ប្រុសៗអាយុជាង២០ បើប្រាក់ខែលើសពី ៥០០ដុល្លារ កុំទាន់យកប្រពន្ធ មកធ្វើរឿង ៣ យ៉ាងនេះសិន
ក្រោយរៀនចប់ មានការងារតំណែងល្អមួយ ប្រាក់ខែសមរម្យ ឬ អាចនិយាយបានថា លើសពី ៥០០ ដុល្លារ បុរសៗមួយចំនួនត្រូវបានគ្រួសារ ឬ បុគ្គលខ្លួនឯងផ្ទាល់គិតគូររឿងយកភរិយាបាត់ទៅហើយ ។ តទៅនេះគ្រាន់តែជាគំនិតមួយជ្រុង ដែលចែករំលែកដោយលោកសាស្ត្រាចារ្យ ហេង ដារារិទ្ធិ បង្រៀននៅសាកលវិទ្យាល័យឯកជនមូយ សម្រេចចិត្តរៀបការនៅវ័យជាង ៣០ ឆ្នាំ ។ លោកបាន ប្រើវិធី ៣ យ៉ាងក្នុងវ័យជាង ២០ ឆ្នាំ រហូតបានជោគជ័យមុនសម្រេចចិត្តយកភរិយា ៖
១. បង្កើតគណនីធនាគារឱ្យបានលើសពី ២
ប្រាក់ខែគួរសមដែរ អាចនិយាយបានថា មានឱកាសក្នុងការសន្សំប្រាក់ ម្យ៉ាងខ្លួនមួយផងកាន់តែងាយ ក្នុងការសន្សំ ។ បែបនេះគួរតែបង្កើតកុងធនាគារមួយទៀត សម្រាប់សន្សំប្រាក់ខែ ទុកសម្រាប់រកស៊ី ឬ ចូលភាគហ៊ុនជាមួយមនុស្សដែលខ្លួនទុកចិត្ត ។
២. ចាប់ផ្ដើមរៀនវិនិយោគ ឬ បង្កើតការងារផ្ទាល់ខ្លួនបណ្ដើរៗ
នៅពេលដែលសន្សំប្រាក់បានត្រឹម ៣ ទៅ ៤ ពាន់ដុល្លារក្នុងដៃ អាចមានលទ្ធភាពក្នុងការវិនិយោគ ដូចជាទិញដី នៅតំបន់ណាមួយដែលស្របច្បាប់ និង អាចមានឱកាសត្រូវប៉ាន់ ដើម្បីលក់យកចំណេញ ឬ ជួលឱ្យគេទៅថ្ងៃមុខ ដើម្បីមានទ្រព្យធនក្នុងដៃទៅថ្ងៃអនាគត ។
៣. ទៅពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត
ប្រសិនបើមានប្រាក់ចំណូលត្រឹមប៉ុននេះហើយសម្រេចចិត្តរៀបការ ប្រាកដណាស់នឹងប្រើប្រាស់លុយទាំងនេះផ្គត់ផ្គង់គ្រួសារ ។ ទាន់មានលុយ មានពេលវេលា និង ខ្លួនមួយផង គួរតែទៅរៀនអ្វីបន្ថែមទៀត អាចជាថ្នាក់ជាន់ខ្ពស់ ភាសាបរទេស ឬ ដាក់អាហារូបករណ៍ទៅក្រៅប្រទេស ប្រសិនបើគិតថាខ្លួនឯង នៅខ្វះខាត ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ