ចែកគ្នាដឹង! ព្រលានយន្តហោះថ្មីខេត្តសៀមរាប នឹងដាក់ដំណើរការជាផ្លូវការនៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០២៣ ហើយ
នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នេះមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហោះនូវសេចក្ដីជូនដំណឹងស្ដីពី ការចាប់ផ្ដើមបើកដំណើរការអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប។
យោងតាមសេចក្ដីជូនដំណឹងបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និង ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» ដែលគ្រោងនឹងដាក់ដំណើរការចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះតទៅ។
មិនតែប៉ុណ្ណោះ សេចក្ដីជូនដំណឹងពីខាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងទៀតថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និង ទំនិញតាមផ្លូវអាកាស ដែលកំពុងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ននឹងរៀបចំផ្ទេរទាំងស្រុង (តែមួយលើកគត់) ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣។
គួរបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និង មិនរកប្រាក់ចំណេញនៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣៕