ដំបូងគិតថាគេ ស្រឡាញ់ តែការពិត គឺយើងអ្នកគិតឆ្កួតម្នាក់ឯង រហូតមក
ការយកចិត្តទុកដាក់ ការព្រួយបារម្ភ របស់គេហាក់ចាក់ចូលក្នុងអារម្មណ៍ខ្ញុំ ខុសប្លែកពីទង្វើរបស់អ្នកដទៃ ដែលគេធ្វើបែបនេះដាក់ខ្ញុំ តែខ្ញុំមិនទទួលបានអារម្មណ៍រំភើបអ្វីបន្តិចសោះ ។ ស្នាមញឹមរបស់គេ ភាពរស់រាយរបស់គេ តែងស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ ហើយពេលខ្លះនឹកឃើញដល់មុខគេក៏ខ្ញុំអាចញញឹមបានដែរ ។ នេះហើយមែនទេដែលគេហៅថា ជាក្ដីស្រឡាញ់ ជាក្ដីសុខដែលចេញពីការគិតម្នាក់ឯងទាំងគេមិនដែលបង្ហើប ឬ បង្ហាញសញ្ញាណថា គេស្រឡាញ់យើងសោះនោះ ។
ខ្ញុំតែងទទួលអារម្មណ៍រំភើប បេះដូងលោតញាប់គ្រប់ពេល នៅពេលនៅក្បែរគេ ជាពិសេសពេលទៅណាមកណាជាមួយគេតែពីរនាក់ ខ្ញុំគិតរហូតមកថា ខ្ញុំ និង គេ កំពុងឈានទៅរកការបង្កើតស្នេហាជាមួយគ្នាហើយ នៅចាំតែថ្ងៃខ្ញុំ ឬ គេជាអ្នកសារភាពប៉ុណ្ណោះ ។ ទោះគេមិនបាននិយាយពាក្យស្រឡាញ់មកកាន់ខ្ញុំ តែខ្ញុំក៏ព្រមស្ម័គ្រចិត្ត គិតក្នុងចិត្តអំពីគេដែលធ្វើឲ្យខ្ញុំមានក្ដីសុខ មានកម្លាំងចិត្ត ធ្វើអ្វីគ្រប់បែបយ៉ាង ។ ពេលដែលខ្ញុំកំពុងមានក្ដីសុខ ទាំងមិនដឹងថានេះជាស្នេហា ឬ ជាអ្វីផងនោះ ក៏មានអារម្មណ៍មួយទៀតឈឺចាប់ខ្លាំងបំផុត ពេលដែលឃើញគេស្និទ្ធស្នាលជាមួយអ្នកផ្សេង មិនថាអ្នកនោះជាមិត្តគេ ឬ ជាអ្នកណា ខ្ញុំស្រាប់តែមានអារម្មណ៍អន់ចិត្ត លួខខឹកគេ ស្អប់គេ ទាំងគេមិនខ្លួនសូម្បីបន្តិច ។
រូបតំណាង
ខ្ញុំតែងចង់ធ្វើជាម្ចាស់បេះដូងគេ តែងចង់បានគេជាកម្មសិទ្ធិផ្ដាច់មុខ ហើយតែងលួចស្រមៃថា ថ្ងៃណាមួយខ្ញុំនឹងមានពេលវេលាផ្អែមល្ហែមជាមួយគ្នា ទៅដើរលេងឆ្ងាយៗតែពីរនាក់ បង្កើតពេលវេលា និង ការចងចាំល្អៗជាមួយគ្នា...។ អារម្មណ៍រវើរវាយបែបនេះចេះតែបន្តកើតមានក្នុងខួរក្បាលខ្ញុំជារៀងរាល់ថ្ងៃ ពេលខ្លះគ្រាន់តែស្ដាប់បទចម្រៀងកម្សត់ៗក៏អាចធ្វើឲ្យខ្ញុំយំបានដែរ ។ តើខ្ញុំពីមុនបាត់ទៅណាបាត់ហើយ ? ខ្ញុំស្រាប់តែចេះផ្លាស់ប្ដូរចរិតខ្លួនឯង ពេលខ្លះធ្វើជាសុភាពរាបសាខ្លាំង ពេលខ្លះធ្វើដូចកូនក្មេង ព្រោះចង់ឲ្យគេចាប់អារម្មណ៍... ។ ខ្ញុំពិតជាថប់ តឹង ណែន ក្នុងទ្រូងពេលឃើញមុខគេម្ដងៗ ចង់ឲ្យគេខ្វល់ខ្វាយពីខ្លួន ចង់ឲ្យគេនៅក្បែរ និយាយទៅចង់ឲ្យគេប្រាប់ថា ស្រឡាញ់ខ្ញុំ ហើយចាប់ផ្ដើម ក្លាយជាគូស្នេហ៍នឹងគ្នា ។
តែកន្លងអស់ទៅជាយូរ ទើបខ្ញុំដឹងថា ខ្លួនឯងក៏ជាមនុស្សម្នាក់មិនខុសពីអ្នកផ្សេងដែលគេរាប់អានធម្មតាៗប៉ុណ្ណោះ វាគ្មានអីពិសេសនោះទេ ។ កន្លងមកគេធ្វើល្អដាក់ខ្ញុំ ចូលចិត្តលេងសើចជាខ្ញុំ ទៅណាមកណាជាមួយខ្ញុំ ព្រោះតែគេចូលចិត្តខ្ញុំ តែគេមិនបានស្រឡាញ់ខ្ញុំទេ តែខ្ញុំជាអ្នកឆ្កួតខ្លួនឯង គិតខ្លួនឯងរហូតមកថាទង្វើគេជាក្ដីស្រឡាញ់ មកពីខ្ញុំងប់ងល់គិតលើសព្រំដែនតែម្នាក់ឯង ។ ចុងក្រោយទើបខ្ញុំដឹងថា គេមានមនុស្សដែលគេស្រឡាញ់ហើយ ហើយម្នាក់នោះពុំមែនជាខ្ញុំទេ...តើខ្ញុំគួរកាត់ចិត្តពីគេបែបណាទៅ បើខ្ញុំដាក់ចិត្តស្រឡាញ់គេតាំងពីដំបូងដែលបានស្គាល់គេ ។ ខ្ញុំពិតជាមិនអាចប្រឈមមុខនឹងគេបានឡើយ ព្រោះខ្ញុំមិនចង់ឲ្យគេឃើញទឹកមុខខ្ញុំទេ ហើយខ្ញុំក៏មិនចង់ឲ្យគេដឹងទៀតថា កន្លងមកខ្ញុំមិនមែនសេពគប់គេជាមិត្តធម្មតាឡើយ គឺខ្ញុំស្រឡាញ់គេ... ។
ខ្ញុំសង្ឃឹមថា ក្រោយពីអ្នកទាំងអស់គ្នា បានអានសាច់រឿងមួយនេះហើយ សូមកុំយកខ្លួនឯងឲ្យឈឺចាប់ព្រោះតែក្ដីស្រឡាញ់ដែលកើតចេញតែម្ខាងឲ្យសោះ ព្រោះវាឈឺចាប់ខ្លាំង…៕
អត្ថបទ ៖ មនុស្សកំសាក