផង ។ សំណាងដែរត្រីសាលម៉ុងផ្ទុកជាតិបារ៉តទាប ហើយក៏ជាប្រភពអាស៊ីតខ្លាញ់អូមេហ្គាបីដ៏ល្អបំផុត ព្រមទាំងជីវជាតិសំខាន់ៗផ្សេងទៀត ។
-ស៊ុត
កុំភ្លេចបន្ថែមស៊ុតទៅក្នុងរបបអាហារអ្នកផងនៅពេលមានផ្ទៃពោះ ព្រោះវាផ្ទុកទៅដោយជីវជាតិជាច្រើនដែលអ្នកត្រូវការដើម្បីមានកម្លាំង និង សុខភាពល្អ សម្រាប់ខ្លួនឯង និង កូន។ ជីវជាតិដ៏សំខាន់បំផុតមួយដែលស៊ុតអាចផ្តល់ឲ្យគឺ ខូលីន ដែលវាសំខាន់ក្នុងការជំរុញដល់មុខងារជាច្រើនរបស់រាងកាយ ព្រមទាំងការលូតលាស់របស់ខួរក្បាលទារកផង ។ ស៊ុតមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែក៏សម្បូរជីវជាតិដែរ ។
-បន្លែពណ៌បៃតងចាស់
បន្លែពណ៌បៃតងចាស់ត្រូវបានគ្រូពេទ្យណែនាំច្រើនណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ វាអាចជួយពង្រឹងដល់ភាពឃើញច្បាស់របស់ភ្នែក ។ មិនត្រឹមតែប៉ុណ្ណោះ បន្លែទាំងនេះផ្ទុកទៅដោយវីតាមីន និង ជាតិរ៉ែយ៉ាងច្រើនដូចជា វីតាមីន A, C, K និង B9 ។
-សាច់គ្មានខ្លាញ់
អ្នកក៏គួរតែបន្ថែមសាច់គ្មានខ្លាញ់ក្នុងរបបអាហារដែរដូចជា សាច់មាន់ សាច់ជ្រូក និង គោ ដោយសារតែវាជាប្រភពដ៏ល្អបំផុតនៃជាតិប្រូតេអ៊ីន ។ ក្រៅពីនេះ សាច់គ្មានខ្លាញ់នឹងផ្តល់ឲ្យអ្នកនូវសារធាតុ ខូលីន ជាតិដែក និង វីតាមីន B ដែរ ដែលវាសុទ្ធសឹងតែសំខាន់សម្រាប់ការមានផ្ទៃពោះ ។ អ្នកនឹងត្រូវការជាតិដែកកាន់តែច្រើននៅពេលមានផ្ទៃពោះ ព្រោះតែវាមានសារៈសំខាន់ក្នុងការបង្កើនចំនួនអុកស៊ីសែនក្នុងខ្លួន ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ wellnessbin
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com