បើគ្រាន់តែខុសឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ មិនខុសខែ ឆ្នាំ ទៅកែគ្មានអស់លុយទេ គ្រាន់តែមានឯកសារអស់នេះ
ករណីបងប្អូនប្រជាពលរដ្ឋខុសឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណមួយអក្សរពីរអក្សរ ឬ ខុសភេទ ដោយគ្មានខុសឆ្នាំកំណើត មិនបាច់ដាក់ពាក្យបណ្ដឹងឡើងដល់តុលាការឡើយ គ្រាន់តែអញ្ជើញទៅកាន់សាលាក្រុង សាលាស្រុក ខណ្ឌ ដែលមានរក្សាទុកនូវបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួន ។ ក្នុងនោះត្រូវភ្ជាប់ឯកសារសំខាន់ៗ មួយចំនួនដូចជា ៖
១. អត្តសញ្ញាណប័ណ្ណដែលខុសឈ្មោះនោះ
២. សំបុត្រកំណើត
៣. សៀវភៅស្នាក់នៅ
៤. សៀវភៅគ្រួសារ
៥. បើជាសិស្ស និស្សិត អាចភ្ជាប់ជាមួយសញ្ញាបត្រ វិញ្ញាបនបត្រ ឬ លិខិតបញ្ជាក់ការសិក្សាផ្សេងៗ ដែលមានឈ្មោះត្រឹមត្រូវកំពុងប្រើបច្ចុប្បន្ន
មានឯកសារគ្រប់គ្រាន់ហើយ គឺមិនពិបាកឡើយ គ្រាន់តែបំពេញពាក្យស្នើរសុំមួយ នោះមន្ត្រីនឹងចាត់ចែងទៅតាមនីតិវិធីជាបន្តបន្ទាប់ យ៉ាងយូរ ១ ទៅ ២ សប្ដាហ៍បានហើយ ។ ករណីប្រសិនបើខុសស្ថានភាពអត្តសញ្ញាណដើម ដូចករណីខុសឆ្នាំកំណើត ឧទាហរណ៍ថា បងប្អូនចង់កែពី ១៩៩៦ ទៅ ១៩៩៧ គឺ ត្រូវដាក់ពាក្យបណ្ដឹងទៅកាន់តុលាការជាមុនសិន ។ បើគ្រាន់តែខុសឈ្មោះ ឬ ភេទ គឺធ្វើទៅតាមនីតិវិធីខាងលើជាការស្រេច ។
ដោយឡែកបើសេចក្ដីជូនដំណឹងរបសើអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឱ្យដឹងថា ប្រសិនបើចង់កែតម្រូវទិន្នន័យអត្តសញ្ញាណក្រៅពីទៅសាលាក្រុង សាលាស្រុក ខណ្ឌ បងប្អូន អាចទៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួត បឹងស្នោរ) ។
សូមបញ្ជាក់ថា ព័ត៌មានខាងលើនេះ គឺជាបទពិសោធន៍ជាក់ស្ដែងដែលបងប្អូនប្រជាពលរដ្ឋ បានទៅកែតម្រូវទិន្នន័យអត្តសញ្ញាណប័ណ្ណ ដែលអ្នកសារព័ត៌មានប្រជាប្រិយបានចុះទៅផ្ទាល់ នៅឯសាលាស្រុកខេត្តកំពង់ស្ពឺ ៕