បានតំណែង Mister Friendship Cambodia 2023 ភ្លាម លាវ វេងហួរ ចេញទៅប្រកួតនៅថៃយ៉ាងតក់ក្រហល់
បន្ទាប់ពីបើកឆាកប្រកួតយ៉ាងស្វិតស្វាញមករយៈពេលច្រើនខែ នៅទីបំផុតកម្មវិធីប្រកួតសម្រស់បុរសឯក Mister Friendship Cambodia 2023 បានរកឃើញម្ចាស់ជ័យលាភីបន្ទាប់ហើយគឺបានទៅលើអ្នកកំលោះសម្បុរស្រអែម លាវ វេងហួរ ដែលជាគ្រូបង្វឹកហាត់ប្រាណ ល្បុក្កតោ និង តារាបង្ហាញម៉ូដ។
ដោយឡែក ក្រោយពីទទួលបានតំណែងបាន ១ ថ្ងៃ នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៣ នេះ អ្នកកំលោះ លាវ វេងហួរ បានចេញដំណើរទៅប្រកួតហើយ ដោយកម្មវិធី Mister Friendship International នឹងរៀបចំឡើងក្នុងខេត្តខនកែន ប្រទេសថៃ។ ក្នុងនោះ រាល់បណ្ដាបេក្ខភាពប្រទេសនានាក៏បានទៅដល់បណ្តើរៗផងដែរ។
ទន្ទឹមនឹងនោះ គេក៏ឃើញមានបណ្ដាអ្នកគាំទ្រខ្មែរបានជូនពរឱ្យបុរសឯកកម្ពុជារូបនេះទទួលបានជ័យលាភីផងដែរ ព្រោះលោក លាវ វេងហួរ ជាបេក្ខភាពម្នាក់មានទាំងព្រមមិនថារូបសម្រស់ សមត្ថភាព និង ចំណេះដឹង។ ជាពិសេស កំលោះរូបនេះអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង៕