សង្សារចាស់ហៅស៊ីការ បែកគំនិតស្លៀកឈុតនិនចារអណ្ដើកចូលរួម ផ្អើលគេឯងពេញរោង
រឿងរ៉ាវជីវិតស្នេហាដ៏ស្រស់បំព្រង គឺមិនចាំបាច់ទាល់តែមាន happy ending នោះទេ ព្រោះថាពេលខ្លះត្រឹមតែយើងផ្ដល់ឱ្យមនុស្សយើងធ្លាប់ស្រឡាញ់នៅការគោរព និង ជូនពរឱ្យគេមានក្ដីសុខសុភមង្គលគឺគ្រប់គ្រាន់ហើយ។
ជាក់ស្ដែងដូចជាករណីរបស់បុរសម្នាក់នេះ ដែលរូបលោកត្រូវបានអតីតមិត្តស្រីអញ្ជើញហៅការ កំពុងធ្វើឱ្យមហាជនតាមបណ្ដាញសង្គមជាច្រើនរំភើបជំនួស រួមទាំងសរសើរដល់រូបគេផងដែរ។
លោក Ahmad Darroby អាយុ ២៨ ឆ្នាំ បានសម្រេចចិត្តចូលរួមពិធីមង្គលការអតីតសង្សាររបស់លោក ដោយវិធីដ៏ប្លែក និង ទាក់ទាញបំផុតមួយ ដើម្បីធ្វើការជូនពរនាងឱ្យរស់នៅពោរពេញដោយសុភមង្គល។ តាមសារព័ត៌មានបានឱ្យដឹងថា លោក Ahmad និង សង្សារចាស់ បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ តែយ៉ាងណាចំណងស្នេហ៍របស់ពួកគេ ត្រូវបានបញ្ចប់ទៅវិញកាលពីឆ្នាំ ២០២២ កន្លងទៅ ក្រោយផ្អែមល្ហែមនឹងគ្នាបាន ៨ ឆ្នាំ។
ដោយឡែក នៅដើមឆ្នាំនេះ អតីតមិត្តស្រីរបស់លោក ក៏បានបំភ្លេចស្នេហ៍ចាស់ចោល ដោយសម្រេចចិត្តបង្កើតអនាគតថ្មី ដោយនាងបានរៀបការនឹងបុរសម្នាក់ផ្សេងទៀត ហើយរូបនាងក៏បានយកសំបុត្រអញ្ជើញហៅលោកផងដែរ។ ជាជាងទៅចូលរួមស្លៀកពាក់ដូចភ្ញៀវទូទៅធម្មតា Ahmad បានកើតគំនិតប្លែកពីគេ ដោយធ្វើការជួលឈុតនិនចារអណ្ដើក ពាក់ទៅចូលរួមពិធីមង្គលការសង្សារចាស់របស់លោក។
ចំពោះមូលហេតុនៃការតុបតែងខ្លួនប្លែកពីគេបែបនេះ Ahmad បាននិយាយថា ដោយសារតែលោកគ្រោងនឹងចូលរួមនិយាយជូនពរសង្សារចាស់មួយភ្លែតប៉ុណ្ណោះ និង មិនចង់នៅចូលរួមយូរនោះឡើយ។ មួយវិញទៀត លោកមិនចង់ឱ្យអ្នកចូលរួមភ្ញាក់ផ្អើល នៅពេលដែលឃើញមុខលោកជាសង្សារចាស់ចូលរួមផង៕