អំឡុងត្រីមាសទី ១ ចង់ឱ្យកូនក្នុងផ្ទៃលូតលាស់ល្អ ម៉ាក់ៗត្រូវបំប៉នសារធាតុចិញ្ចឹមទាំង ៧ នេះ
ពពោះអំឡុងត្រីមាសទី ១ ឬ ៣ ខែដំបូង វាពិតជាមានសារសំខាន់ដែលស្ត្រីចាំបាច់យកចិត្តទុកដាក់ទៅលើរបបអាហារ ដោយសារការទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយឱ្យកូនរីកធំធាត់ប្រកបដោយសុខភាពល្អ។ អាហារ បន្លែ ផ្លែឈើ ត្រី សាច់ សុទ្ធសឹងផ្ទុកទៅសារធាតុចិញ្ចឹមខុសៗគ្នា ដូចនេះដើម្បីទទួលបានសារធាតុចិញ្ចឹមចំគោលដៅនៅអំឡុងត្រីមាសដំបូង ស្ត្រីត្រូវប្រាកដថា ខ្លួនទទួលបានរបបអាហារដែលមានសារធាតុចិញ្ចឹមទាំង ៧ យ៉ាងនេះ។
១. អាស៊ីតហ្វូលីក (Folic acid)
អាស៊ីតហ្វូលីក គឺជាសារធាតុចិញ្ចឹមដ៏មានសារសំខាន់នៅអំឡុងពពោះត្រីមាសទី១។ វាត្រូវបានគេស្គាល់ថាជា វីតាមីន B9 ឬ ហ្វូលេត ដែលមានតួនាទីជួយទប់ស្កាត់ពិការភាពនៃបំពង់សរសៃប្រសាទ។ អ្នកជំនាញបានផ្តល់ដំបូន្មានឱ្យស្ត្រីពពោះទទួលយកអាស៊ីតហ្វូលីក ហោចណាស់ ៦០០ មីលីក្រាម ក្នុងមួយថ្ងៃ អាចតាមរយៈការលេបវីតាមីនគ្រាប់ ឬតាមរយៈអាហារដែលផ្ទុកដូចជា ក្រូច ស្ត្រូប៊័ររី បន្លែស្លឹកបៃតង នំ Cereal សណ្តែកក្រហម គ្រាប់ផ្លែឈើ ផ្កាខាត់ណាស និងមើមយ៉េន។
២. ប្រូតេអ៊ីន (Protein)
ប្រូតេអ៊ីនអាចជួយដល់ការអភិវឌ្ឍន៍របស់សាច់ដុំទាំងម្តាយ និងកូនក្នុងផ្ទៃ។ វា ថែមទាំងជួយដល់ការលូតលាស់ជាលិកាស្បូនផងដែរ។ ស្ត្រីអាចទទួលយកប្រូតេអ៊ីនត្រឹម ៧៥ ក្រាមក្នុងមួយថ្ងៃ។ អាហារជាប្រភពប្រូតេអ៊ីនរួមមាន ស៊ុត យ៉ាអួរ និងសាច់មាន់។
៣. កាល់ស្យូម (Calcium)
ឱ្យតែនិយាយដល់កាល់ស្យូម គេតែងសំដៅដល់ធ្មេញ និងឆ្អឹង។ ពិតប្រាកដណាស់ ទារកក្នុងផ្ទៃមានតម្រូវការកាល់ស្យូមដើម្បីលូតលាស់ឆ្អឹង និងធ្មេញ។ កាលណាផ្តល់កាល់ស្យូមបានល្អនៅអំឡុងពពោះ នោះពេលកូនធំឡើងពួកគេក៏នឹងមានសុខភាពឆ្អឹង និងធ្មេញរឹងមាំល្អផងដែរ។ ជាទូទៅអ្នកជំនាញផ្តល់ដំបូន្មានឱ្យទទួលយកកាល់ស្យូម ១០០០ មីលីក្រាមក្នុងមួយថ្ងៃ អាចតាមរយៈទឹកដោះគោស្រស់ ឈីស យ៉ាអួរ និងពពួកបន្លែស្ពៃពណ៌បៃតងចាស់។
៤. ជាតិដែក (Iron)
អំឡុងពពោះ កំណើនឈាមមានតម្រូវការខ្ពស់សម្រាប់ទ្រទ្រង់ការលូតលាស់របស់ទារក ដូច្នេះជាតិដែកមានសារៈសំខាន់ចំពោះផ្នែកនេះ។ ក្នុងមួយថ្ងៃស្ត្រីអាចទទួលយកជាតិដែកប្រមាណ ២៧ មីលីក្រាម អាចតាមរយៈការលេបវីតាមីនជាតិដែក ឬអមជាមួយអាហារដូចជា សាច់គោ សាច់មាន់ ស៊ុត តៅហ៊ូ និងស្ពៃពួយឡេង។
៥. វីតាមីន C
ក្រូច ផ្កាខាត់ណាខៀវ និងស្ត្រូប៊័ររី ជាដើម សុទ្ធតែជាអាហារផ្ទុកទៅដោយវីតាមីន C។ វាជួយពង្រឹងដល់ឆ្អឹង និងការអភិវឌ្ឍន៍ឆ្អឹងរបស់ទារក។ ជាពិសេស វាជួយជំរុញការស្រូបយកជាតិដែកផងដែរ។ ក្នុងមួយថ្ងៃស្ត្រីអាចទទួលយកវីតាមីន C ៨៥ មីលីក្រាម។
៦. ប៉ូតាស្យូម (Potassium)
ប៉ូតាស្យូមជាក្រុមតែមួយជាមួយសូដ្យូម វាជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ និងគ្រប់គ្រងសម្ពាធឈាមបានល្អ។ ចំពោះកម្រិតទទួលយកប៉ូតាស្យូមក្នុងមួយថ្ងៃគឺ ២៩០០ មីលីក្រាម អាចតាមរយៈវីតាមីនលេប ឬផ្លែឈើមួយចំនួនដូចជា ផ្លែអាព្រីខត (apricots) ចេក និងផ្លែប៊័រ។
៧. DHA
DHA គឺជាអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ វាត្រូវបានរកឃើញនៅក្នុងពពួកត្រីសមុទ្រដ៏ពេញនិយមដែលមានជាតិបារតទាបដូចជា ត្រី anchovy ត្រី herring និងត្រី sardine។ បើអ្នកមិនចំណូលត្រី អាចជ្រើសរើសការលេបវីតាមីន DHA ជំនួសវិញក៏បាន តែត្រូវពិភាក្សាជាមួយគ្រូពេទ្យមុនទើបប្រសើរ៕