ក្តៅគគុក! G-Dragon សុខចិត្តឱ្យប៉ូលិសធ្វើតេស្តរកសារធាតុញៀន ហើយត្រៀមប្ដឹងអ្នកបរិហារកេរ្តិ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sport Donga កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ បើតាមសម្តីរបស់មេធាវីរបស់កំពូលតារារ៉េប G-Dragon បានបដិសេធលើរឿងចចាមអារ៉ាមដែលបានចោទប្រកាន់ថា G-Dragon បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ក្នុងនោះដែរ មេធាវីរបស់ G-Dragon បានប្រកាសជាសេចក្តីថ្លែងការណ៍ថា ៖ «ដូចដែលពួកយើងធ្លាប់បាននិយាយពីមុនមកហើយ G-Dragon មិនដែលប្រើប្រាស់គ្រឿងញៀនទេ។ លោកក៏ចង់បង្ហាញភាពស្អាតស្អំក្នុងការសហការដោយស្ម័គ្រចិត្តជាមួយនឹងប៉ូលិសក្នុងការស៊ើបអង្កេតដែរ»។
ចំណែកឯភាគីខាង G-Dragon វិញបាននិយាយថា លោកសុខចិត្តធ្វើតេស្តទឹកនោម និង សសៃសក់ ដើម្បីស្វែងរកសារធាតុញៀន និង យល់ព្រមចូលដៃសហការជាមួយនឹងប៉ូលិសដើម្បីស្វែងរកការពិត។
ជាមួយគ្នានោះដែរ មេធាវីរូបនេះបានបន្ថែមទៀតថា ៖ «ពួកយើងកំពុងព្យាយាមរៀបចំឱ្យ G-Dragon ចូលខ្លួនតាមការកោះហៅរបស់ប៉ូលិស ដោយចង់ជួយលោកឱ្យផុតពីការចោទប្រកាន់»។ លើសពីនេះ មេធាវីរូបនេះក៏បានបន្តថាទៀតថា សម្រាប់ព័ត៌មានដែលចុះផ្សាយមិនពិត ចង់បរិហារកេរ្តិ៍ G-Dragon ប្រើប្រាស់គ្រឿងញៀន ជុំវិញរឿងរ៉ាវនេះក៏កំពុងអនុវត្តចាត់ការតាមច្បាប់ផងដែរ៕