គាំទ្រទេ? ស្រឡាញ់គ្នា រួមគ្នាសន្សំលុយទុករៀបការ កុំចាំតែថ្លៃបណ្ណាការខាងប្រុស?
ដោយសារប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីបុរមបុរាណរៀងមក ខាងប្រុសត្រូវចូលស្ដីដណ្ដឹងខាងស្រី ដោយមកជាមួយនូវភ័ស្តុភាបណ្ណាការ មាសប្រាក់ កែវកង តមកដល់បច្ចុប្បន្ននេះ ខាងស្រីច្រើនបង្គាប់ថ្លៃបណ្ណាការ ដែលគេហៅថាថ្លៃទឹកដោះនេះ ពេលដែលភាគីបុរសចូលចែចូវ ។ យ៉ាងណាមិញទោះបីជាភាគច្រើននៅតែអនុវត្តទំនៀមនេះ ប៉ុន្តែក៏មានឪពុកម្ដាយ មួយចំនួនបានផ្សំផ្គុំរៀបការឱ្យកូនប្រុស ស្រី ដោយមិនបង្គាប់ថ្លៃបណ្ណាការអ្វីឡើយ ក្រោយរៀបការរួចប្រគល់ចំំណងដៃឱ្យកូនៗយកទៅបើកមុខរបររកស៊ី ។
ទាក់នឹងបញ្ហានេះ «ប្រជាប្រិយ» បានធ្វើការសាកសួរនូវមតិមួយចំនួន ពីឪពុកម្ដាយ និងអ្នករៀបការថ្មីថ្មោង ដោយពួកគេបានលើកឡើងពីគំនិតជុំវិញការបង្គាប់ថ្លៃបណ្ណាការនេះ ។ មកជួបជាមួយអ្នកនាង ធានី អ្នកក្រុងច្បារមន ទើបតែរៀបការលក្ខណៈគ្រួសារបានប្រាប់ថា គ្រួសារអ្នកនាង និងគ្រួសារខាងប្រុស បានដឹងឮពីទំនាក់ទំនងរវាងអ្នកទាំងពីរជាយូរមកហើយ ដោយមិនបង្គាប់ថ្លៃទឹកដោះអ្វីទេ គឺសូមឱ្យតែចេះស្រឡាញ់គ្នាទៅបានហើយ ។ អ្នកនាងបន្តថា ក្រោយពីមានភាពច្បាស់លាស់ហើយអ្នកនាង និងស្វាមី បានចាប់ដៃគ្នាសន្សំលុយរៀងខ្លួន ដើម្បីគម្រោងរៀបការមួយនេះ ដោយមិនដាក់បន្ទុកទៅភាគីបុរសតែម្ខាងទេ ។ យ៉ាងណាមិញកូនក្រមុំថ្មីថ្មោងនេះប្រាប់ថា អាចធ្វើបែបនេះបានលុះត្រាណា អ្នកទាំងពីរច្បាស់លាស់ និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា ។
ងាកមកចាប់អារម្មណ៍លោក វណ្ណៈ ដែលត្រូវជាស្វាមីអ្នកនាង ធានី វិញ ប្រាប់ថា៖ «ពួកខ្ញុំគិតថារួមគ្នាសន្សំលុយរៀបការតែម្ដង ទើបឆាប់បានសម្រេចគោលដៅពួកយើង បើគាត់ចាំលុយបណ្ណាការពីខ្ញុំប្រហែលមិនងាយទេ (និយាយទាំងសំណើច)» ។
ផ្ទុយពីមតិអ្នកទាំងពីរខាងលើនេះ អ្នកស្រី សុខទៀង ដែលជាម្ដាយមួយរូបលើកឡើងថា អ្នកស្រីមិនជំទាស់ការស្រឡាញ់គ្នាដោយចិត្ត និងចិត្ត ហើយរួមគ្នាសន្សំលុយរៀបការទេ គ្រាន់តែថា ចាស់ទុំតែងចង់ឱ្យមានបណ្ណាការ ដូចជាការលើកមុខមាត់កិត្តិយសគ្រួសារទាំងសងខាង នៅពេលញាតិមិត្តសួរនាំទៅមិនបាកបរិយាយប្រាប់គេ ។ ម្យ៉ាងទៀតអ្នកស្រីថា នេះជាប្រពៃណីខ្ណែរយើងតាំងពីដើមមកហើយ មួយវិញទៀតកូនស្រី លើកឱ្យគេទាំងមូល ត្រូវតែបង្គាប់ខ្លះអ៊ីចឹងហើយ ៕
ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ ??