ធ្វើការអង្គុយទល់មុខគ្នារាល់ថ្ងៃ បើចាប់បានសញ្ញា ៩ យ៉ាងនេះ ច្បាស់ក្រឡែតគេកំពុងលួច Crush លើយើងហើយ!
អ្នកធ្វើការក្នុងអូហ្វីសច្រើនតែជួបមុខគ្នារៀងរាល់ថ្ងៃ ចុះតើអ្នកដឹងទេថា បើមាននរណាម្នាក់លួចចាប់ចិត្ត ឬ Crush មកលើអ្នក តើគេនឹងមានអាកប្បកិរិយា ឬ សកម្មភាពបែបណា? «ប្រជាប្រិយ» សូមលើកពីសកម្មភាពមួយចំនួនដែលជាសញ្ញាបង្ហាញថា អ្នកធ្វើការណាម្នាក់កំពុងតែលួចចាប់ចិត្តមកលើអ្នក ទាំងដែលមានសកម្មភាពមួយចំនួនក្នុងចំណោមនោះ អ្នកអាចនឹងមិនដឹងខ្លួនទៀតផង។
១. តែងតែចង់ភ្ជាប់ទំនាក់ទំនង ៖ បើបុគ្គលិកណាម្នាក់តែងតែរិះរកវិធីដើម្បីបាននិយាយ ឬបានធ្វើអ្វីជាមួយអ្នកជាប្រចាំ ដូចជាការសន្ទនា ឬស្វែងរកហេតុផលណាមួយដើម្បីបានធ្វើការជាមួយអ្នក មានន័យថាគេកំពុងមានចិត្តមកលើអ្នកហើយ។
២. កាយវិការ៖ អំឡុងពេលដែលគេនៅជិតអ្នក គេអាចនឹងសម្លឹងមកអ្នកក្នុងរយៈពេលយូរ ជួនខិតមកជិតពេលនិយាយជាមួយអ្នក ឬលួចមើលពេលអ្នកធ្វើសកម្មភាពអ្វីមួយ។
៣. សរសើរ៖ ប្រសិនបើគេតែងសរសើរអ្នកអំពីរូបសម្រស់ ការងារ ឬក៏អត្តចរិតរបស់អ្នក វាជាសញ្ញាដែលគេព្យាយាមធ្វើឱ្យអ្នកចាប់អារម្មណ៍មកលើរូបគេវិញដូចគ្នា។
៤. សំណួររឿងផ្ទាល់ខ្លួន៖ អ្នកដែល Crush មកលើអ្នកច្រើនតែសួរសំណួរទាក់ទងនឹងរឿងផ្ទាល់ខ្លួនដូចជា ចំណាប់អារម្មណ៍ ការកម្សាន្ត ប្រវត្តិ ជាពិសេសរឿងស្នេហាតែម្តង។
៥. មានកាដូ ឬរបស់ជូន៖ គេអាចនឹងឱ្យជាកាដូ ឬរបស់ដែលអ្នកចូលចិត្ត ឬរបស់អ្វីមួយដែលធ្វើឱ្យអ្នកញញឹម។ តែកុំភ្លេចណា នេះហើយជានុយស្ទូចយកបេះដូងអ្នកដោយមិនដឹងខ្លួន។
៦. ប្រចណ្ឌ៖ បើអ្នកនៅជិតមនុស្សផ្ទុយភេទដទៃ ឬម្នាក់នោះគេធ្វើអ្វីល្អដាក់អ្នក អ្នកដែលលួចចាប់ចិត្តអ្នកនឹងបង្ហាញអារម្មណ៍មិនពេញចិត្ត ឬប្រចណ្ឌ ដែលនេះបង្ហាញយ៉ាងច្បាស់ថាគេកំពុងមានអារម្មណ៍មកលើអ្នក។
៧. បង្កើតចំណាប់អារម្មណ៍៖ បើនរណាម្នាក់ចាប់ចិត្តមកលើកអ្នក គេនឹងព្យាយាមធ្វើខ្លួនគេឱ្យអ្នកចាប់អារម្មណ៍ មិនថាការតែងខ្លួន ការនិយាយស្តី សកម្មភាព ឬក៏បង្កើតភាពកំប្លែងធ្វើឱ្យអ្នកសើច។
៨. តាមដានអ្នកលើបណ្តាញសង្គម៖ គេនឹងព្យាយាមស្គាល់គណនីរបស់អ្នកនៅលើបណ្តាញសង្គមឱ្យបាន ហើយគេតែងតែចុច Like, Comment ឬធ្វើអ្វីមួយដើម្បីបានការឆ្លើយឆ្លងជាមួយអ្នក។
៩. សកម្មភាពប៉ះ៖ គេព្យាយាមធ្វើយ៉ាងណាឱ្យបានប៉ះពាល់អ្នក ហោចណាស់ត្រឹមដៃ ឬឈរប៉ះគ្នាបន្តិចក៏អស់ចិត្ត។ ជាពិសេសការប៉ះដៃដែលជាសញ្ញាបង្ហាញច្បាស់ថា គេពិតជាចាប់ចិត្តមកលើអ្នក៕