ជិះឡាន BMW តម្លៃជិត ៣០ ម៉ឺនដុល្លារ តែអត់លុយចាក់សាំង ដើរលួចមាន់ទាគេពេញភូមិ
កាលពីពេលថ្មីៗនេះបុរសកសិករជនជាតិចិនម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីបានទទួលពាក្យបណ្ដឹងជាច្រើនពីសំណាក់កសិករដូចគ្នា ដោយចោទប្រកាន់ពីបទលួច។ បុរសខាងលើមិនត្រូវបានបង្ហាញឈ្មោះឡើយ តែដឹងថាមានអាយុ ៥៥ ឆ្នាំ។ គាត់ត្រូវបានកសិករជាច្រើនប្ដឹងថា បានទៅលួចមាន់ ទា ពីភូមិមួយក្នុងតំបន់ Linshui ខេត្ត Sichuan។
ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលបុរសកសិករដែលទើបតែធ្លាក់ខ្លួនក្រនេះ ឈានទៅដល់ដើរលួចមាន់ ទា អ្នកស្រុក ដោយសារតែគ្មានលុយចាក់សាំងរថយន្ត BMW តម្លៃ ២៩០ ០០០ ដុល្លាររបស់គាត់ ពោលគឺគាត់លួចមាន់ ទា ទាំងនោះគ្រាន់តែយកលុយមកទិញសាំងចាក់រថយន្តតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាល់ពេលដែលចេញធ្វើសកម្មភាពលួចមាន់ ទា ម្ដងៗ ជនសង្ស័យតែងតែប្រើរថនយ្ត BMW របស់ខ្លួនធ្វើជាមធ្យោបាយធ្វើដំណើរ ដូច្នេះហើយពិតជាធ្វើឱ្យពិបាកដល់អ្នកស្រុក និង ប៉ូលិសដេញចាប់ណាស់ ព្រោះរថយន្តប៉ូលិសក៏មិនទំនើប ហើយលឿនដូចរថយន្តរបស់គេដែរ៕
ប្រភព៖ Nextshark