ឆ្លាតតែប៉ុន្មានចំណុចនេះ បើកអាជីវកម្មខ្នាតតូចដឹងតែដំណើរការ
មិនថាបើកអាជីវកម្មខ្នាតតូចក្តី ការរៀនសូត្រអំពីភាពជាអ្នកដឹកនាំពិតជាមានសារៈសំខាន់ដែលអាចជួយជ្រោមជ្រែងអាជីវកម្មឱ្យដំណើរការទៅមុខ ស្រួលមិនស្រួលអាជីវកម្មខ្នាតតូចនេះអាចជាអនាគតក្រុមហ៊ុនយក្សក៏ថាបាន។ នរណាៗក៏អាចក្លាយជាអ្នកដឹកនាំអាជីវកម្មបានដែរ ប៉ុន្តែការដឹកនាំដ៏មានប្រសិទ្ធភាពតម្រូវឱ្យមានសមត្ថភាពគ្រប់គ្រាន់ រួមផ្សំមានភាពសកម្មភាពចំពោះការងារ និងទំនួលខុសត្រូវខ្ពស់។ កុំបង្អង់យូរ កត់ត្រាចំណុចទាំងនេះដើម្បីត្រៀមសម្រាប់ដឹកនាំអាជីវកម្មរបស់អ្នក។
១. រៀបគម្រោង
ស្នូលដ៏សំខាន់នៃការដឹកនាំអាជីវកម្ម គឺការចេះត្រៀមខ្លួនទប់ទល់ជាមុនជាជាងការទប់ទល់នៅពេលអ្វីមួយបានកើតឡើង។ អ្នកដឹកនាំពួកគេមានជំនាញក្នុងការទប់ទល់នៅពេលមានវិបត្តិឬបញ្ហា ប៉ុន្តែក៏មិនមែនមានន័យថាពួកគេអង្គុយមួយកន្លែងហើយដោះស្រាយបញ្ហាកើតឡើងដដែលៗនោះដែរ។ អ្នកដឹកនាំឆ្លាតវៃដឹងច្បាស់ឫសគល់នៃបញ្ហា ហើយពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយ ដោយមិនឱ្យបញ្ហាឬវិបត្តិទាំងប៉ុន្មានមករាំងស្ទះដល់ដំណើរការការងាររបស់ពួកគេឡើយ។ ដូច្នេះធ្វើជាអ្នកដឹកនាំខ្លាំងត្រូវឆ្លាតវៃក្នុងការវិភាគ ចេះរៀបចំគម្រោង និងសម្របសម្រួលគម្រោងទៅតាមកាលៈទេសៈ ក៏ដូចជាឆក់យកឱកាសថ្មីៗ។
២. មានចក្ខុវិស័យវែងឆ្ងាយ
ចក្ខុវិស័យមានសារៈសំខាន់បំផុតចំពោះភាពជាអ្នកដឹកនាំ។ ចក្ខុវិស័យគឺជាក្តីសុបិនឬមហិច្ឆតាដែលមានថាមពលអាចជួយជំរុញឱ្យអ្នកប្រឹងប្រែងប្រកបអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យបាន។ មិនថាអាជីវកម្មរបស់អ្នកខ្នាតតូចឬធំ បើអ្នកមិនមានគំនិតស្រមើស្រមៃពីអនាគតនៃអាជីវកម្មរបស់ខ្លួនទេ នោះវាប្រៀបបីដូចការធ្វើដំណើរដោយគ្មានគោលដៅដែរ។ ដូចនេះបើអ្នកមិនទាន់បានសម្លឹងឃើញអ្វីមួយដែលជាគោលដៅអាជីវកម្មរបស់អ្នក អ្នកគួរតែចាប់ផ្តើមធ្វើការស្រាវជ្រាវពីឥឡូវនេះ។
៣. ចែករំលែកចក្ខុវិស័យ
ការចែករំលែកចក្ខុវិស័យអាចជួយឱ្យក្តីស្រមៃ និងអាជីវកម្មរបស់អ្នកកាន់តែមានប្រសិទ្ធភាព។ នៅពេលអ្នកប្រាប់នរណាម្នាក់អំពីក្តីស្រមៃរបស់អ្នក អ្នកនឹងចាប់ផ្តើមជឿជាក់លើក្តីស្រមៃរបស់ខ្លួនកាន់តែខ្លាំង ហើយអ្នកនឹងប្តេជ្ញាប្រឹងប្រែងធ្វើវាឱ្យអស់ពីលទ្ធភាពដើម្បីឱ្យក្តីស្រមៃក្លាយជាការពិត។
៤. ត្រូវតែមានសកម្មភាព
ដំណាក់កាលនេះ អ្នកដឹកនាំត្រូវអនុវត្ត៣ចំណុចខាងលើឱ្យមានប្រសិទ្ធភាព បន្ទាប់មកចាប់ផ្តើមសកម្មភាពបោះជំហានតាមគម្រោងដែលបានគ្រោងទុក។ និយាយរួម ពេលមានគម្រោងហើយ ត្រូវចាប់ផ្តើមធ្វើ និងធ្វើវាឱ្យអស់ពីលទ្ធភាព។
៥. ត្រូវមានថាមពលជំរុញចិត្ត
ប្រសិនបើសួរអ្នកថា តើអ្នកដឹកនាំខ្លាំងរូបណាខ្លះដែលអ្នកចង់យកគំរូតាម? ហេតុអ្វី? អ្នកប្រាកដជារៀបរាប់ពីឈ្មោះបុគ្គលជោគជ័យល្បីៗ និងនិយាយពីគន្លឹះល្អៗដែលពួកគេមាន។ មិនខុសនោះទេ ធ្វើជាអ្នកដឹកនាំតែងតែអភិវឌ្ឍនជំនាញ និងចំណេះដឹងពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ អ្នកដឹកនាំតែងជ្រើសរើសផ្លូវដើរដោយយកគំរូតាមបុគ្គលជោគជ័យល្បីៗ ហើយបុគ្គលល្បីៗទាំងនោះហើយដែលជាថាមពលជំរុញឱ្យពួកគេជម្នះរាល់ឧបសគ្គរហូតទទួលផលសម្រេចនៅថ្ងៃមុខ។ ដូច្នេះ ពេលធ្វើជាអ្នកដឹកនាំអាជីវកម្ម អ្នកគួរតែមាននរណាម្នាក់ដែលជាគំរូ ជាថាមពលដែលជំរុញឱ្យអ្នកបោះជំហានទៅមុខឥតឈប់ឈរ។ មិនថាតែរៀនសូត្រពីបុគ្គលល្បីៗលើពិភពលោកនោះទេ សូម្បីបុគ្គលជោគជ័យក្នុងអាជីវកម្មជិតៗខ្លួនក៏អាចជាបទពិសោធនល្អៗសម្រាប់អ្នកផងដែរ។ នៅជិតពួកគេឱ្យបានច្រើន អ្នកនឹងរីកចម្រើនដូចគ្នានៅថ្ងៃណាមួយមិនខាន៕