ពាក្យបណ្ដាំ ៩ ឃ្លារបស់ប្រធានាធិបតីក្របំផុតលើលោក មានតម្លៃជាងមាស
អតីតប្រធានាធិបតីប្រទេស Uruguay លោក Jose Mujica ពីឆ្នាំ ២០១០ ដល់ ២០១៥ គឺជាមេដឹកនាំប្រទេសដែលគេចាត់ទុកថា ក្រតោកយ៉ាកបំផុតលើពិភពលោក ដោយសារតែការមិនលោភលន់ និង ការលះបង់ដល់ប្រយោជន៍ជាតិជាធំ ។ ក្នុងពេលកាន់តំណែងជាប្រធានាធិបតីលោកបានប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត មានត្រឹមផ្ទះតូចមួយ មានឡានកញ្ចាស់មួយ មានឆ្កែ ៣ ក្បាល ប៉ុណ្ណោះ ។ ក្រៅពីការលះបង់ដ៏ធំធេងរបស់លោកជូនប្រទេសជាតិ និង ប្រជាជន លោកបានបន្សល់ទុកនូវសម្ដី ដែលមានតម្លៃជាងមាសទៅទៀត ៖
១. អ្នកក្រពិតប្រាកដ មិនមែនជាអ្នកដែលមានទ្រព្យសម្បត្តិតិចតួចនោះទេ ប៉ុន្តែជាអ្នកដែលចង់មានចង់បានខ្លាំងទេតើ ។
២. គេហៅខ្ញុំថា «ប្រធានាធិបតីក្រជាងគេ» ក្នុងលោក ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនខ្ញុំក្រនោះឡើយ ។ អ្នកដែលក្រីក្របំផុត មានតែអ្នកដែលធ្វើការ ហើយព្យាយាមធ្វើជីវិតខ្លួនឲ្យរស់នៅក្នុងភាពមានបាន ហើយបន្តចង់បានកាន់តែច្រើនថែមទៀត ។
៣. សម្រាប់ខ្ញុំ អ្នកក្រមានន័យថា ៖ អ្នកដែលចង់បានច្រើន ។ ពីព្រោះថា បុគ្គលទាំងនោះត្រូវការរហូតមិនចេះស្កប់ស្កល់ឡើយ ។
៤. ខ្ញុំជឿថា ជីវិត គឺជាការផ្សងព្រេងដ៏អស្ចារ្យបំផុត ហើយវានឹងមានប្រយោជន៍នៅពេលចាប់ផ្តើមម្តងហើយម្តងទៀតរហូតដល់២០ដង ។
៥. គ្មានគ្រឿងញៀនក្នុងខ្លួន គឺជារឿងល្អបំផុត ហើយខ្ញុំរាប់បញ្ចូលទាំងស្រាបៀរ។ មានតែគ្រឿងញៀនមួយប្រភេទប៉ុណ្ណោះដែលល្អ នោះគឺ «ក្តីស្រលាញ់» ។ ចូរបំភ្លេចរឿងគ្រប់យ៉ាង!
៦. សង្គមដែលពោរពេញដោយការអប់រំ គឺជាជម្រើសដ៏ល្អបំផុត ហើយវានឹងបង្កការលំបាកយ៉ាងខ្លាំងដល់ចេតនាបោកប្រាស់ របស់ជនពុករលួយ និង អ្នកបោកប្រាស់ផ្សេងទៀត ។
៧. បើអ្នកចង់បានលុយ ចូរធ្វើជំនួញទៅ កុំចូលធ្វើនយោបាយ ពីព្រោះនយោបាយ គឺសម្រាប់បម្រើប្រជាជនប៉ុណ្ណោះ ។
៨. ខ្ញុំមានរបៀបរស់នៅមួយ ហើយពេលខ្ញុំធ្វើជាប្រធានាធិបតីក៏មិនផ្លាស់ប្តូររបៀបរស់នៅនោះដែរ ។ ខ្ញុំរកបានច្រើនជាងអ្វីដែលខ្ញុំត្រូវការ ទោះបីជាវាមិនគ្រប់សម្រាប់អ្នកដទៃក៏ដោយ ។ សម្រាប់ខ្ញុំ នេះមិនមែនជាការលះបង់ ឬពលីកម្មអ្វីឡើយ ប៉ុន្តែវា គឺជាកាតព្វកិច្ច។
៩. ប្រធានាធិបតី គឺជាមន្រ្តីថ្នាក់ខ្ពស់បំផុតដែលត្រូវបានបោះឆ្នោតឲ្យទទួលខុសត្រូវតួនាទីរបស់ខ្លួន ។ គាត់ មិនមែនជាស្តេច ហើយក៏មិនមែនជាអាទិទេពអ្វីនោះដែរ ។ គាត់រិតតែមិនមែនជាគ្រូពេទ្យទេវតា ដែលចេះព្យាបាលគ្រប់រឿងនោះដែរ ។ គាត់ គ្រាន់តែជាប្រជាជនធម្មតាដូចយើងដែរ ៕
អត្ថបទ ៖ រាជ
ប្រភព ៖ Brainyquote