បែកស្នេហ៍លើកនេះ Tong Tong ត្រូវអ្នកគាំទ្រថាអភ័ព្វស្នេហ៍ ព្រោះមានស្នេហា ២ លើកសុទ្ធតែបរាជ័យ
ថ្មីៗនេះ មហាជនភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា ខណៈឪពុក Best Kamsing បានចេញមុខប្រកាសថា កូនស្រី និង អ្នកកំលោះ Tong Tong បានបែកគ្នាជាផ្លូវការ ដោយខាងប្រុសក៏បានវិចបង្វេចចេញពីផ្ទះហើយពេលនេះ ក្រោយរួមរស់មើលចិត្តគ្នាជាមួយកូនស្រីក្នុងដំបូលផ្ទះតែមួយជាង ២ ឆ្នាំ។
ដោយឡែក សម្រាប់ហេតុផលដែលធ្វើឱ្យគូស្នេហ៍មួយគូនេះឈានដល់ការបញ្ចប់ទំនាក់ទំនងដែលធ្លាប់តែផ្អែមល្ហែមនោះគឺ ដោយសារតែការរស់នៅមិនចុះសម្រុង ខាងប្រុសមានស្រីច្រើន មិនមានទំនួលខុសត្រូវក្នុងនាមជាកូនប្រុស នេះបើតាមការទម្លាយរបស់ឪពុក Best។
ចំពោះដំណឹងបែកបាក់នេះដែរ បានត្រឹមតែធ្វើឱ្យមហាជនមានការសោកស្តាយតែប៉ុណ្ណោះ ហើយបើងាកទៅមើលកំលោះ Tong Tong វិញហាក់អភ័ព្វស្នេហ៍តែម្តង ព្រោះមុនពេលមកជួបស្នេហ៍ជាមួយ Best តាមពិតអ្នកកំលោះរូបនេះក៏ធ្លាប់ខកស្នេហ៍ជាមួយនារីរូបស្រស់ម្នាក់ ដែលគេស្គាល់ឈ្មោះថា Green ជានារីក្រៅរង្វង់សិល្បៈម្តងរួចមក ហើយដោយសារតែការរស់នៅមិនចុះសម្រុងទើបបែកគ្នាវិញ និង បន្សល់ទុកត្រឹមអនុស្សាវរីយ៍ល្អជាមួយគ្នាតែប៉ុណ្ណោះ៕