សូមប្រយ័ត្ន! ក្រុមបោកប្រាស់ ទាំង ៣ ប្រភេទ ចាប់ផ្ដើមដើរបោកអ្នកទើបប្រឡងបាក់ឌុបជាប់
ក្រោយប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិហើយ មានយុវជនជាច្រើនចាប់ផ្ដើមឡើងមករាជធានីភ្នំពេញដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ។ ស្របពេលដែលកំណើនយុវជនមកទីក្រុងក៏មានក្រុមមនុស្សទុច្ចរិតចេញដើរបោកប្រាស់ក្រោមរូបភាពអំពើរល្អ ដែលធ្វើឱ្យយុវជនខ្លះចាញ់បោកគេ អស់លុយ ខាតពេលវេលាទទេៗ ។ ដូច្នេះសូមទៅដឹងទាំងអស់គ្នា ៖
១. មុខសញ្ញាដើរចែកក្រដាសឱ្យបំពេញដើម្បីបានអាហារូបករណ៍
មុខសញ្ញានេះប្អូនៗអាចឃើញតាមរយៈមនុស្សមួយក្រុមមានប្រុស មានស្រី ដើរចែកក្រដាសមួយ មានបំពេញព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិរូបសង្ខេប ។ ក្រោយបំពេញហើយ អ្នកទាំងនោះនឹងប្រមូលយកឈ្មោះ និង លេខ ដើម្បីទាក់ទង អាចជាការផ្ដល់អាហារូបករណ៍ ១០០% តែមិនដឹងថាសាលានោះ ប្រភពពីណា? មានការទទួលស្គាល់ ឬ ក៏អត់ផង ។ ម្យ៉ាងទៀតវាអាចជាអាហារូបករណ៍ដែលមិនពិត ដូចជាតម្រូវឱ្យបង់ថ្លៃសេវានេះ សេវានោះ ឬ តម្រូវឱ្យបង់មិនចេះចប់ ។ ដូច្នេះមានន័យថា វាជាអាហារូបករណ៍មិនពិតឡើយ ។ ដូច្នេះជៀសវាងកុំចេះតែបំពេញផ្ដេសផ្ដាសតាមក្រដាសដែលជនទាំងនោះដើរចែក ។
២. ជនដើរអូសទាញឱ្យចូលក្នុងសិក្ខាសាលាមានឱកាសក្លាយជាមហាសេដ្ឋី ឬ បុគ្គលជោគជ័យ
បច្ចុប្បន្នការរកស៊ីបែបនេះនៅតែមាន ហើយនៅតែមានអ្នកដែលចាញ់បោកព្រោះឆាប់លង់ជឿសម្ដីគេ ខ្វះការពិចារណា ។ សិក្ខាសាលានោះនឹងតម្រូវឱ្យអ្នកចូលរួមបង់ថ្លៃ ៥ ដុល្លារ ឬ ១០ ដុល្លារ តាមរយៈការបញ្ចុះបញ្ចូលពីមនុស្សមូយក្រុម ដែលគេហៅថាបណ្ដាញ ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សពូកែនិយាយអូសទាញ ដើម្បីឱ្យអ្នកដទៃទិញសំបុត្រចូលរួមសិក្ខាសាលានោះ ហើយពួកគេនឹងទទួលបានកម្រៃជើងសារ ។ សិក្ខាសាលានោះគេនឹងរៀបរាប់អំពីជីវិតជោគជ័យ មានផ្ទះវីឡានៅ មានសុទ្ធតែឡានទំនើបជិះ ដើរលេងក្រៅប្រទេស ហើយឱ្យអ្នកចូលរួមចុះឈ្មោះធ្វើជាបណ្ដាញរបស់ពួកគេ តាមរយៈដើរហៅគេឯងឱ្យចូលរួមក្នុងសិក្ខាសាលានោះ ។
ជារួមគ្មានបុគ្គលណាអាចមកបង្រៀនយើងឱ្យក្លាយជាសេដ្ឋីក្រៅពីខ្លួនឯងឡើយ ហើយប្រសិនបើអ្នកទាំងនោះជាមហាសេដ្ឋីមែនក៏គ្មានពេលដើរទៅញុះញង់បញ្ចុះបញ្ចូលគេ ដើម្បីបានលុយកុំមីស្យុងតិចតួចនោះដែរ ។
៣. ឱកាសធ្វើការងារប្រាក់ខែសុទ្ធតែរាប់ពាន់ដុល្លារតែតម្រូវឱ្យបង់លុយសិន
មានប្រភេទមួយទៀត គឺឱកាសការងារមិនចាំបាច់មានបទពិសោធន៍ មិនចាំបាច់ចំណាយកម្លាំង តែអាចរកលុយបានរាប់ពាន់ដុល្លារក្នុងមួយខែៗ ។ មនុស្សមួយក្រុមនោះតែងបង្ហាញខ្លួនតាមរយៈផ្ញើសារចូលក្នុងហ្វេសប៊ុក តាមរយៈការខល ឬ ផ្សព្វផ្សាយលើបណ្ដាញសង្គម ។ ពួកគេអាចបោកយកលុយតាមរូបភាពឱ្យបង់លុយមុនដើម្បីរៀបចំឯកសារ ឬ នីតិវិធីផ្សេងៗ ។ ដូច្នេះសូមកុំចេះតែបង់ផ្ដេសផ្ដាសព្រោះគ្មានការងារណាដែលមានប្រាក់ខែរាប់ពាន់ដុល្លារ ងាយៗស្រួលៗទេ ពួកគេបង្អួតបែបនេះ ដើម្បីឱ្យអ្នកដែលមិនធ្លាប់ដឹងព័ត៌មានបង់លុយឱ្យពួកគេតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ទាំង ៣ ចំណុចខាងលើនេះ គឺតាមរយៈការសាកសួរបទពិសោធន៍ពីយុវជនមួយចំនួន ធ្លាប់បានឃើញ និង អ្នកទៀតធ្លាប់ចាញ់បោកគេផ្ទាល់តែម្ដង ដែលធ្វើឱ្យខាតទាំងលុយ ខាតទាំងពេលវេលា ៕