ម៉ាក់ៗពពោះគួរដឹង! នេះជាការវិវឌ្ឍន៍ទារកចាប់ពីសប្តាហ៍ទី ១ ដល់សប្តាហ៍ទី ១២
នៅអំឡុងពពោះត្រីមាសទី ១ ការផ្លាស់ប្តូររូបរាងកាយរបស់អ្នកម្តាយ គឺជាសញ្ញាបង្ហាញពីការលូតលាស់របស់ទារកខាងក្នុង។ អ្នកម្តាយជាច្រើនតែងមានចម្ងល់សួរមកកាន់ «ប្រជាប្រិយ» ថា តើកូនក្នុងពោះកកើតយ៉ាងដូចម្តេច ហើយធំធាត់បែបណានៅត្រីមាសដំបូង?។ ដើម្បីស្រាយចម្ងល់ យើងសូមធ្វើការរៀបរាប់ពីការកកើតតាំងពីសប្តាហ៍ទី ១ ដល់សប្តាហ៍ទី ១២ នៃត្រីមាសទី ១ ដូចតទៅ៖
សប្តាហ៍ទី១-៤ ៖ អំឡុងនេះជាពេលកកើតឬអំប្រ៊ីយ៉ុង។ ជំហានដំបូងត្រូវបានគេហៅថា Fertilization ជាពេលដែលស៊ុតចាប់ផ្តើមកកើត ដោយដាក់ខ្លួនវាទៅក្នុងស្រទាប់នៃស្បូន។ បន្ទាប់មក វានឹងបែកខ្ញែកកោសិកាយ៉ាងរហ័ស បង្កើតជាចង្កោមកោសិកាដែលអ្នកវិទ្យាសាស្ត្រហៅថា blastocyst ។ ក្រោយមកចង្កោមកោសិកានេះនឹងបង្កើតជាកោសិកា ៣ ស្រទាប់មានដូចជា ស្រទាប់ ectoderm, ស្រទាប់ endoderm និង ស្រទាប់ mesoderm ដែលវានឹងបណ្តាលឱ្យមានជាជាលិកា និងសរីរាង្គខុសៗគ្នា។ នៅចុងសប្តាហ៍ទី ៤ កោសិកា blastocyst នឹងអភិវឌ្ឍន៍ទៅជាអំប្រ៊ីយ៉ុង ដែលជាការចាប់ផ្តើមនៃ ខួរក្បាល ខួរឆ្អឹងខ្នង បេះដូង និងសរីរាង្គដទៃទៀត។
សប្តាហ៍ទី ៥-៨ ៖ អំឡុងពេលនេះសរីរាង្គ និងរចនាសម្ព័ន្ធបានបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស រួមមាន បេះដូង ខួរក្បាល សួត ថ្លើម តម្រងនោម និងប្រព័ន្ធរំលាយអាហារ។ ទន្ទឹមគ្នានេះ អំប្រ៊ីយ៉ុង បង្កើតពន្លកអវយវៈមកជាដៃ និងជើង។ ចំណែក ភ្នែក ត្រចៀក ច្រមុះ និងមាត់ ក៏កកើតឡើងព្រមគ្នា ប៉ុន្តែមិនទាន់ពេញលេញទាំងស្រុង។ ចំពោះបេះដូងវិញ ចាប់ផ្តើមលោតអាចចាប់សំឡេងបាន ចំណែកភេទចាប់ផ្តើមបែងចែក តែមិនទាន់អាចអេកូមើលដឹងទាំងស្រុង។
សប្តាហ៍ទី ៩-១២៖ មកដល់អំឡុងនេះ ការលូតលាស់របស់ទារកគឺកាន់តែរហ័សជាងមុន ដោយរីកទំាងទំហំ និងប្រវែង។ មុខមាត់ចាប់ផ្តើមចេញរូបរាងកាន់តែច្បាស់ រួមទាំងត្របកភ្នែក រន្ធច្រមុះ និងបបូរមាត់។ ម្រាមដៃ ម្រាមជើង ចាប់ផ្តើមបែងចែកចន្លោះគ្នា សូម្បីក្រចកក៏ចាប់ផ្តើមដុះទន្ទឹមគ្នា។ ទារកចាប់ផ្តើមានចលនា ការបែងចែកភេទប្រុស និងស្រី មានភាពជាក់លាក់ ហើយសរីរាង្គបន្តលូតលាស់ និងអភិវឌ្ឍន៍ ថ្វីបើវាមិនទាន់មានមុខងារពេញលេញក៏ដោយ។
ក្រោយពីបានជ្រាបអំពីការវិវឌ្ឍន៍របស់ទារកពីសប្តាហ៍ទី ១ ដល់សប្តាហ៍ទី ១២ អ្នកម្តាយគួរដឹងដែរថា ការពពោះនៅអំឡុងត្រីមាសទី ១ ងាយរងឥទ្ធិពលបំផុតពីមជ្ឈដ្ឋានខាងក្រៅ ការប្រើប្រាស់ថ្នាំ និងជាតិពុលជាដើម។ ដូច្នេះហើយ វាពិតជាសំខាន់ដែលអ្នកម្តាយពពោះគ្រប់រូប គួរយកចិត្តទុកដាក់ទៅលើទម្លាប់រស់នៅប្រកបដោយសុខភាពល្អ ថែទាំសុខភាព បូករួមទទួលយកសារធាតុចិញ្ចឹមឱ្យបានត្រឹមត្រូវ និងជៀសវាងសារធាតុផ្សេងៗដែលបង្កហានិភ័យចំពោះសុខភាព៕