គេបោះដៃមកថាមានភ្លើងឆេះផ្ទះ ខំត្រហេបត្រហបទៅជួយពន្លត់ តែទៅដល់ធ្លាក់ថ្លើមក្តុក ព្រោះឆេះចំផ្ទះខ្លួនឯង
កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ មានហេតុការណ៍មួយ បានធ្វើឱ្យផ្ទុះការអាណិតអាសូរជាខ្លាំង ដោយមានបុរសម្នាក់ត្រហេបត្រហបទៅជួយពន្លត់ភ្លើងគេ តែទៅដល់ធ្លាក់ថ្លើមក្តុក ព្រោះឆេះចំផ្ទះខ្លួនឯង។
ហេតុការណ៍មួយនេះ បានកើតឡើងនាខេត្តសាមុទ្រប្រាកាន ប្រទេសថៃ ដោយអាជ្ញាធរអ្នកជួយសង្រ្គោះក្នុងស្រុកបានប្រញាប់ប្រញាល់ទៅជួយពន្លត់អគ្គិភ័យមួយកន្លែង ដែលបានកំពុងត្របាក់ផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ។ អគ្គិភ័យនេះ បានលេបផ្ទះមួយខ្នងនេះស្ទើរទាំងស្រុង ព្រមទាំងបានធ្វើមនុស្សវ័យចំណាស់ពីអ្នកបានរងរបួសផងដែរ តែក៏ត្រូវបានគេជួយសង្គ្រោះ និង បញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។
យ៉ាងណាមិញ បុរសដែលជាម្ចាស់ផ្ទះនេះ តាមពិតទៅក៏ជាអ្នកជួយសង្រ្គោះម្នាក់នៅក្នុងស្រុកនេះផងដែរ តែកំពុងតែបំពេញតួនាទីនៅកន្លែងមួយទៀត។ បុរសរូបនេះ បានទទួលព័ត៌មានតាមវិទ្យុអេកូមថា មានអគ្គិភ័យកំពុងឆាបឆេះនៅម្តុំផ្ទះរបស់ខ្លួន ទើបបានប្រញាប់រត់មកជួយមើល ស្រាប់តែមកដល់ក៏តក់ស្លុតធ្វើអ្វីសឹងមិនត្រូវឡើយ ព្រោះតាមពិតទៅជាផ្ទះរបស់ខ្លួនសោះ ហើយកំពុងតែឆាបឆេះខ្លាំងទៀតផង។
យ៉ាងណាមិញ ខាងអាជ្ញាធរផ្សេងៗទៀត ក៏បានខ្វែងដៃខ្វែងជើងហៅឡានទឹក បន្ថែមកម្លាំងអ្នកពន្លត់ ដើម្បីជួយបង្រ្កាបអគ្គិភ័យខាងលើផងដែរ ដែលប្រើពេលរហូតដល់ជិតមួយម៉ោងឯណោះ ទើបពន្លត់បានសម្រេច។ ដោយឡែក មហាជនក៏បានចូលរួមសោកស្តាយដល់បុរសខាងលើនេះដូចគ្នា គិតៗទៅឧប្បទ្ទវហេតុពិតជាមើលមិនឃើញឡើយ៕