ធ្លាប់អត់? យល់សប្តិថាមានអ្នកដេញធ្វើបាប ភ្ញាក់ឡើងភ័យបែកញើស វាអាចមកពីមូលហេតុ និងអត្ថន័យយ៉ាងនេះ
នៅពេលដែលគេងលក់ មនុស្សយើងចៀសមិនផុតនោះទេពីការយល់សប្តិ ហើយការយល់សប្តិនីមួយៗនោះ ក្រៅពីទាក់ទងនឹងរឿងអបិយជំនឿហើយ វាក៏មានអត្ថន័យដែលបង្ហាញពីគុណភាពនៃសុខភាពផ្លូវចិត្ត ឬផ្លូវកាយរបស់យើងបានដែរ។
ជាក់ស្តែង ប្រាកដណាស់យើងម្នាក់ៗពិតជាធ្លាប់យល់សប្តិថាមានគេដេញពីក្រោយ ដែលមានទាំងការដេញចាក់ ដេញកាប់ ឬដេញធ្វើបាបជាច្រើនរូបភាពផងដែរ ហើយក៏មានអ្នកខ្លះយល់សប្តិច្រើនយប់ជាប់ៗគ្នាក៏មាន។ ការយល់សប្តិបែបនេះ ពិតជាធ្វើឱ្យមានការហត់នឿយណាស់ ព្រោះយើងមានអារម្មណ៍ថាដូចជាបានរត់គេចពិតមែន។
ក្នុងនោះ បើតាមចិត្តវិទ្យាបានបានឱ្យដឹងថា ការយល់សប្តិបែបនេះ អាចបណ្តាលមកពីការដែលយើងមានភាពស្មុគស្មាញច្រើនពេក ការមានសម្ពាធពីការងារ ឬក៏មានភាពភ័យខ្លាចកង្វល់ និង ការចង់រត់គេចចេញពីអ្វីមួយនៅក្នុងជីវិតពិត។ ដូច្នេះហើយ យូរៗទៅរឿងរ៉ាវទាំងនេះ ក៏បានសន្សំនៅក្នុងចិត្ត រហូតដល់ពេលយើងគេងលក់ វាក៏ចេញមកធ្វើការក្នុងរូបភាពជាយល់សប្តិអាក្រក់ ដែលជាក់ស្តែងមានការយល់សប្តិឃើញគេដេញធ្វើបាបនេះឯង។
យ៉ាងណាមិញ សម្រាប់អ្នកដែលចង់កាត់បន្ថយយល់សប្តិអាក្រក់ គួរតែញ៉ាំបាយឱ្យឆ្អែតល្មមនៅពេលល្ងាច ហាត់ប្រាណឱ្យបានតិចតួច និងព្យាយាមសម្រាកខួរក្បាល ១ ឬ ២ ម៉ោងមុនគេង ដោយមិនគិតរឿងរ៉ាវផ្សេងៗ។ ហើយបើសិនជាមានការភ្ញាក់មកនៅកណ្តាលយប់ គួរតែងើបមកអង្គុយទទួលយកខ្យល់អាកាសមួយសន្ទុះសិន ចាំដល់ងងុយវិញ ចាំចូលគេងបន្ត៕