ឧស្សាហ៍ផោមច្រើនកំលុងពេលមានផ្ទៃពោះ តើគួរដោះស្រាយដូចម្តេច ?
មានការប្រែប្រួលច្រើនណាស់ដែលកើតឡើងក្នុងខ្លួនស្រ្តីនាពេលមានផ្ទៃពោះ ហើយភាគច្រើនអាចបង្កជារោគសញ្ញាដែលធ្វើឲ្យអ្នកមិនពេញចិត្តដែរ រួមទាំងផោមច្រើនជាដើម ។ ជាធម្មតា ក្នុងពេលមានផ្ទៃពោះ អតុល្យភាពអ័រម៉ូនគឺជាមូលហេតុចម្បងមួយនៅពីក្រោយការមិនមានផាសុកភាព និង បញ្ហាដែលគួរឲ្យអាម៉ាសជាច្រើន ។ ការកើនឡើងរបស់អ័រម៉ូនប្រូជេស្ត្រេរ៉ូន អាចធ្វើឲ្យសាច់ដុំជាច្រើនធូរ ហើយក្នុងនោះក៏មានសាច់ដុំរបស់ពោះវៀនដែរ ។ កាលណាសាច់ដុំធូរហើយ វានឹងធ្វើឲ្យដំណើរការនៃការរំលាយអាហារមានភាពយឺតយ៉ាង រហូតដល់បង្កើតបានជាខ្យល់ឧស្ម័នកកកុញក្នុងពោះវៀន ។ រឿងនេះអាចធ្វើឲ្យផោមច្រើន ហើមពោះ និង ឈឺពោះបែបរមួលៗដែរ ។
បើសិនជាអ្នកកំពុងតែជួយបញ្ហានេះមែន មានន័យថាអ្នកកំពុងតែអានអត្ថបទត្រូវហើយ ព្រោះយើងនឹងបង្ហាញនូវគន្លឹះខ្លះៗក្នុងការដោះស្រាយបញ្ហាផោមច្រើនក្នុងពេលមានផ្ទៃពោះនេះ។
-ញ៉ាំទឹកច្រើន
ការមានផ្ទៃពោះឬអត់មិនសំខាន់ឡើយ តែការញ៉ាំទឹកច្រើនតែងតែជារឿងល្អដែលគួរធ្វើ ។ ជារៀងរាល់ថ្ងៃ ស្ត្រីដែលមានផ្ទៃពោះគួរតែញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ពីរលីត្រក្នុងមួយថ្ងៃ ដើម្បីជួយដល់ដំណើរការណ៍នៃការរំលាយអាហារ ។ ក្រៅពីនេះ ការញ៉ាំទឹកច្រើនរាល់ថ្ងៃក៏អាចជួយសម្រួលដល់បញ្ហាក្រពះពោះវៀនដែលកើតមានជាញឹកញាប់បំផុតលើស្ត្រីមានផ្ទៃពោះដែរ ព្រមទាំងការទល់លាមកទៀត ។
-ទទួលទានអាហារសម្បូរជាតិសរសៃ
ការញ៉ាំទឹកច្រើនគឺជារឿងត្រូវធ្វើជាមួយគ្នានឹងការញ៉ាំអាហារសម្បូរជាតិសរសៃ ។ ការធ្វើបែបនេះនឹងជួយសម្រួលដល់ដំណើរការណ៍នៃការរំលាយអាហារ ដូច្នេះវានឹងការពារកុំឲ្យកើតផោមច្រើនដែរ ។ ការបញ្ចូលអាហារជាតិសរសៃក្នុងរបបអាហារជាវិធីដ៏ល្អមួយក្នុងការលុបបំបាត់ការទល់លាមកបានទៀត ។
-លុបបំបាត់អាហារបង្កបញ្ហា
យើងដឹងហើយថា អាហារអ្វីខ្លះដែលធ្វើឲ្យផោមច្រើន ដូច្នេះដើម្បីកុំឲ្យផោមទៀត គួរតែចៀសវាងអាហារទាំងនោះ ឬ កាត់បន្ថយវាឲ្យបានច្រើនបំផុត ។ អាហារជាដើមហេតុនាំឲ្យផោមច្រើនអាចមានដូចជា សណ្តែក ដំឡូងបារាំង ប្រូខូលី ឬ ស្ពៃក្តោបជាដើម ។ បើសិនជាចង់ច្បាស់ជាងនេះ អ្នកអាចទៅពិគ្រោះជាមួយអ្នកជំនាញខាងឆ្មបដើម្បីសួរថា អាហារអ្វីខ្លះដែលធ្វើឲ្យកើតផោមច្រើនៗ ។
-រស់នៅឲ្យសកម្ម
ការរស់នៅបែបស៊ីដេកៗ អាចធ្វើឲ្យដំណើរការនៃការរំលាយអាហារយឺតដែរ ដែលអាចងាយនឹងនាំឲ្យកើតឧស្ម័នកាន់តែច្រើនក្នុងពោះវៀន ។ នេះហើយគឺជាហេតុផលដែលស្ត្រីមានផ្ទៃពោះគួរតែរស់នៅឲ្យមានភាពសកម្មបន្តិច ។ ក្រៅពីនេះ ការដែលសកម្មរាងកាយក៏ជួយបង្ការផលវិបាកក្នុងពេលមានផ្ទៃពោះដែរ ដូចជាការលើសសម្ពាធឈាម លើសជាតិស្ករក្នុងឈាម និង ឡើងទម្ងន់ខ្លាំងពេកពេលមានផ្ទៃពោះ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthdigezt
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com