ទើបភ្ញាក់ខ្លួនថា ពីមុនខ្ញុំល្ងង់ម្ល៉េះ ហេតុអ្វីមើលមិនឃើញពីតម្លៃខ្លួនឯង?
ពេលនេះទើបភ្ញាក់ខ្លួនថា ពីមុនហេតុអ្វីខ្ញុំល្ងង់ម្ល៉េះ ហើយពីមុនខ្ញុំជាអ្នកណា តើហេតុអ្វីក៏ខ្ញុំមើលមិនឃើញពីតម្លៃខ្លួនឯង ហេតុអ្វីខ្ញុំបោះបង់ខ្លួនឯងចោល ព្រោះតែមនុស្សម្នាក់នោះ ? ខ្ញុំពិតជាស្ដាយក្រោយនូវភាពក្មេងខ្ចីរបស់ខ្ញុំ ហើយខ្ញុំពិតជាស្ដាយក្រោយពេលវេលាកន្លងទៅដែលខ្ញុំលះបង់ឱ្យទៅគេ ហើយកាន់តែស្ដាយទៀតនោះ គឺតម្លៃខ្លួនឯង មិនគួររត់តាមស្នេហាមួយដែលដឹងថាវាគ្មានថ្ងៃអាចទៅមុខតាំងពីដំបូង ។
ខ្ញុំជឿហើយ ពាក្យថាស្នេហាទាល់តែមនុស្សពីរនាក់់មានចិត្តដូចគ្នា ស្រឡាញ់គ្នាទៅវិញទៅមក ទើបវាអាចទៅរួច រីឯស្នេហាដែលផ្ដើមឡើងពីមនុស្សតែម្នាក់ ទោះយើងព្យាយាមយ៉ាងណាក៏គ្មានថ្ងៃកើតឡើង ហើយយើងបានត្រឹមតែជាមនុស្សលេងសើចសម្រាប់គេ បានត្រឹមជាមនុស្សកំដពេលដែលគេគ្មានអ្នកណា ។ មែនហើយ ស្នេហាវាធ្វើឱ្យមនុស្សយើងល្ងង់ បាត់បង់ភាពជាខ្លួនឯង កាលនោះខ្ញុំមិនខ្វល់ថា គេស្រឡាញ់យើងវិញ ឬ អត់ វាមិនសំខាន់ ឱ្យតែបាននូវក្បែរគេ ទោះមានសិទ្ធិ មានឋានៈត្រឹមអ្វីក៏ព្រមទទួល ។ ក្ដីសុខរបស់គេ គឺជាក្ដីសុខយើង ធ្វើឱ្យគេមានស្នាមញញឹម គឺវាមានន័យគ្រប់គ្រាន់ សម្រាប់យើងទៅហើយ តែយូរៗទៅខ្ញុំក៏មានអារម្មណ៍ថា ហត់នឿយ ព្យាយាមដើម្បីអ្វី ? ព្រមធ្វើល្ងង់ ធ្វើភ្លើដើម្បីអ្វី បើអ្វីៗយើងបានដឹងហើយថា បេះដូងគេគ្មានថ្ងៃអាចទទួលយើងផងនោះ ។
ការសម្រេចចិត្តចាកចេញ បញ្ចប់ទំនាក់ទំនងមួយនេះ ខ្ញុំគិតថា ជាវិធីតែមួយគត់អាចរំដោះខ្លួនឯង ចេញពីរឿងល្ងង់ខ្លៅមួយនេះ បើនៅបន្តគ្មានបានអ្វីក្រៅពីខូចចិត្ត តូចចិត្ត យំនឹកគេ ។ មែនហើយ! ពេលដើរមកចំណុចនេះ គឺទីកន្លែងដែលគ្មានគេ ទើបខ្ញុំដឹងថា ពិភពលោកនេះស្រស់ស្រាយប៉ុនណា ហើយខ្ញុំមានរឿងជាច្រើនទៀតដែលគួរធ្វើដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យល្អ ឱ្យកាន់តែប្រសើរ តែដោយសារ ក្ដីស្រឡាញ់ដែលលង់ទៅលើមនុស្សម្នាក់ វាធ្វើឱ្យខ្ញុំក្លាយជាមនុស្សផ្សេងលែងស្គាល់ខ្លួនឯង ។ អរគុណអតីតកាលដែលបង្រៀនឱ្យខ្ញុំបានដឹងច្បាស់ពីខ្លូនឯង ហើយធ្វើឱ្យខ្ញុំដឹងច្បាស់ថា ស្នេហាដែលកើតចេញតែម្ខាងគួរកុំបង្កើតអី វាបានត្រឹមតែធ្វើឱ្យខ្លួនឯងឈឺចាប់អត់ប្រយោជន៍ប៉ុនណោះ ៕