រតនៈ វិសិដ្ឋ រំភើបស្ទើរហោះ ពេលបានជួបផ្ទាល់ជាមួយតារាសម្ដែងជើងចាស់ សុខ ស្រីមុំ លើទឹកដីសហរដ្ឋអាមេរិក
មហាជនខ្មែរបានដឹងហើយពីតារាសម្តែងស្រីថ្ពាល់ខួចល្បីនាទសវត្សរ៍ ៨០-៩០ សុខ ស្រីមុំ បានលាប្រិយមិត្តអ្នកគាំទ្រចេញទៅរស់នៅទឹកដីសហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ ១៩៩៤ ដោយអ្នកនាងបានទម្លាក់ចោលទាំងស្រុងនូវការសម្តែងទាំងអស់។
ក្រោយពីឈប់សម្តែងអស់ច្រើនឆ្នាំមកនេះ អ្នកនាង សុខ ស្រីមុំ បានហោះហើរមកលេងស្រុកខ្មែរបានម្តងដែរកាលពីឆ្នាំ ២០០៧។ បច្ចុប្បន្ននេះ អ្នកនាងកំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ជាមួយស្វាមីក្រោយ។ ចំណែកឯស្វាមីមុនរបស់អ្នកនាងដែលមានឈ្មោះ ខៃ ចាន់តារា ហៅ អ៊ួក បានរៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៩៣ តែក៏បានលែងលះគ្នាទៅហើយ ដោយបន្សល់ទុកកូនប្រុសម្នាក់ជាចំណងដៃ។
បើក្រឡែកមើលរូបសម្រស់វិញ គេកត់សម្គាល់ឃើញតួកុនខ្មែរមុខស្រស់ សុខ ស្រីមុំ នៅតែស្រស់ស្អាត សមសួន និង ថែមទាំងសិចស៊ីទៀត។ ភាពស្រស់សមសួន និង សិចស៊ីរបស់តារាជើងចាស់នាសតវត្សរ៍ ៨០-៩០ រូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រលើកឡើងថា ជិត ៣០ ឆ្នាំពេលដែលឃ្លាតពីសិល្បៈក្នុងស្រុកមកនេះ អ្នកនាងនៅតែអាចថែរូបរាង និង សម្រស់ឱ្យនៅស្អាតគួរឱ្យសរសើរដដែល។
ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងចំពោះលោក សុខ ស្រីមុំ ក្រោយបានឃើញបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងប្រុស រតនៈ វិសិដ្ឋ បានបង្ហោះរូបភាពជាមួយនឹងតារាសម្ដែងស្រីជើងចាស់រូបនេះ ភ្ជាប់ជាមួយអារម្មណ៍រំភើប និង បង្ហាញការគោរពស្រឡាញ់ខ្លាំងចំពោះអ្នកនាង សុខ ស្រីមុំ ខណៈបានជួបផ្ទាល់នៅទឹកដីសហរដ្ឋអាមេរិក។
ក្នុងនោះ លោក រតនៈ វិសិដ្ឋ បានសរសេរររៀបរាប់ថា ៖ «អារម្មណ៍ពិតជារំភើបចង់ហោះ ដែលបានជួបបងស្រី សុខ ស្រីមុំ ដែលជាអតីតតារាសសម្ដែងដ៏ល្បីបំផុតរបស់កម្ពុជាយើង ក្នុងឆ្នាំ ៨០-៩០ #merrychristmas 25/12/2023»៕