ចេះតែឈឺពោះមិនបាត់ ទ្រាំមិនបានទៅពេទ្យពិនិត្យ មានអី X-ray ឃើញអន្ទង់រស់ប្រវែង ៣០ សង៉ទីម៉ែត្រក្នុងពោះ
គ្រូពេទ្យ នាំគ្នាគាំងបើកភ្នែកធំៗ ក្រោយបុរសម្នាក់ត្អូញចេះតែឈឺពោះ ហើយក៏រកឃើញមានអន្ទង់រស់ប្រវែង 30 សង់ទីម៉ែត្រ ក្នុងពោះរបស់គេ។ តាមសារព័ត៌មាន 9GAG បានឱ្យដឹងថា បុរសរូបនោះ ជាជនជាតិវៀតណាម អាយុ ៣៤ ឆ្នាំ បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត Quang Ninh ដោយសារលោកមានអាការឈឺរមួលក្នុងពោះជាខ្លាំង។ ពេលទៅដល់ ក្រុមគ្រូពេទ្យក៏បានធ្វើការថត X-ray ហើយក៏រកឃើញមានសត្វចម្លែកម្យ៉ាងនៅក្នុងពោះ។
ភ្លាមៗ គ្រូពេទ្យក៏បានសម្រេចធ្វើការវះកាត់ ហើយក៏ប្រទះឃើញថា សត្វចម្លែកក្នុងពោះនោះ គឺជាសត្វអន្ទង់មួយក្បាល ដែលមានប្រវែងវែងគួរសម និងអ្វីដែលធ្វើឱ្យគ្រូពេទ្យកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺអន្ទង់មួយនោះថែមទាំងនៅរស់រវើកទៀត។
តាមការសាកសួរ អ្នកជំងឺគឺមិនដឹងឡើយថាសត្វអន្ទង់មួយក្បាលនោះចូលក្នុងពោះលោកដោយរបៀបណា ប៉ុន្តែបើតាមគ្រូពេទ្យបានសន្និដ្ឋានថា វាអាចចូលតាមរន្ធគូទ រុលទៅក្នុងពោះវៀនធំ ក៏ធ្លោយដល់ក្នុងពោះ។ យ៉ាងណាមិញ ការវះកាត់យកអន្ទង់ចេញពីពោះ បានដោយជោគជ័យ ដោយអ្នកជំងឺក៏បានធូរស្បើយផងដែរក្នុងមន្ទីរពេទ្យ៕