សមនឹងទទួលបានបំផុត! ត្រឹម២ថ្ងៃ ក្រុមយុវជនប្រមូលសំរាម ទទួលប្រាក់ឧបត្ថម្ភរហូត ៧០លានរៀល
«យុវជនសំរាម» ជាឈ្មោះក្រុមយុវជនគំរូដំបូងបំផុតនៅរាជធានីភ្នំពេញ បានប្រមូលផ្ដុំគ្នា សម្អាតបរិស្ថាន ប្រមូលសំរាមចេញពីលូបឹងត្របែកដ៏កខ្វក់ដែលកើតចេញពីឆន្ទះរបស់ពួកគេ គ្មាននិន្នាការនយោយបាយ ឬ ការជំរុញគាំទ្រពីស្ថាប័នមានសមត្ថកិច្ចណាមួយឡើយ ។ ក្រុមយុវជនប្រមូលសំរាមនេះបានបន្តសកម្មភាពដ៏ប្រពៃនេះដោយគ្មានរួញរាឡើយ ទោះបីជាពេលខ្លះពួកគេមិនទទួលបានការ លើកទឹកចិត្ត និង មានអ្នកមកបំបាក់ស្មារតីយ៉ាងណាក្ដី ។
សាន ដារ៉ាវីត ដែលជាបុគ្គលសំខាន់ និងជាស្ថាបនិកក្រុមយុវជននេះ តែងតែរិះរកគ្រប់មធ្យោយបាយ ដើម្បីធ្វើការផ្លាស់ប្ដូរផ្នត់គំនិតប្រជាជនឱ្យចេះស្រឡាញ់បរិស្ថាន ពិសេសគឺរិះរកគ្រប់មធ្យោបាយ ដើម្បីយកសំរាមរាប់លានតោនពីលូបឹងត្របែក ។ មិនតែប៉ុនណោះលោកបានដឹកនាំក្រុមធ្វើជាសកម្មភាពផ្សេងៗដូចជា ការដាំផ្កានៅតាមមាត់លូ និងថ្មីៗនេះលោកបានបង្កើតជាសួនច្នៃសំរាម ដោយយកដបទឹកសុទ្ធ និង របស់របរចាស់មកកែច្នៃទៅជាវត្ថុមានតម្លៃ ។ មិនត្រឹមតែលះបង់កម្លាំងកាយចិត្តប៉ុនណោះទេ ក្រុមយុវជនប្រមូលសំរាម ត្រូវការថវិកាជាចាំបាច់ដើម្បីបន្តដំណើរទៅមុខ ទើប លោក ដារ៉ាវីត ដែលជាអ្នកដឹកនាំក្រុមបានលក់រថយន្ត លក់ម៉ូតូ សេងអាជីវកម្ម ដើម្បីមានប្រាក់មកទ្រទ្រង់ក្ដីស្រមៃរបស់ខ្លួនដែលចង់ឱ្យរាជធានីភ្នំពេញគ្មានសំរាមនៅថ្ងៃអនាគត ។
ការលះបង់ដោយកើតចេញពីឆន្ទះ ចេញពីការស្រឡាញ់បរិស្ថាននេះ បានទទួលមកវិញនូវការតបស្នង ពីសប្បុរសជនមួយចំនួនបានជួយដល់ក្រុមយុវជននេះជាបណ្ដើរៗហើយ ។ ជាក់ស្ដែងនៅលើគណនី ហ្វេសប៊ុកលោកដារ៉ាវីត កាលពីថ្ងៃទី ១០ កក្កដា បានឱ្យដឹងថា លោក ម៉េង លាង ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ បាន ប្រគល់ថវិកា ១ម៉ឺនដុល្លារ ទៅដល់ក្រុមរបស់លោកជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ។ ថវិកា ១ ម៉ឺនដុល្លារនេះ គឺដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជន ដើម្បីបានទៅធ្វើដំណើរ កម្សាន្តនៅឯប្រទេសថៃរយៈពេល ៧ ថ្ងៃ ។
ជាមួយគ្នានេះដែរនៅថ្ងៃទី ១១ កក្កដា ឧកញ៉ា គួច ម៉េងលី បានធ្វើការឧបត្ថម្ភថវិកាចំនួន២០លានរៀល ស្មើនឹង៥ពាន់ដុល្លារ បន្ថែមទៀត ដើម្បីរួមចំណែកថែរក្សា លើកកម្ពស់សោភណភាព និង កាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅរាជធានីភ្នំពេញ ។
បន្ថែមលើពីនេះទៀតលោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានផ្តល់ការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដល់ក្រុមការងារយុវជនសំរាម ដែលត្រូវការមកព្យាបាលជំងឺបឋម នៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច របស់ក្រុមហ៊ុន ។ លោកឧកញ៉ា នឹងផ្តល់ជាសម្ភារៈមួយចំនួនដូចជាឧបករណ៍ឆុងកាហ្វេបែបទំនើបមកពីអាមេរិក តុកៅអីដល់ក្រុមយុវជន ដែលពួកគេមានបំណងបើកហាងកាហ្វេបរិស្ថាននៅភ្នំពេញ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ