អាហារល្អបំផុត សម្រាប់ជំនួយដល់ការបំបៅដោះកូន ដែលអ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង
អ្នកម្តាយដែលបំបៅដោះកូន ចាំបាច់ណាស់ ត្រូវផលិតទឹកដោះពេញមួយថ្ងៃ ដែលជាហេតុនាំឲ្យពួកគេ ងាយនឹងឃ្លានទទួលទានអាហារគ្រប់ពេល។ រាងកាយមនុស្សយើង ត្រូវការប្រើប្រាស់កាឡូរី ដើម្បីបង្កើតទឹកដោះសម្រាប់ចិញ្ចឹមកូន ហើយវាក៏ជារឿងសំខាន់ដែរ ដែលអ្នកត្រូវទទួលទានអាហារដែលមានជីវជាតិច្រើន ដើម្បីបំពេញភាពឃ្លាន និងរក្សាលំហូរទឹកដោះជាប់សម្រាប់កូនរបស់អ្នក។ ខាងក្រោមនេះ យើងសូមណែនាំអាហារមួយចំនួន ដែលល្អបំផុតសម្រាប់ជម្រុញ ដល់ការបំបៅដោះកូន កាន់តែច្រើន៖
១. ផ្លែបឺរ
ផ្លែឈើមួយប្រភេទនេះ ពិតជាផ្លែឈើដែលផ្ទុកទៅដោយជាតិខ្លាញ់ដ៏ល្អ ហើយក៏មានជីវជាតិសំខាន់ផងដែរ ក្នុងការប្រើប្រាស់ដើម្បីជម្រុញដល់ការផលិតទឹកដោះ បានគ្រប់គ្រាន់សម្រាប់កូន។ វាគឺជាផ្លែឈើដែលមានរសជាតិឆ្ងាញ់ មានជីវជាតិ និងអាចបំបាត់ការឃ្លានបានយ៉ាងងាយ។
២. ត្រីសាលម៉ុន
ត្រីសាលម៉ុនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី វីតាមីន D និង ប្រូតេអ៊ីន។ ទោះបីជាត្រីនេះ មានជាតិខ្លាញ់ក៏ដោយ តែអ្នកក៏មិនបាច់បារម្ភថា វាអាចធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ។ ការញ៉ាំត្រីសាលម៉ុន អាចជួយអ្នកបង្កើត ជាទឹកដោះ ប្រកបដោយជីវជាតិកាន់តែច្រើនថែមទៀត។
៤. សណ្តែក
អ្នកក៏គួរ តែបញ្ចូលសណ្តែក ទៅក្នុងរបបអាហារ ព្រោះសណ្ដែកវាជាប្រភពនៃវីតាមីន ជាតិរ៉ែ ប្រូតេអ៊ីន និង Phytoestrogen ដែលសំខាន់ក្នុងការផលិតទឹកដោះ។ ការញ៉ាំសណ្តែកច្រើនប្រភេទ អាចជួយរាងកាយទទួលបានជីវជាតិ និងមានអត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការផលិតទឹកដោះផងដែរ។
៥. យ៉ាងអួ
បើសិនជាអ្នកកំពុងតែស្វែងរកអាហារសម្រន់ដែលងាយៗ ចូរពិចារណាទៅលើការញ៉ាំយ៉ាអួរខ្លះក៏ល្អ។ យ៉ាអួរ ផ្ទុកទៅដោយ ប្រូបាយអូទិច ដែលអាចជួយសម្រួលដល់បាក់តេរីល្អៗក្នុងពោះវៀន ខណៈដែលជាតិកាល់ស្យូម និងប្រូតេអ៊ីនរបស់វា អាចជួយពង្រឹងដល់ការផលិតទឹកដោះថែមទៀតផង។
៦. បន្លែពណ៌បៃតង
បន្លែទាំងនេះផ្ទុកទៅដោយសារធាតុ Phytoestrogen ដែលអាចជួយជំនួសអ័រម៉ូនជាច្រើនក្នុងខ្លួន ខណៈដែលវាក៏អាចជួយបង្កើន ការផលិតទឹកដោះដែរ។ ការញ៉ាំបន្លែពណ៌បៃតង ផ្តល់នូវជីវជាតិជាច្រើន ដែលកូនអ្នកត្រូវការ តាមរយៈការបៅដោះផងដែរ។
៧. ស៊ុត
ស៊ុតអាចផ្តល់ឲ្យអ្នកនូវអាស៊ីតហ្វូលិក ប្រូតេអ៊ីន កាលស្យូម ព្រមទាំងវីតាមីន A, B1 និង B12 ។ លក្ខណៈពិសេសរបស់ ស៊ុត គឺថា ទោះបីជាអ្នកចំអិនវា តាមរយៈរបៀបផ្សេងៗ ដែលអ្នកចូលចិត្ត ក៏វានៅតែផ្តល់ និងរក្សាបាននូវជីវជាតិតាមបែបដែលអ្នកចំអិននោះ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
( ប្រភព ៖ healthdigezt )