ចង់បានក្ដីស្រឡាញ់ ពីមនុស្សដែលគ្មានចិត្តលើយើង បានត្រឹមតែ ឈឺចាប់ ខាតពេល
ស្រឡាញ់មនុស្សម្នាក់ពិតជាគ្មានលក្ខខណ្ឌ ហើយការដែលស្រឡាញ់មនុស្សម្នាក់ក៏គ្មានហេតុផល ។ ពេលខ្លះ ស្រឡាញ់មនុស្សម្នាក់ខ្លាំងពេក អ្នកនឹងប្រាប់ខ្លួនឯងថា ទោះមិនបានគេជាគូស្នេហ៍ បានត្រឹមឃើញស្នាមញញឹម បានត្រឹមនៅក្បែរគេក៏អ្នករីករាយនឹងទទួលយក ។ ទាំងនេះវាគ្រាន់តែជាការកុហក ការលួងលោមចិត្តខ្លួនឯង ដើម្បីលើកទឹកចិត្តឱ្យខ្លួនឯងបន្តទៀត ព្រោះសង្ឃឹមនឹងបានការតបស្នងពីគេ នៅថ្ងៃណាមួយ ។
ស្រឡាញ់គេតែម្នាក់ឯងក៏យល់ព្រម មានក្ដីសុខតែម្នាក់ឯង ឆ្កួតតែម្នាក់ឯងក៏បាន..តែអ្នកដែលគិតបកក្រោយទេថា អ្នកអាចធ្វើបាន? ហើយអ្នកពិតជាពេញចិត្ត ហើយពិតជាមិនឈឺចាប់ពិតមែនដែរទេ ? ចម្លើយគឺអ្នកកំពុងព្យាយាមនាំខ្លួនឯងពីមនុស្សដែលមិនខ្វល់អ្វីសោះ ពីមនុស្សដែលធ្លាប់តែរីករាយ ទៅជាមនុស្សម្នាក់ផ្សេងទៀតព្រោះតែគេ ។ ពេលអ្នកឃើញគេម្នាក់នោះស្និទ្ធនឹងអ្នកផ្សេងតើអ្នកឈឺចាប់ទេ? លួចខឹង ឬ លួចអន់ចិត្តទេ ? អ្នកតែងចង់ឆ្លើយឆ្លងជាមួយគេគ្រប់ពេល បែបនេះអ្នកតែងព្យាយាម ឆាតទៅគេ ខលទៅគេ ហើយអ្នកតែងរីករាយ រំភើបពេលបានឃើញគេឆ្លើយតប តែសួរថាគេដែលមានចេតនាទាក់ទងមកអ្នកមុនដែរទេ ? គ្រប់យ៉ាងអ្នកផ្ដើមមុនទាំងអស់ ។
ថ្ងៃមួយនោះអ្នកហាក់មានអារម្មណ៍ថា គេមានចិត្តមកលើអ្នកខ្លះៗ ព្រោះតែការយកចិត្តទុកដាក់ដ៏លើសលប់របស់អ្នកទៅលើគេ ។ ពេលនោះអ្នកនឹងផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯងទៀតថា គេចាប់ផ្ដើមស្រឡាញ់អ្នក ហើយអ្នកក៏បន្តវាទៀត ។ អ្នកទទួលបានភាពកក់ក្ដៅទាំងគេមិនបានធ្វើអ្វីសោះ គ្រាន់តែយល់ព្រមទៅញ៉ាំអាហារខាងក្រៅជាមួយអ្នក គ្រាន់តែផ្ដល់ភាពស្និទ្ធស្នាលឱ្យអ្នក ហើយអ្នកស្រាប់តែទឹកភ្នែកភ្លាមនៅថ្ងៃណាមួយដែលគេលែងមានពេលវេលាឱ្យអ្នក គេលែងសូវឆ្លើយតបឆាបរបស់អ្នក ។ អ្នកនៅតែបន្តទោះឈឺម្ដងហើយម្ដងទៀត ទោះលួចអន់ចិត្ត លួចយំរាប់ភ្លេច គ្រាន់តែគេអើពើនឹងអ្នកបន្តិចអ្នកក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង ។
កន្លងទៅគេដែលនិយាយពាក្យថា នឹកអ្នកទេ? ធ្លាប់និយាយថាស្រឡាញ់អ្នកទេ ? គឺ អត់ដែលសោះ មែនទេ? ហើយកន្លងមកអ្នកគិតតែម្នាក់ឯងទេមែនទេ? ហើយគិតថាការតបស្នងរបស់គេកន្លងមក ព្រោះគេស្រឡាញ់អ្នកមែនទេ ? ចម្លើយគឺអ្នកព្យាយាមគ្រប់បែបយ៉ាងតែម្នាក់ឯងគត់ ហើយការទទួល បានការតបស្នងកន្លងមកនោះ គឺទទួលបានទាំងតឹងទ្រូងដែលអ្នកយល់ព្រមកុហកខ្លួនឯងថា គេពេគចិត្តនឹងផ្ដល់ក្ដីស្រឡាញ់ទាំងការពិត គឺអ្នកកុហកខ្លួនឯងព្រោះស្រឡាញ់គេ ។
អ្នកគួរបន្តឱ្យជីវិតមួយនេះញ៉ាំញីព្រោះតែគេ ឬ អ្នកគួរដើរចេញដើម្បីសង្គ្រោះខ្លូនឯងពីការឈឺចាប់ គឺវាអាស្រ័យលើអ្នកផ្ទាល់ ។ បើអ្នកស្រឡាញ់ខ្លួនឯង អ្នកទទួលស្គាល់ការពិត នោះអ្នកនឹងដើរចេញដោយអស់ចិត្តមិនខាន ហើយចុងក្រោយអ្នកនឹងមានអារម្មណ៍ថា សោកស្ដាយនូវពេលកន្លងមកដែលអ្នកលះបង់ គ្មានប្រយោជន៍អ្វីទាល់តែសោះ ៕