ប្រទេសតួកគី អាចនឹងផ្លាស់ចេញពីទីតាំងដើម ៣ ម៉ែត្រ ក្រោយជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានផ្លាស់បន្ទះ Tectonic និង អាចបណ្ដាលឱ្យប្រទេសតួកគី ផ្លាស់ចេញពីទីតាំងដើមក្នុងចម្ងាយ ៣ ម៉ែត្រ ទៅភាគនិរតី នេះបើតាមការបញ្ជាក់ពីប្រធាននៃវិទ្យាស្ថានជាតិភូគព្ភសាស្ត្រ និង ភ្នំភ្លើង នាប្រទេសអ៊ីតាលី។
ថ្លែងប្រាប់សារព័ត៌មាន Italy24 លោក Carlo Doglioni បាននិយាយថា ៖ «បន្ទះអារ៉ាប់ បានផ្លាស់ក្នុងចម្ងាយប្រមាណ ៣ ម៉ែត្រតាមទិសដៅភាគឦសាន-និរតី ភ្ជាប់ទៅនឹងបន្ទះ Anatolian»។ យ៉ាងណាមិញ ការវាយតម្លៃនេះ គឺផ្អែកលើតែទិន្នន័យបឋមតែប៉ុណ្ណោះ ចំពោះលទ្ធផលជាក់លាក់ គឺទាមទារឱ្យមានព័ត៌មានបន្ថែម។
គួរឱ្យដឹងថា ប្រទេសតួកគី គឺងាយរងដោយគ្រោះរញ្ជួយដីណាស់ ដោយសារតែវាស្ថិតនៅទីតាំងស្ថិតលើខ្សែបន្ទាត់ពុះជ្រែកផែនដី (Fault Line) ធំៗ ជាប់ព្រំដែននឹងបន្ទះ Anatolian បន្ទះអារ៉ាប់ និង បន្ទះ Eurasian។ បើតាមការបញ្ជាក់ពីខាងឧតុនិយម បានឱ្យដឹងថា នៅចន្លោះបន្ទះ Anatolian និង បន្ទះអារ៉ាប់ ក្នុងចម្ងាយប្រមាណ ២២៥ គីឡូម៉ែត្រនៃខ្សែបន្ទាត់ពុះជ្រែកផែនដី គឺរងការប៉ះពាល់ អំឡុងពេលមានគ្រោះរញ្ជួយដីនោះ។
ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះ គឺស្ថិតនៅជម្រៅប្រមាណ ១៧.៩ គីឡូម៉ែត្រជិតក្រុង Gaziantep ភាគខាងត្បូងប្រទេសតួកគី ហើយបើតាមការបញ្ជាក់ពី USGS បន្ទះ Tectonic ដែលបានរំកិលដោយគ្រោះរញ្ជួយដីនោះ គឺមានរយៈពេលប្រមាណ ៧៥ វិនាទី។ សម្រាប់អ្នករស់នៅប្រទេសតួកគី ការរញ្ជួយ អាចមានរយៈពេលពី ១ ទៅ ២ នាទី។
គួររំឭកថា កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ប្រទេសតួកគី និង ប្រទេសស៊ីរី បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីគ្រោះរញ្ជួយដី ដែលបណ្ដាលឱ្យមនុស្សប្រមាណជិត ៩ ពាន់នាក់បាត់បង់ជីវិត ខណៈរាប់ម៉ឺននាក់ផ្សេងទៀតរងរបួស៕