Fan Bingbing បង្អួតចិញ្ចៀនត្បូងធំ អ្នកគាំទ្រកំពុងសង្ស័យជារបស់បញ្ចាំស្នេហ៍ថ្មី
ដូចដែលអ្នកតាមដានវិស័យកម្សាន្តរបស់ចិនបានដឹងមកហើយ កាលពីឆ្នាំ ២០១៨ តារាសម្ដែងស្រី Fan Bingbing បានជាប់ពាក់ព័ន្ធនឹងករណីគេចពន្ធ រហូតជាប់ឈ្មោះជាតារាគំរូអាក្រក់ និង ពិបាកនឹងកែប្រវត្តិវិលចូលស្តារកេរ្តិ៍ឈ្មោះក្នុងសិល្បៈវិញទៀតផង។ ចាប់តាំងពីផ្ទុះរឿងអាស្រូវឡើង Fan Bingbing ក៏បានបែកបាក់គ្នាជាមួយនឹងគូដណ្តឹងរបស់នាង គឺតារាសម្ដែងប្រុស Li Chen ក្នុងឆ្នាំ ២០១៩ ដែលអ្នកទាំងពីរបានស្រឡាញ់គ្នាអស់រយៈពេល ៤ ឆ្នាំ។
យ៉ាងណាមិញ មកដល់ឆ្នាំ ២០២២ កន្លងទៅ Fan Bingbing ក៏ធ្លាប់មានលេចឮព័ត៌មានស្នេហាថ្មី ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុរសម្នាក់ ដែលគេស្គាល់ថាជាអនុប្រធានក្រុមហ៊ុនហិរញ្ញវត្ថុចិន ថែមទាំងបានបណ្តើរគ្នាចូលជួបគ្រួសារញ៉ាំអាហារជុំគ្នាទៀតផង។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ចូលមកដល់ឆ្នាំ ២០២៣ នេះ តារាសម្ដែងស្រីរូបនេះបានបង្ហោះរូបថត Selfie សន្លឹកថ្មីរបស់នាងនៅលើបណ្តាញសង្គម Weibo ផ្ទាល់ ដោយក្នុងនោះ Bingbing បានសរសេរពាក្យជូនពរឆ្នាំថ្មីដល់អ្នកគាំទ្រដែលនៅតែស្រឡាញ់ និង បន្តគាំទ្រនាង។
ទោះជាយ៉ាងណា រូបថតទាំងនោះត្រូវបានគេផ្តោតការចាប់អារម្មណ៍ទៅលើចិញ្ចៀនត្បូងធំសម្បើមពាក់ជាប់នឹងម្រាមដៃរបស់នាង ដោយចិញ្ចៀននោះត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ដាក់ការសង្ស័យថា តារាស្រីរូបនេះប្រាកដជាមានដំណឹងល្អចូលមកដល់ឆាប់ៗជាមិនខាន៕