ទង្វើភ្លាមៗដែលឪពុកម្តាយគួរធ្វើ នៅពេលដែលកូនខឹង និង មិនសប្បាយចិត្ត
នៅពេលដែលក្មេងពិបាកចិត្ត វាអាចជារឿងពិបាកមួយក្នុងការធ្វើឲ្យគេមានអារម្មណ៍ល្អឡើងវិញ។ ក្មេងៗដែលពិបាកចិត្តជាប់គឺងាយនឹងបញ្ចេញភាពតានតឹងរបស់គេដាក់មនុស្សធំណាស់។ ម្យ៉ាងវិញទៀត គេអាចនឹងបង្កបញ្ហានៅសាលា និងកន្លែងផ្សេងៗទៀត។ មិនខ្វល់ថា អ្នកជាឪពុកម្តាយរបស់ក្មេង ឬកំពុងតែមើលថែទាំកូនរបស់នរណាឡើយ យកល្អគួរតែប្រើវិធីសាស្ត្រខាងក្រោមនេះក្នុងការរំងាប់អារម្មណ៍ និងបន្ថយអារម្មណ៍តានតឹងរបស់គេ៖
ប្រើវិធីនិយាយ
ចូរសួរគេថា មានអ្វីកើតឡើង ឬខុសប្រក្រតី៖ នេះគឺជាវិធីដ៏សំខាន់មួយក្នុងករណីដែលអ្នកមិនអាចមើលឃើញច្បាស់ថា កូនអ្នកពិបាកចិត្តឬអត់។ ទោះបីជាអ្នកដឹងថា គេពិបាកចិត្តហើយក៏ដោយ អ្នកក៏ត្រូវតែប្រើពាក្យសម្តីនិយាយជាមួយគេឲ្យបានត្រឹមត្រូវផង។ ដល់ពេលដែលគេយល់ថា អ្នកបានផ្តល់នូវអ្វីជាទំនុកចិត្តដល់គេ ជាពិសេសតាមរយៈការនិយាយបានល្អ ពេលនោះគេនឹងបង្ហាញអំពីអារម្មណ៍ របស់ពួកគេឲ្យអ្នកដឹងមិនខាន។ បន្ទាប់មក អ្នកអាចនិយាយ និងពិភាក្សាអ្វីដែលជាបញ្ហារបស់គេបាន ដើម្បីរកដំណោះស្រាយ។
វាយតម្លៃអារម្មណ៍របស់គេ៖ ធម្មតា ការយល់ដឹងអំពីអារម្មណ៍របស់ក្មេងបានយ៉ាងល្អ នឹងជួយឲ្យគេអភិវឌ្ឍន៍បាននូវអារម្មណ៍ថាមានទំនុកចិត្ត ជាពិសេសការស្រឡាញ់ខ្លួនឯងតែម្តង។ ឧទាហរណ៍ បើសិនជាកូនអ្នកខឹង អ្នកអាចនិយាយបានថា “ប៉ាអាចដឹងថាឥឡូវនេះកូនកំពុងខឹង។ ប៉ាដឹងថាវាទំនងជាធ្វើឲ្យមានអារម្មណ៍ខឹងដែរ។ ដូច្នេះវាពិតជាមិនអីឡើយក្នុងការដែលមានអារម្មណ៍ខឹងបែបនេះ”។ ប៉ុន្តែអ្នកត្រូវនិយាយអ្វីៗឲ្យមានហេតុផលដើម្បីគេស្តាប់យល់ផង។
ធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់៖ ការស្តាប់កូននិយាយគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីគេចង់ស្តាប់នូវអ្វីដែលអ្នកនិយាយវិញ។ វិធីនេះនឹងជួយឲ្យគេមានអារម្មណ៍យល់ដឹង និងមានមោនភាព។ បើសិនជាកូនអ្នកកំពុងតែធ្វើអ្វីមួយខុសហើយ ចូរឲ្យគេពន្យល់អំពីហេតុផលរបស់គេសិនចាំអ្នកមានប្រតិកម្មនឹងសកម្មភាពទាំងនោះក្រោយ។
ពន្យល់អំពីការសម្រេចចិត្តរបស់អ្នក៖ នៅពេលដែលអ្នកចង់បង្ការកុំឲ្យកូនធ្វើអ្វីមួយនោះ យកល្អគួរតែអនុវត្តពន្យល់គេថា ហេតុអ្វីបានជាត្រូវធ្វើបែបនេះ ឬបែបនោះ។ រឿងនេះនឹងជំរុញឲ្យគេបង្កើតបាននូវការសម្រេចចិត្តដ៏គំរូមួយ ហើយក៏មានការគោរពរវាងអ្នកនឹងគេកាន់តែល្អជាងមុនដែរ។
ធ្វើសកម្មភាពដើម្បីរំងាប់អារម្មណ៍កូន
រកមើលសញ្ញានៃការខឹង ឬពិបាកចិត្តរបស់កូន៖ វាគឺជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងអំពីអាការៈនៃការខឹង ឬពិបាកចិត្តរបស់ក្មេងទោះបីជាអ្នកមិនទាន់និយាយជាមួយគេក៏ដោយ។ ពួកគេអាចបង្ហាញតាមរយៈសកម្មភាពខាងក្រៅដូចជា ក្តាបដៃជាប់ ក្តាប់អាវ ឬរបស់អ្វីមួយយ៉ាងតឹង ធ្វើទឹកមុខខឹង ឬប្រើសម្តីនិយាយគម្រោះគម្រើយ ឬស្រែកខ្លាំងៗជាដើម។ ម្យ៉ាងវិញទៀត អ្នកក៏អាចប្រើវិធីសម្រួលអារម្មណ៍ផ្លូវចិត្តរបស់ក្មេង ដោយការអង្អែលក្បាល ឬអោបគេដើម្បីបង្ហាញអារម្មណ៍ស្រឡាញ់ ដល់ពេលនោះគេនឹងអាចធូរស្រាលក្នុងអារម្មណ៍បានកាន់តែច្រើនដែរ។
សើចលេងជាមួយគេ៖ ការសើចគឺជាមធ្យោបាយដ៏ល្អមួយក្នុងការបន្ធូរភាពតានតឹង និងបំបាត់អារម្មណ៍ដែលពិបាកៗក្រោយពីកូនមិនសប្បាយចិត្ត។ ដូច្នេះអ្នកអាចធ្វើរឿងអ្វីម្យ៉ាងដើម្បីឲ្យកូនសើចបាន ដូចជា និយាយរឿងកំប្លែង ឬមើលប៉ុស្តិ៍ទូរទស្សន៍ដែលនិយាយអំពីរឿងគួរឲ្យអស់សំណើចជាដើម។ ម្យ៉ាងវិញទៀត អ្នកអាចឈ្លៀតឱកាសនេះ នាំគេទៅកន្លែងដែលអាចបំបាត់អារម្មណ៍តានតឹងបានដែរ ដូចជាសួនកុមារជាដើម។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកត្រូវតែចេះគ្រប់គ្រងភាពឆេវឆាវរបស់គេនៅពេលខឹងផង ព្រោះពួកគេងាយនឹងបង្ករបួសស្នាមដល់ខ្លួនឯង ឬអ្នកដទៃខ្លាំងណាស់។ ដើម្បីស្រួល គួរតែនៅជិតគេឲ្យបានច្រើនផង។
ចូរនិយាយអ្វីដែលជាសកម្មភាពល្អៗ៖ វាគឺជារឿងមួយមានប្រសិទ្ធភាពណាស់ក្នុងការបង្ហាញនូវអ្វីៗដែលកូនអ្នកបានធ្វើត្រូវពីមុនមក និងចៀសជាងនិយាយតែពីការដាក់ទោសលើសកម្មភាពមិនល្អដែលពួកគេបានធ្វើ។ អ្នកពិតជាមិនអាចចៀសផុតពីការដាក់ទោសកូនទេ តែបើសិនជាអាច ចូររងចាំសិនទៅ។ អ្វីដែលអ្នកគួរតែធ្វើ គឺត្រូវផ្តល់ស្នាមញញឹម និងអោបគេជានិច្ចដើម្បីរក្សាទំនាក់ទំនងល្អជាមួយគេ។ បើសិនជាអាច គួរតែយកចិត្តទុកដាក់ទៅលើរឿងវិជ្ជមានរបស់កូនអ្នកឲ្យបានច្រើនជាង។
បង្រៀនកូនឲ្យចេះរំងាប់អារម្មណ៍ខ្លួនឯង៖ វាពិតជាគំនិតដ៏ល្អមួយក្នុងការបង្ហាញកូនអ្នកអំពីរបៀបដែលពួកគេអាចរំងាប់អារម្មណ៍ខឹង និងពិបាកចិត្តរបស់គេបាន។ ចូរបង្រៀនគេនូវគន្លឹះខ្លះៗដូចជា ការជួយអង្អែលខ្នងគេ ផ្តល់ឲ្យគេគូររូបដែលគេចង់គូរ ឲ្យគេដកដង្ហើមជ្រៅៗ ឬផ្តល់ជាតុក្កតាធំៗដែលគេអាចអោប ឬប៉ះពាល់ដើម្បីសម្រាលភាពតានតឹងក្នុងអារម្មណ៍បាន។
កុំភ្លេចរំងាប់អារម្មណ៍ខ្លួនឯងផង
រឿងដ៏សំខាន់មួយដែលអ្នកអាចរំងាប់អារម្មណ៍កូនបាន គឺធ្វើឲ្យខ្លួនឯងចិត្តត្រជាក់សិន ព្រោះថាក្មេងនឹងមើលមកអ្នកហើយអាចគិតថា តើអ្នកប្រើកាយវិការបែបណាដែរ។ បើសិនជាអ្នកមានប្រតិកម្មខ្លាំង ពេលនោះពួកគេនឹងរៀនតាមយ៉ាងស្រួល។ ចូរចៀសវាងសកម្មភាពគ្រោះថ្នាក់ដូចជា ការស្រែកខ្លាំងៗដាក់គេ។ មួយវិញទៀត អ្នកក៏ត្រូវចេះដកដង្ហើមជ្រៅៗដែរ ដើម្បីអាចប្រមូលអារម្មណ៍ពន្យល់បានល្អ ដើម្បីឲ្យកូនស្តាប់យល់ និងធ្វើតាម។ ដល់ពេលដែលអ្នកណែនាំកូននូវទង្វើរណាមួយដែលគេបានធ្វើខុស ចូរស្វែងយល់អំពីហេតុផលរបស់ពួកគេឲ្យច្បាស់ផង ដើម្បីចៀសវាងការប៉ះទង្គិចផ្លូវចិត្តរបស់គេ ជាពិសេសខ្លាចថ្ងៃក្រោយគេមិនហ៊ាននិយាយអំពីហេតុផលរបស់ខ្លួនគ្រប់ពេលធ្វើអ្វីៗទាំងអស់៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
(ប្រភព ៖ wikihow )