រកផ្លូវវាងឱ្យហើយ! ចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ ៦ នឹងត្រូវផ្អាកធ្វើចរាចរជាបណ្ដោះអាសន្នថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ មិថុនា
នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នងរាជធានីភ្នំពេញ ឱ្យបានដឹងថា នៅថ្ងៃទី ៣ និង ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះនឹងមានការរៀបចំពិធីបើក និង បិទព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន សែន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ព្រមទាំងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ ៦ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើ ដោយអនុគ្រោះ ដោយផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ៕
ប្រភព និង រូបភាពដោយ ៖ រដ្ឋបាលរាជធានីភ្នំពេញ និង Cambodia 2023