តស៊ូទាល់តែសម្រេច ទោះបីជាឈឺទៅប្តូរក្រលៀននៅប្រទេសឥណ្ឌារាប់ខែ នៅតែប្រឡងជាប់
អាណិតយុវសិស្សរូបនេះណាស់ ទោះបីជាឈឺ និង ខកខានមិនបានទៅរៀនរាប់ខែ ព្រោះតែមានជំងឺត្រូវទៅប្តូរក្រលៀន នៅប្រទេសឥណ្ឌាយ៉ាងណាក្តី ក៏ប្អូនប្រុសរូបនេះ នៅតែខិតខំតស៊ូរៀនសូត្រ និង មិនធ្វើឱ្យឪពុកម្តាយរបស់ប្អូនមានការខកបំណងឡើយ ។ បើទោះបីជាប្អូនប្រុស ប្រឡងមិនបានជាប់និទ្ទេស A , B ក៏ដោយ តែប្អូនប្រុសបានប្រឡងជាប់និទ្ទេស E នេះអាចចាត់ទុកថា ជាជោគជ័យមួយសម្រាប់ប្អូន ។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយឈ្មោះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ គេឃើញមានការបង្ហោះរូប និង សរសេរសារសរសើរដល់ក្មេងប្រុសម្នាក់ ដែលមិនសូវបានរៀន ព្រោះតែឈឺ ទីបំផុតពេលចេញលទ្ធផលនៃការប្រឡងគឺជាប់ជាស្ថាពរផងដែរ ។
សារក្នុងហ្វេសប៊ុកសរសេររៀបរាប់ថា៖មណ្ឌលវិទ្យាល័យឥន្ទ្រទេវី (ត្បូង) សម័យប្រឡង ១៩-សីហា-២០១៩ ។ ពិតជាមានការរំភេីប និង រីករាយជួសបេក្ខជន ដែលមានលេខតុ ១១៦ ដែលលទ្ធផលនៃការប្រលងទទួលបានជោគជ័យ ប្អូនប្រុសទេីបតែវិលត្រឡប់មកពីប្រទេសឥណ្ឌាមុនការប្រឡងមួយខែ ដោយទៅប្រទេសឥណ្ឌា ដើម្បីធ្វេីការផ្លាស់ប្តូរក្រលៀន ប្អូនមានជំងឺរាប់ឆ្នាំ មិនសូវបានរៀនទេ ព្រោះឈឺរហូត នៅពេទ្យជាប្រចាំ តែប្អូននៅខិតខំរៀន សូត្រជានិច្ចកាល ទោះនៅមន្ទីរពេទ្យក្តី ។
ការប្រឡងនេះគឺប្អូនអង្គុយប្រឡងតែម្នាក់ឯងប៉ុណ្ណោះ សូមជូនពរប្អូនសុខភាពល្អ និង មានអនាគតល្អ ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានចាប់អារម្មណ៍លើយុវសិស្សម្នាក់នេះ និង នាំគ្នាចូលរួមអបអរសាទរ ហើយបានជូនពរឱ្យប្អូនប្រុសរូបនេះគ្រប់គ្នា ៕