ផ្អើលក្រុងប៉ារីស មានហេតុការណ៍ផ្ទុះឆេះ ខូចខាតអគារអស់ច្រើនខ្នង មនុស្សរត់ជាន់គ្នារបួសជិត ៤០ នាក់
កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ មានហេតុការណ៍ផ្ទុះឆេះមួយ នាកណ្តាលក្រុងប៉ារីស ប្រទេសបារាំង ដែលបណ្តាលឱ្យខូចខាតអគារជាច្រើនខ្នង ព្រមទាំងរបួសមនុស្សអស់ ៣៧ នាក់ ក្នុងនោះរបួសធ្ងន់ ៤ នាក់។
យ៉ាងណាមិញ មូលហេតុនៃការផ្ទុះឆេះនេះ ត្រូវបានគេសន្និដ្ឋានថា មកពីការផ្ទុះហ្គាស ហើយតំបន់ដែលត្រូវឆេះនេះ គឺភាគច្រើនជាអគារសាលារៀនឯកជន។ ក្នុងនោះ អាជ្ញាធរខាងពន្លត់អគ្គិភ័យចំនួន ២៧០ នាក់ បានចុះអន្តរាគមន៍ភ្លាមៗ ដោយបានជួយជម្លៀសប្រជាជនចេញពីកន្លែងកើតហេតុ ព្រមទាំងប្រើឡានទឹកអស់រហូតដល់ ៧០ គ្រឿងឯណោះ ក្នុងការគ្រប់គ្រងស្ថានការណ៍ឆាបឆេះនេះ។
ចុងក្រោយអាជ្ញាធរក៏ពន្លត់បានជោគជ័យ តែអគារជាច្រើនខ្នងត្រូវបានខូចខាត ដោយការលេបត្របាក់ពីភ្លើង ហើយក្នុងនោះ មនុស្ស ៣៧ នាក់ បានរងរបួស ដែល ៤ នាក់មានរបួសធ្ងន់ និង ២ នាក់ទៀត មិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។ យ៉ាងណាមិញ មហាជនជាច្រើនៅតាមបណ្តាញសង្គម បានចូលរួមបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះឧប្បទ្ទវហេតុមួយនេះ ហើយក៏សង្ឃឹមថាអ្នកដែលមានរបួសនឹងឆាប់ជាសះស្បើយ ហើយឯអ្នកនៅមិនទាន់រកឃើញ នឹងមានសុវត្ថិភាពផងដែរ៕