លេចចេញភ័ស្តុតាងសង្ស័យ Nine ហោះទៅជួប Baifern ដើម្បីឆ្លងឆ្នាំរួមគ្នា
ចាប់តាំងពីប្រកាសថាកំពុងតែសិក្សាមើលចិត្តថ្លើមគ្នាមួយរយៈមក ឃើញថាអ្នកកំលោះរូបសង្ហា Nine Naphat និង តារាស្រី Baifern ហាក់កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកមើលកាន់តែខ្លាំងលើសដើម ព្រោះម្នាក់ៗជ្រួលច្របល់ចង់ឃើញពីសកម្មភាពស្នេហ៍ដំបូងរបស់អ្នកទាំងពីរយ៉ាងអន្ទះសា។
ដោយឡែក ខណៈពេលបង្ហើបថា កំពុងតែសិក្សាមើលចិត្តគ្នានេះដែរ អ្នកកំលោះ Nine Naphat និង តារាស្រី Baifern លេចសកម្មភាពស្និទ្ធស្នាល និង ផ្អែមល្ហែមតែពីរនាក់ជាច្រើនដងហើយ។
លើសពីនេះទៅទៀតនោះ បើងាកមកមើលតារាស្រី Baifern វិញ គ្រាន់តែថ្ងៃឆ្លងឆ្នាំខិតជិតចូលមកដល់ភ្លាម នាងហោះទៅដើរលេងកម្សាន្តនៅក្រៅប្រទេសភ្លែត រហូតធ្វើឱ្យអ្នកគាំទ្រពោលពាក្យថា សោកស្តាយដែល Nine Naphat មិនបានទៅជាមួយ ព្រោះរវល់ជាប់ថតរឿង។
យ៉ាងណាមិញ ស្របពេលដែលមហាជនបង្ហាញអារម្មណ៍សោកស្តាយចំពោះការខកខានដំណើរកម្សាន្តរួមគ្នានេះដែរ ស្រាប់តែមិនបានប៉ុន្មានថ្ងៃផង អ្នកកំលោះ Nine Naphat បានបង្ហោះរូបភាពក្នុង IG Story ទៅដល់ប្រទេសប៉ែកអឺរ៉ុបបាត់ ដែលជាហេតុធ្វើឱ្យមហាជនសង្ស័យថា លោកហោះទៅឆ្លងឆ្នាំជាមួយ Baifern នៅក្រៅប្រទេសជាមិនខាន៕