ស្រឡាញ់មនុស្សម្នាក់មិនប្រាកដថាយកគេឱ្យបានទេ ត្រឹមឃើញគេមាន ៥ យ៉ាងនេះក៏រីករាយដែរ
សេចក្ដីស្រឡាញ់មិនបានអាចហាមឃាត់ ហើយកាន់តែមិនអាចប្រាប់ថាឈប់គឺឈប់បាននោះទេ បើសិនជាយើងមានចិត្តស្រឡាញ់ទៅលើអ្នកណាម្នាក់ ច្បាស់ណាស់ថាមិនអាចបញ្ឈប់ខ្លួនឯង ឬ បង្ខំគេឱ្យមកស្រឡាញ់យើងបាននោះដែរ។ បើសិនជាគេមិនបានស្រឡាញ់ ឬ មិនបានជ្រើសរើសយើងជាគូជីវិត តែអ្នកគួរតែរីករាយ និង សប្បាយចិត្តជំនួសពេលឃើញគេមាន ៥ ចំណុចនេះ។
១. ឃើញគេក្លាយជាមនុស្សល្អម្នាក់
ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ ជឿថាគ្មាននរណាម្នាក់ចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ ឬ ធ្លាប់ស្រឡាញ់ ក្លាយជាមនុស្សម្នាក់ដែលដើរផ្លូវមិនល្អ ហើយកាន់តែមិនចង់ឃើញគេក្លាយទៅជាមនុស្សអាក្រក់ក្នុងភ្នែកអ្នកដទៃឡើយ។ ឃើញគេក្លាយជាមនុស្សល្អម្នាក់ នោះយើងក៏សប្បាយចិត្តហើយ។
២. ឃើញគេមានសុខភាពល្អ
ពិតណាស់ចំណុចមួយនេះ គឺជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ហើយបើសិនជាមនុស្សម្នាក់ដែលយើងស្រឡាញ់គេមានសុខភាពល្អ នោះជារឿងល្អ ព្រោះវាជាក្ដីសុខរបស់គេ តែក៏អាចធ្វើឱ្យយើងមានក្ដីសុខដូចគ្នា។
៣. ឃើញគេជួបមនុស្សល្អៗ
បើសិនជាមនុស្សដែលយើងស្រឡាញ់ មានមនុស្សល្អនៅជុំវិញខ្លួន ដែលអាចជួយដោះស្រាយទុក្ខធុរៈ ឬ ផ្ដល់ភាពរីករាយឱ្យគេបាន ដូចនេះយើងគួរតែរីករាយជាមួយគេ ដែលមានតែរឿងល្អៗ និង មនុស្សល្អនៅជុំវិញគេ។
៤. ឃើញគេសុខសប្បាយទាំងផ្លូវកាយ និង ចិត្ត
ចំពោះចំណុចនេះក៏មិនសូវជាខុសពីចំណុចខាងលើប៉ុន្មានដែរ តែអ្វីដែលសំខាន់នោះ បើសិនជាគេអាចសុខសប្បាយទាំងផ្លូវកាយ និង ចិត្ត ទាំងព្រមនោះ មានន័យថាគេអាចមើលថែខ្លួនឯងបានយ៉ាងល្អ។
៥. ឃើញគេមានសេចក្តីសុខនឹងមនុស្សដែលគេស្រឡាញ់
ជាការពិតណាស់ នេះអាចថាពិបាកនឹងទទួលស្គាល់បន្តិច ព្រោះថាមនុស្សដែលគេស្រឡាញ់ ឬ ជ្រើសរើសមិនមែនជាយើង តែការស្រឡាញ់ពិតមិនមែនមានន័យថា ទាល់តែមានគ្នានៅក្នុងជីវិតទើបហៅថាការស្រឡាញ់នោះទេ។
រឿងណាដែលធ្វើឱ្យគេមានសេចក្ដីសុខនោះទើបជារឿងសំខាន់ ជាពិសេសគេមានសេចក្តីសុខនឹងមនុស្សដែលគេស្រឡាញ់ បើទោះបីម្នាក់នោះមិនមែនជាយើងក៏ដោយ តែបើមនុស្សដែលគេស្រឡាញ់អាចធ្វើឱ្យគេមានសេចក្ដីសុខ និង មានសុភមង្គល ដូចនេះយើងជាមនុស្សម្នាក់ ដែលស្រឡាញ់គេគួរតែឃើញហើយរីករាយ និង អបអរសាទរជំនួសគេ៕