តិចនិកថ្មី! ធ្វើពងមាន់ប្រៃ ប្រើពេលត្រឹម ២៤ ម៉ោង បានញុំាយ៉ាងឆ្ងាញ់
ជាការពិតណាស់ បើនិយាយពីពងទាប្រៃ ឬ ពងមាន់ប្រៃ លោកអ្នកប្រាកដជាគិតដល់វិធីធ្វើ ដោយត្រាំពងទា ឬ ពងមាន់ជាមួយនឹងទឹកអំបិលទុករយៈពេលប្រមាណជា ១៥ ថ្ងៃ ទៅ ២០ ថ្ងៃ ទើបបានញុំាជាក់ជាមិនខាន។ យ៉ាងណា ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកតិចនិកថ្មី ងាយៗ ក្នុងការធ្វើពងមាន់ប្រៃ ដោយប្រើរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ អាចយកញុំាបានយ៉ាងឆ្ងាញ់។
ខាងក្រោមនេះ គឺជា ៨ ជំហាន នៃការធ្វើពងមាន់ប្រៃរយៈពេល ២៤ ម៉ោង ៖
១. ជាដំបូង លោកអ្នកយកពងមាន់មកលាងសម្អាតសម្បក រួចបំបែកសម្បកខាងលើដោយប្រុងប្រយ័ត្នកុំឱ្យបែកទាំងស្រុង និង ទុកសម្បកធំខាងក្រោម ដើម្បីចាក់ស៊ុតចេញ។
២. បន្ទាប់មក យកកន្ត្រៃមកតម្រឹមត្រង់គែមសម្បកពងមាន់បំបែករួច ឱ្យស្មើគ្នា។
៣. ក្រោយមកញែកពងមាន់ជា ២ ដោយចាក់ពងសចេញ ទុកតែពងក្រហម។ យកល្អការញែកនេះ លោកអ្នកគួរប្រើស្លាបព្រា ប្រសើរជាងប្រើដៃ ដើម្បីកុំឱ្យបែកពងក្រហម។
៤. យកពងមាន់ ដែលយើងបានញែករួច ដោយយកពងក្រហមដាក់ចូលសម្បក រួចតម្រៀបដាក់ចូលប្រអប់ដាក់ស៊ុត ដើម្បីងាយស្រួលក្នុងការបិទ មុននឹងដាក់ចូលទូទឹកកក។
៥. យកអំបិល ១/៣ ស្លាបព្រាកាហ្វេ ដាក់ចូលស៊ុត។
៦. រួចបន្ថែមទឹកខ្មេះ ១ ស្លាបព្រាបកាហ្វេ ដាក់ចូលស៊ុត។
៧. បន្ទាប់មក យកគម្របបិទប្រអប់ដាក់ស៊ុត និង ទុកក្នុងទូទឹកកកប្រហែល ២៤ ម៉ោង។
៨. ត្រឹម ២៤ ម៉ោង ពងមាន់ក្រហម និង ក្លាយទៅជាពងមាន់ប្រៃ។ បញ្ជាក់៖ មុននឹងយកទៅចម្អិន គួរយកពងក្រហមទៅលាងទឹកឱ្យបានច្រើនដង ដើម្បីកាន់តបន្ថយជាតិប្រៃ៕