«អន់ចិត្ត» អ្នកកើតទុក្ខគឺខ្លួនឯង ! ៦ យ៉ាងកុំឱ្យចេះតែអន់ចិត្ត តូចចិត្ត នឹងអ្នកណាពេក
ហេតុអ្វីបានត្រូវអន់ចិត្ត ហើយពេលអន់ចិត្តរួចបានអីមកវិញ ? អ៊ីចឹងម៉េចក៏ពូកែអន់ចិត្តម្ល៉េះ ? អន់ចិត្តជាមួយអ្នកនេះ ជាមួយអ្នកនោះ ចុងក្រោយបានត្រឹមកើតទុក្ខតែខ្លួនឯង ។ តទៅនេះ ជាវិធីជួយកាត់បន្ថយអារម្មណ៍កុំចេះតែអន់ចិត្តនឹងអ្នកណាពេក ៖
១. គិតខ្វល់ពីរឿងខ្លួនឯងឱ្យបានច្រើន
ការគិតខ្វល់ខ្វាយពីអ្នកដទៃហួសហេតុពេក នាំតែកើតការអន់ចិត្តនៅពេលដែលម្នាក់នោះ គេមិនសូវអើពើនឹងអំពើល្អ ការយកចិត្តទុកដាក់ចំពោះយើង ។ ទោះយើងតែនិយាយថា មិនចង់បានអ្វីតបស្នងមកវិញពីគេម្នាក់នោះ តែនេះគ្រាន់តែជាពាក្យកុហកខ្លួនឯង ទោះចង់មិនចង់ អ្នកនឹងនឹកអន់ចិត្តចំពោះគេថ្ងៃណាមួយមិនខាន ។
២. សម្ដីអ្នកដទៃគ្រាន់តែនិយាយហើយរសាត់តាមខ្យល់
ពេលខ្លះក្នុងជីវិតយើងប្រាកដជាឮពាក្យណាដែលយើងមិនចង់ឮ តែសួរថាគេចផុតទេ ? ចម្លើយ គឺអត់អាចទេ ព្រោះប្រឡូកក្នុងសង្គមមានមនុស្សចរិតផ្សេងៗពីគ្នា តែសួរថាអ្នកទាំងនោះ មានឥទ្ធិពល ឬ អំណាចលើជីវិតយើងទេ ? ចម្លើយគឺអត់ទេ ។ ដូច្នេះហើយកុំសូវយកសម្ដីអ្នកណាមកគិតច្រើនពេកសំខាន់ធ្វើតែអំពើល្អទៅបានហើយ ។
៣. កុំដាក់ក្ដីសង្ឃឹម ឬ ក្ដីរំពឹងចំពោះអ្នកណាឱ្យសោះ
មនុស្សរស់នៅក្នុងសង្គមតែងពឹងអាស្រ័យគ្នាជៀសមិនផុត តែសូមកុំដាក់ក្ដីសង្ឃឹម ឬ ក្ដីរំពឹងលើអ្នកណា ត្រូវចាំថាក្នុងសង្គមនេះម្នាក់ៗគិតខ្លួនឯងជាធំ មុនជួយអ្នកណា ។ កុំផ្ញើក្ដីសង្ឃឹមលើគេ អ្វីៗគឺកើតចេញពីខ្លួនយើង ។ គេជួយ ឬ មិនជួយ គេមានសិទ្ធិជ្រើសរើស យើងគ្រាន់តែជាមនុស្សម្នាក់ដែលគេបានត្រឹមតែស្គាល់ប៉ុនណោះ ។
៤. កុំចេះតែគិតអវិជ្ជមានពេក
មនុស្សខ្លះនិយាយស្ដីឱ្យតែបាន អ្នកខ្លះចរិតហីៗ អ្នកខ្លះទៅចរិតឆ្មើងឆ្មៃ តែយើងមិនអាចកំណត់ថា អ្នកនេះជាមិត្តយើង អ្នកនោះជាសត្រូវយើង ព្រោះយើងមើលមនុស្សមិនធ្លុះឡើយ ។ ជួនកាលអ្នកខ្លះយើងគិតថាគេជាមនុស្សល្អចុងក្រោយចាក់ពីក្រោយខ្នង អ្នកខ្លះយើងគិតថាគេអាក្រក់តែចុងក្រោយគេបែរជាហុចដៃជួយ ។ បើកចិត្តឱ្យទូលាយ គិតវិជ្ជមានឱ្យបានច្រើន នោះអ្នកណាក៏អាចក្លាយជាមិត្តយើងបានដែរ ។
៥. កុំព្យាយាមធ្វើជាមេបា ឬ ម្ចាស់ជីវិតរបស់អ្នកណា
ពេលដែលអ្នកពេញចិត្តលើនរណាម្នាក់ អ្នកចង់ឱ្យគេក្លាយជាមនុស្សពាក់ព័ន្ធក្នុងជីវិតអ្នក ជាហេតុនាំឱ្យអ្នកចង់ឱ្យគេធ្វើអ្វីៗតាមយោបល់អ្នក ។ ត្រូវចាំថា សូម្បីឪពុកម្ដាយគេបង្កើត គេនៅបើកចិត្តឱ្យកូនធ្វើអ្វីៗតាមក្ដីស្រមៃរបស់គេ ចុះទម្រាំយើងជាអ្នកដទៃសោះ អីក៏ចង់ជ្រៀតចូលជីវិតគេម្ល៉េះ ?
៦. កុំទៅចងចិត្តឈ្នាសនីសអ្នកដទៃ
ការយកខ្លួនឯងទៅប្រៀបជាមួយអ្នកដទៃ ជាហេតុនាំឱ្យអ្នកឃើញគេល្អជាងខ្លួនឯងកើតទៅជាចិត្តច្រណែន ។ ត្រូវចាំថាទោះជាអ្នកប្រៀបធៀបរហូតដល់ស្លាប់ក៏គ្មានអ្វីកែប្រែបានដែរ ។ ជីវិតយើង គឺជាយើង ជីវិតគេជារបស់គេ មនុស្សម្នាក់ៗមានស្ថានភាពជីវិតរស់នៅផ្សេងៗគ្នា ។ ខិតខំធ្វើអ្វីតាមលទ្ធភាពដែលខ្លួនឯងមានជាជម្រើសល្អបំផុត ៕