ក្ដីសង្ឃឹមខើចទៅហើយ! នាវាមុជទឹក បាត់ខ្លួននៅមហាសមុទ្រអាត្លង់ទិច សល់អុកស៊ីហ្សែនតែ ១០ ម៉ោងទៀតទេ
សារព័ត៌មាន Daily Mail នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ នេះបានចុះផ្សាយថា នាវាមុជទឹក Stricken Titan នឹងអស់អុកស៊ីហ្សែននៅម៉ោង ១២:០៨ យប់ម៉ោងនៅចក្រភពអង់គ្លេស និង ម៉ោង ៧:០៨ នាទីព្រឹកម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក (ប្រមាណជាម៉ោង ៥ នៅកម្ពុជា) ខណៈដែលពិភពលោកកំពុងរង់ចាំព័ត៌មានពីអ្នកដំណើរទាំង ៥ នាក់នៅក្នុងនាវាមុជទឹកនោះ។
តាមប្រភពបានឱ្យដឹងថា Ocean Gate Expeditions បានធ្វើការមុជចុះរកនាវា Titan នោះ តាំងពីម៉ោង ៨ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដើម្បីស្វែងរកទីតាំងនាវា ដែលបានបាត់ និង ជួយសង្រ្គោះមនុស្សទាំង ៥ នាក់នៅក្នុងនោះ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ឆ្មាំសមុទ្រអាមេរិក បាននិយាយថា ការរាប់ថយក្រោយរយៈពេល ១០ ម៉ោង ឥឡូវនេះបានចាប់ផ្តើមហើយ ដោយការផ្គត់ផ្គង់អុកស៊ីហ្សែនដ៏សំខាន់រំពឹងថានឹងអស់នៅម៉ោង ៧:០៨ នាទីព្រឹកម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក (ប្រហែលជាម៉ោង ៥ នៅកម្ពុជា) ហើយក្តីសង្ឃឹមនៃការស្វែងរកនាវា ឥឡូវនេះបានរសាត់បាត់ទៅហើយ ប៉ុន្តែអ្នកដែលដឹកនាំការជួយសង្គ្រោះបាននិយាយថា ពួកគេនឹងបន្តរហូតដល់ទីបញ្ចប់ ដោយសារភាពថា ពួកគេអាចនឹងត្រូវធ្វើការសម្រេចចិត្តដ៏លំបាកមួយនៅចំណុចណាមួយ ព្រោះពួកគេប្រឈមមុខនឹងការប្រយុទ្ធជាមួយពេលវេលា ព្រមទាំងរយៈពេលដ៏ខ្លីនៃអុកស៊ីហ្សែន។
ទន្ទឹមនឹងនេះ អ្នកជំនាញបាននិយាយថា អ្នកនៅខាងក្នុងនឹងព្យាយាមកាត់បន្ថយការដកដង្ហើមរបស់ពួកគេ ដើម្បីរក្សាការផ្គត់ផ្គង់ ដែលនៅសេសសល់ ហើយមេក្រុមឆ្មាំសមុទ្រអាមេរិក Jamie Frederick បានទទូចកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅថា ក្រុមអ្នកជួយសង្គ្រោះបានបដិសេធមិនបោះបង់ក្តីសង្ឃឹម បើទោះបីជាមនុស្សជុំវិញពិភពលោកកំពុងរាប់ម៉ោងថយក្រោយរហូតដល់អុកស៊ីហ្សែនអស់ក៏ដោយ។
ដោយឡែក យោងតាមក្រុមហ៊ុន OceanGate ដែលជាប្រតិបត្តិកររបស់នាវា Titan បានលើកឡើងថា ក្នុងករណីមានអាសន្ន ឬគ្រោះថ្នាក់ ការផ្គត់ផ្គង់អុកស៊ីហ្សែនមាន ៩៦ ម៉ោង ហើយក្រុមស្វែងរក និង ជួយសង្គ្រោះក៏កំពុងប្រជែងគ្នាជាមួយនឹងពេលវេលា ខណៈដែលពួកគេកំពុងរុករកតំបន់មានឮសំឡេង ដែលគេជឿថា ជាសំឡេងពីខាងនាវាមុជទឹក Titan ហើយអ្នកជំនាញនិយាយថា ពួកគេកំពុងបន្តវិភាគសំឡេង ដែលបានឮនោះដែរ។ យ៉ាងណាមិញ អ្នកជំនាញនៃកងទ័ពជើងទឹកអាមេរិក ដែលវិភាគលើសំឡេងនោះបាននិយាយថា ពួកគេមិនទាន់អាចសន្និដ្ឋានបានថា សំឡេងនោះមកពីកប៉ាល់ ដែលជាប់គាំងឬទេ។
គួរបញ្ជាក់ដែរថា ឧបករណ៍ជាច្រើនទៀតត្រូវបានគេរំពឹងថានឹងមកដល់នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ នេះរួមទាំងយានជំនិះ ដែលដំណើរការពីចម្ងាយ (ROV) បន្ថែមទៀត ដើម្បីចាប់សំឡេងរំខាន ខណៈដែលពេលនេះក្រុមអ្នកជួយសង្គ្រោះបានពង្រីកតំបន់រុករកដល់ប្រមាណជា ១៤ ០០០ ម៉ាយការ៉េ ដែលជាទំហំធំទ្វេដងនៃរដ្ឋ Connecticut ។ ប្រធានឆ្មាំសមុទ្រ បានលើកឡើងថា ៖ «ដំបូងឡើយសំឡេងនេះ ត្រូវបានគេឮពេញមួយយប់ ហើយត្រូវបានគេរកឃើញបន្ថែមទៀតនៅថ្ងៃនេះ»៕
ប្រភព ៖ Daily Mail